(ភ្នំពេញ)៖ តាមការគ្រោងទុកកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមធ្វើសមយុទ្ធដែលមានឈ្មោះថា «នាគមាសឆ្នាំ២០២៥» នៅទីតាំងពីរផ្សេងគ្នា នៅលើទឹកដីរបស់កម្ពុជា។ នេះជាសមយុទ្ធទ្រង់ទ្រាយធំលើកទី៧ហើយ រវាងកងទ័ពកម្ពុជា-ចិន ចាប់តាំងពីសមយុទ្ធនេះបង្កើតឡើងលើកដំបូងកាលពីឆ្នាំ២០១៦ ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកំពុងកសាងសហគមន៍រួមវាសនាតែមួយ។
សម្រាប់ទីតាំងធ្វើសមយុទ្ធរួមមានទី១៖ សមយុទ្ធលើគោក និងអាកាសធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២៖ សមយុទ្ធសមុទ្រ និងអាកាស នៅលើផ្ទៃសមុទ្រ និងដែនអាកាស កម្ពុជាក្នុងតំបន់ខេត្តព្រះសីហនុ។ សមយុទ្ធនាគមាស ឆ្នាំ២០២៥នេះនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា សមយុទ្ធមិត្តភាពកម្ពុជា-ចិន «នាគមាស ២០២៥» ធ្វើឡើងលើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ក្នុងគោលបំណងអភិវឌ្ឍន៍ឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ ការពង្រឹងទស្សនៈ សន្តិសុខដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្តែងរវាងកងទ័ពប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។
ចំពោះកម្លាំងទ័ពចូលរួមភាគីកម្ពុជា មានចំនួន ១,៣៣១នាក់ និងភាគីចិនចំនួន ៨៤៥នាក់។ ដោយឡែកសព្វាវុធ គ្រឿងបំពាក់ចូលរួមសមយុទ្ធភាគីកម្ពុជា ប្រើប្រាស់កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្តសង្គ្រោះ នាវា ឧទ្ធម្ភាគចក្រ និងអាវុធមួយចំនួនទៀត។
ភាគីចិនប្រើប្រាស់កាំភ្លើងធំ ប្រតិកម្មលើរថយន្ត កាំភ្លើងត្បាល់ យន្តយុទ្ធកង់កៅស៊ូ រថពាសដែកកង់ច្រវ៉ាក់ រថយន្តដឹកនាំបញ្ជា C5 គ្រឿង យន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក ដ្រូនស៊ើបការណ៍ ដ្រូនវាយលុក អាវុធធុនស្រាល រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារបំផ្ទុះ និងគ្រាប់រំសេវមួយចំនួនទៀត។
សូមបញ្ជាក់ថា កម្ពុជា-ចិន បានបង្កើតទំនាក់ទំនងរយៈពេល៦៦ឆ្នាំមកហើយ ភាគីទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងជាបន្តបន្ទាប់រហូតក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកំពុងរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយ ចិន-កម្ពុជាផងដែរ៕
សូមស្តាប់ប្រសាសន៍របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដូចខាងក្រោម៖