(សៀមរាប)៖ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានជំរុញរដ្ឋបាលក្រុងស្រុក ត្រូវត្រៀមលក្ខណៈការពារគ្រោះធម្មជាតិ នៅក្នុងរដូវវស្សា ព្រមទាំងត្រូវបង្កើនការអនុវត្តការងារភូមិ ឃុំ មានសុវត្ថិភាពផងដែរ។
ការជំរុញយ៉ាងដូច្នេះរបស់លោក សំកុល សុចិត្រា នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក តោ គឹមស៊ាន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី ព្រមទាំងមន្ទីរ អង្គភាព ជុំវិញខេត្តជាច្រើនចូលរួមផងដែរ។
លោកបន្តថា កត្តាសំខាន់ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បំបាត់ឲ្យបានក្រុមក្មេងទំនើង ករណីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងបង្រ្កាបឲ្យខាងតែបានចំពោះ បទល្មើសព្រៃឈើ និងជលផល និងគ្រប់គ្រងឲ្យបាននូវព្រៃលិចទឹកបឹងទន្លេសាប (តំបន់៣) ហើយចំពោះបុគ្គលណានៅតែបំពានរានដីព្រៃលិចទឹកតំបន់បី ត្រូវធ្វើការផ្តន្ទាទោសទៅតាមច្បាប់។
លោក សំកុល សុចិត្រា បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្ត និងអនុវត្តបានប្រចាំខែមេសា ព្រមទាំងបានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ត្រូវអនុវត្តទៅតាមទិសដៅនៃអង្គសន្និបាតរបស់រដ្ឋបាលខេត្ត បានដាក់ចេញក្នុងឆ្នាំ២០២៥ ឲ្យសម្រេចបានជោគជ័យផងដែរ។
លោក តោ គឹមស៊ាន បានណែនាំមួយចំនួនដល់រដ្ឋបាលសាលាខេត្ត ត្រូវបង្កើតគណៈកម្មការត្រួតពិនិត្យ នូវរាល់កិច្ចការងារ និងសកម្មភាពរបស់គណៈអភិបាលខេត្ត ដែលអនុវត្តបាន ព្រមទាំងសូមឲ្យមន្តី្រធ្វើរបាយការណ៍ ធ្វើការត្រួតពិនិត្យឡើងវិញ នូវរាល់ខ្លឹមសារ អក្ខាវិរុទ្ធ និងតួលេខ នៅក្នុងរបាយការណ៍ មុននឹងដាក់ឆ្លងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត។
លោក តោ គឹមស៊ាន ក៏បានជំរុញអាជ្ញាធរ ក្រុង ស្រុក និងសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តឹងលើការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការរៀបចំសណ្តាប់ធ្នាប់នៅតាមទីប្រជុំជនក្នុងក្រុង ស្រុក សំខាន់លើការងារចរាចរណ៍នៅតាមទីផ្សារ សាលារៀន និងមន្ទីរពេទ្យជាដើម៕