(ភ្នំពេញ)៖ Ulysse ជាថ្នាលលក់សំបុត្រយន្តហោះរបស់បារាំង បានផ្សព្វផ្សាយថា ខេត្តសៀមរាប របស់ប្រទេសកម្ពុជា បានក្លាយជាទិសដៅទេសចរណ៍ដ៏ពេញនិយមជាងគេបំផុត។

នៅដើមឆ្នាំនេះ ការ Search រកគោលដៅទេសចរណ៍លេចធ្លោជាងគេ គឺកម្ពុជា មានកំណើនរហូតដល់ ៧០៦%។

ថ្នាល់លក់សំបុត្រយន្តហោះដ៏ល្បីរបស់បារាំងនេះ បានផ្សព្វផ្សាយថា ឆ្ងាយពីភាពអ៊ូអរនៃទីក្រុងធំៗ ទីក្រុងអាថ៌កំបាំង [សៀមរាប] នេះទាក់ទាញភ្ញៀវទេសចរ ជាមួយនឹងបេតិកភណ្ឌប្រវត្តិសាស្ត្រ ប្រាសាទដ៏អស្ចារ្យ និងវប្បធម៌ដ៏គួរឱ្យចាប់អារម្មណ៍។ ប៉ុន្តែ​អ្វី​ទៅ​ជា​នៅ​ពី​ក្រោយ​ប្រជាប្រិយភាព​នេះ? ស្វែងយល់ជាមួយពួកយើងដើម្បីដឹងពីមូលហេតុដែល ធ្វើឱ្យខេត្តសៀមរាបក្លាយជាកន្លែងទាក់ទាញសម្រាប់ភ្ញៀវទេសចរ។

សៀមរាប៖ ទីក្រុង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាមួយ​នឹង​បេតិកភណ្ឌ​ដ៏​ល្អឯក

សៀមរាបជាទីក្រុងមួយលាយឡំជាមួយប្រពៃណី និងភាពទំនើបបញ្ចូលគ្នា ដែលអាចឱ្យភ្ញៀវទេសចរស្វែងយល់ពីវប្បធម៌ខ្មែរ និងអាចរីករាយនឹងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដែលកាន់តែទំនើប។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គោល​ដៅ​នេះ​ពេញ​និយម ​គឺ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​ដ៏​ល្អឯង គឺប្រាសាទអង្គរវត្ត។

អង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO គឺជាកន្លែងទេសចរណ៍ដ៏សំខាន់បំផុតក្នុងខេត្តសៀមរាប។ ជាមួយនឹងបូជនីយដ្ឋានដូចជា អង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម តំបន់នេះពោរពេញដោយប្រាសាទដ៏អស្ចារ្យដែលទាក់ទាញ អ្នកទស្សនានៅក្នុងសម័យមួយផ្សេងទៀត ព្រមទាំងជាសក្ខីភាពនៃអាណាចក្រដ៏ធំបំផុតមួយ ក្នុងប្រវត្តិសាស្ត្រអាស៊ី គឺអាណាចក្រខ្មែរ។

តើ​អ្វី​ទៅ​ជា​មូលហេតុ​នាំ​ឱ្យ​សៀមរាប​ជោគជ័យ?

ការស្វែងរកតាមអ៊ីនធឺណិតបានផ្ទុះឡើងយ៉ាងខ្លាំង ជាមួយនឹងការកើនឡើង ៧០៦ភាគរយ។ ភ្ញៀវទេសចរជាច្រើនឥឡូវនេះស្វែងរកទិសដៅនេះសម្រាប់សកម្មភាពប្លែកៗ និងបរិយាកាសដ៏ល្អឯករបស់ខេត្តសៀមរាប។

សៀមរាបអាចទាក់ទាញទេសចរវ័យក្មេង និងចម្រុះកាន់តែច្រើនដែលចង់ស្វែងយល់ពីវប្បធម៌ខ្មែរ ជាពិសេសគឺចង់ភ្លក់ម្ហូបខ្មែរ។ សៀមរាប​ក៏​បាន​ក្លាយ​ជា​កន្លែងសម្រាកវិស្សមកាលដ៏មានផាសុភាពផងដែរ។ កន្លែងស្ប៉ា ប្រណិតៗ និងសណ្ឋាគារដែលមិនប៉ះពាល់ដល់បរិស្ថានបានផុសឡើង ដែលផ្តល់ឱ្យភ្ញៀវទេសចរនូវកន្លែងស្ងប់ស្ងាត់ បន្ទាប់ពីការដើរទស្សនាប្រាង្គប្រាសាទ។ ការកើនឡើងនៃសណ្ឋាគារ និងរមណីយដ្ឋាន ដែលមានទេសភាពដ៏ស្រស់ត្រកាល នៃវាលស្រែជុំវិញនោះកាន់តែផ្ដល់សោភណ្ឌភាពមួយកម្រិតទៀត។

ភាពងាយស្រួល៖ ជាកត្តាសំខាន់ជំរុញប្រជាប្រិយភាព

ភាពងាយស្រួលក្នុងការចូលទៅកាន់ខេត្តសៀមរាប បានដើរតួយ៉ាងសំខាន់ ក្នុងការជំរុញប្រជាប្រិយភាពរបស់ខេត្តសៀមរាប។ តួយ៉ាង អាកាសយានដ្ឋានអន្តរជាតិសៀមរាប ឥឡូវនេះស្វាគមន៍ការហោះហើរត្រង់ ពីគោលដៅអន្តរជាតិជាច្រើន រួមមានទីក្រុងបាងកក ហាណូយ និងទីក្រុងហូជីមិញ។ អ្នកធ្វើដំណើរមកពីអឺរ៉ុប អាចធ្វើដំណើរទៅចូលទៅកាន់ខេត្តសៀមរាប បានយ៉ាងងាយស្រួលតាមរយៈ ដោយមានជើងហោះហើរ ទៀងទាត់ពី Paris, Lyon ឬ Strasbourg ដែលតភ្ជាប់ទីក្រុងធំៗនៅអឺរ៉ុបទៅអាស៊ីអាគ្នេយ៍។

ជម្រើសនៃសេវាធ្វើដំណើរ ឬដឹកជញ្ជូនក្នុងខេត្តសៀមរាប មានច្រើនប្រភេទ៖ ដូចជាតាក់ស៊ី និងម៉ូតូកង់បីជាដើម។ ថ្លៃសំបុត្រយន្តហោះមានតម្លៃសមរម្យ ហើយការចាយវាយស្នាក់នៅក្នុងខេត្តសៀមរាប ចំណាយទាបជាងគោលដៅធៀបទៅនឹងគោលដៅទេសចរណ៍សំខាន់ៗផ្សេងទៀត ក្នុងតំបន់អាស៊ី។ ការស្នាក់នៅមួយយប់នៅសណ្ឋាគារលំដាប់ផ្កាយ ៣អាចមានតម្លៃចន្លោះពី ២០ ដុល្លារទៅ ៤០ ដុល្លារ ហើយភោជនីយដ្ឋានក្នុងស្រុកផ្តល់ជូនអាហារចាប់ពី ៥ដុល្លារឡើងទៅ។

ហេតុអ្វីបានជាភ្ញៀវទេសចរងាកទៅលេងខេត្តសៀមរាម?

ក្រៅ​ពី​ប្រាសាទ​ដែល​មាន​កេរ្តិ៍​ឈ្មោះ និង​បរិយាកាស​បែប​ប្រវត្តិសាស្ត្រ​ ក្នុងយុគសម័យទំនើប សៀមរាប គឺ​ជា​មជ្ឈមណ្ឌល​ច្នៃប្រឌិត​មួយ ​សម្រាប់​អ្នកទេសចរ ដែល​កំពុង​ស្វែង​រក​កន្លែង​ប្លែកៗ។ សៀមរាបគឺជាមជ្ឈមណ្ឌល សម្រាប់សិល្បៈ តន្ត្រី និងវប្បធម៌ខ្មែរសហសម័យ ដែលទាក់ទាញអ្នករចនាករ សិល្បករ និងសហគ្រិនក្នុងស្រុក។ ការកើនឡើងនៃព្រឹត្តិការណ៍វប្បធម៌ និងមហោស្រពតន្ត្រី ក៏ដូចជាសិក្ខាសាលាសិប្បកម្មក្នុងស្រុក អនុញ្ញាតឱ្យទេសចរចូលរួមយ៉ាងស៊ីជម្រៅក្នុងជីវភាពនៅកម្ពុជា៕

ប្រភព៖ https://ulysse.com/news/destination-numero-1-2025-explose-recherches