(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ» ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង២។

ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា លោក ស៊ា កុសល រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា សិក្ខាសាលានាពេលនេះ ផ្តោតទៅលើស្ថានភាពមុខងារ និងរចនាសម្ព័ន្ធក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាផ្នែកដល់សំខាន់ និងចាំបាច់ ក្នុងការរួមចំណែកដល់ការអនុវត្តវិធានការគន្លឹះទី២ នៃការកែទម្រង់រដ្ឋបាលសាធារណៈនេះ ឲ្យកាន់តែស៊ីជម្រៅ ហើយឆ្លើយតប ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ដើម្បីសម្រេចបានទិសដៅ ក្រសួងបានដំណើរការ ចាប់ផ្តើមតាំងពីឆ្នាំកន្លងទៅ ពិសេសលើការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់អង្គភាពក្រោមឱវាទទាំងនៅទីស្តីការក្រសួង ក៏ដូចជានៅតាមស្ថានតំណាងនានានៅបរទេស។

លោកបានបន្ថែមថា ផ្អែកលើលទ្ធផលនៃការវិភាគនេះ ក្រសួងបានកំណត់មុខងារស្នូល និងមុខងាររងមួយចំនួន ដើម្បីពង្រឹងមូលដ្ឋានភាពចំបាច់នៃការងារ និងតម្រូវការជាក់ស្តែងរបស់ក្រសួង។ តាមរយៈដំណើរការកំណែទម្រង់នេះ ក្រសួងក៏បានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវរាល់សារាចរ និងសេចក្តីណែនាំ របស់រាជរដ្ឋាភិបាល ស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។

សូមជម្រាបថា សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ ១៖ ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង២៖ ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕