(ឥណ្ដូនេស៊ី)៖ ថ្លែងចេញពីប្រទេសឥណ្ដូនេស៊ី, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហើបអំពីអាថ៌កំបាំងថតវីដេអូរយៈពេល៤៨ម៉ោង ដើម្បីនិយាយអំពីរឿងរ៉ាវប្រវត្តិសាស្ត្រកម្ពុជា ហើយរឿងនេះ បានបោះពុម្ពជាសៀវភៅហើយ ដោយនឹងដាក់ឱ្យផ្សព្វផ្សាយនៅរយៈពេល១០ឆ្នាំទៀត។
ការបង្ហើបឲ្យដឹងបែបនេះ ក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងបាឋកថា ក្នុងសិក្ខាសាលា ស្តីពី «ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» រៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥នេះ នៅប្រទេសឥណ្ឌូនេស៊ី។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនៅមានអាថ៌កំបាំងនៅសល់ ដែលបញ្ចេញមិនអស់ ខ្ញុំបាននិយាយដាក់ក្នុងវីដេអូ៤៨ម៉ោង ប៉ុន្ដែត្រូវផ្សព្វផ្សាយ១០ឆ្នាំក្រោយ [...] បានបោះចេញជាសៀវភៅ ហើយមានទាំងវីដេអូទៀត»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចនៅមានអាថ៌កំបាំងថែមទៀត ព្រោះមិនមែនគ្រាន់តែបញ្ហា ទាក់ទិនរឿងចរចាសន្ដិភាពតែប៉ុណ្ណោះទេ នៅមានកំណែទម្រង់ដីធ្លី បញ្ហាផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា និងរឿងផ្សេងៗជាច្រើនទៀត។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វីដេអូរយៈពេល៤៨ម៉ោងនោះ ត្រូវបានចែកចាយដល់ដៃរបស់កូនៗ សម្ដេចអស់ហើយ និងអ្នកទុកចិត្ដមួយចំនួន៕