(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា អ៊ុនតាក់ត្រូវដឹងគុណសម្ដេចព្រះនរោត្តម សីហនុ ព្រោះអ៊ុនតាក់មិនអាចរកសន្តិភាពឲ្យកម្ពុជាបានទាំងស្រុងឡើយ ហើយបើគ្មានទ្រង់ទេ អ៊ុនតាក់នឹងជាប់ផុងនៅកម្ពុជា។

សម្តេចតេជោ បានថ្លែងដែរថា អ្វីដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចង់បាន តែអ៊ុនតាក់សម្រេចមិនបាន គឺការបញ្ចប់សង្គ្រាមនៅកម្ពុជា។ សម្តេចតេជោ បានឲ្យដឹងថា បើគ្មានតួនាទីរបស់ សម្តេចព្រះនរោត្តម សីហនុ ក៏គ្មានការសម្របសម្រួលស្ថានការណ៍កម្ពុជា នៅពេលនោះបានដែរ។

សម្តេចតេជោ បានអះអាងថា គ្រាន់តែការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតរៀបចំដោយអ៊ុនតាក់ មានន័យថា អ៊ុនតាក់បរាជ័យបាត់ទៅហើយ។ ក៏ប៉ុន្តែ គណបក្សនយោបាយទាំងអស់ គោរពសម្តេច ព្រះនរោត្តម សីហនុ លើកលែងតែខ្មែរក្រហមប៉ុណ្ណោះ។

ការបោះឆ្នោតជាសាកលនៅកម្ពុជា ដែលរៀបចំឡើងដោយអ៊ុនតាក់ ត្រូវបានរៀបចំធ្វើឡើងប្រព្រឹត្តទៅនៅថ្ងៃ២៣ ទៅ២៨ ខែឧសភា ឆ្នាំ១៩៩៣ ដោយមានគណបក្សចូលរួមចំនួន២០។ បក្សដែលជាប់ឆ្នោត រួមមាន គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សប្រជាជនកម្ពុជា គណបក្សសម្តេច សឺន សាន និងគណបក្សម៉ូលីណាកា។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, ថ្ងៃដែលសភាធម្មនុញ្ញ ក្លាយជាសភាជាតិ និងបង្កើតរដ្ឋាភិបាល ប្រធានអ៊ុនតាក់ អនុប្រធានអ៊ុនតាក់ និងមេបញ្ជាការអ៊ុនតាក់ បានដកចេញទាំងយប់ពីកម្ពុជា ព្រោះក្លាចជាប់ផុង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «បើគ្មានសម្តេចព្រះនរោត្តម សីហនុ ទេ អ៊ុនតាក់ជាប់ផុងនៅកម្ពុជា។ ខ្ញុំសូមបញ្ជាក់ជាថ្មី អ្វីដែលកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសចង់បាន ដែលអ៊ុនតាក់សម្រេចបាន គឺអ៊ុនតាក់មិនអាចរកសន្តិភាពឲ្យកម្ពុជាបានទេ»

សម្តេចតេជោ បានបន្តថា អ៊ុនតាក់បានត្រឹមតែបង្កើតសន្តិភាពមួយផ្នែក តែសង្គ្រាមនៅតែមួយ ដោយមួយផ្នែកត្រួតត្រាដោយខ្មែរក្រហម និងម្ខាងទៀតត្រួតត្រាដោយរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការបង្កើតរដ្ឋធម្មនុញ្ញ នៅឆ្នាំ១៩៩៣ កម្ពុជាមិនទាន់មានសន្តិភាពទាំងស្រុងទេ។ ប៉ុន្តែ ចាប់ពីឆ្នាំ១៩៩៨មក គឺជាប្រវត្តិសាស្ត្រដែលកម្ពុជា មានសភាតែមួយ រដ្ឋធម្មនុញ្ញតែមួយ និងកម្លាំងប្រដាប់អាវុធតែមួយ៕