(កណ្តាល)៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្បស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី​បើក​ការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ។

របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាប្រព័ន្ធលូបង្ហូរ និងប្រព័ន្ធចម្រោះទឹកកខ្វក់ សម្រាប់គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ នឹងត្រូវរៀបចំឡើងជា​ប្រព័ន្ធ​ញែក​ដោយឡែករវាងទឹកភ្លៀង និងទឹកកខ្វក់ ដែលក្នុងនោះមាន​ការ​ងារសាងសង់ធំៗចំនួន២ រួមមាន៖

១៖ ការងារសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងនោះរួមមាន៖ ការ​សាង​សង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រុះ​តាម​បែប​ធម្មជាតិ (Waste Stabilization Pond) លើផ្ទៃដីទំហំ ៣០​ហិក​​តា ដែលមានសមត្ថភាពចម្រុះទឹកកខ្វក់ចំនួន ១២,០០០ម៉ែត្រ​គូប ក្នុងមួយថ្ងៃ, ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ៧កន្លែង និង​បណ្ដាញលូទឹកកខ្វក់គ្រប់ប្រភេទប្រវែងសរុប ១២៥គីឡូម៉ែត្រ, ព្រម​ទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធ ប្រព្រឹត្តកម្ម​ទឹកកខ្វក់ ដែលគ្របដណ្តប់តំបន់សេវាចំនួន ៦សង្កាត់ រួមមានសង្កាត់​កំពង់សំណាញ់ សង្កាត់ដើមមៀន សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់​ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ស្មើនឹងផ្ទៃដី ប្រមាណ ៩៧៤​ហិកតា ក្នុងក្រុងតាខ្មៅ។

២៖ ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ ក្នុងនោះរួមមាន៖ ការសាង​សង់​​បណ្តាញលូរំដោះ ទឹកភ្លៀងដោយដាក់លូប្រអប់ និងលូមូលតាម​បណ្ដោយ​​ផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូ​ម៉ែ​ត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកភ្លៀង ២កន្លែង ព្រម​ទាំងបណ្ដាញលូរំដោះទឹកភ្លៀងមួយចំនួនទៀតក្នុងក្រុងតាខ្មៅ។

គម្រោងនេះក៏មានរួមបញ្ចូលផងដែរ នូវការហ្វឹកហាត់ប្រតិបត្តិការ និង​ថែ​ទាំរយៈពេល១ឆ្នាំ សម្រាប់ការបង្កើន និងពង្រឹងសមត្ថភាព​មន្ត្រី​បុគ្គ​លិក​អង្គភាពទទួលខុសត្រូវលើការងារប្រតិបត្តិការ និងថែទាំ​ប្រព័ន្ធ​ប្រ​ព្រឹត្តកម្មទឹកកខ្វក់បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់។

គម្រោងនេះនឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសហ​អាជីវ​កម្ម KUMHO-TECHCROSS និងត្រួតពិនិត្យបច្ចេកទេសដោយ​ក្រុម​ហ៊ុនសហអាជីវកម្ម DOHWA-SEOYOUNG ដែលមាន​តម្លៃ​កិច្ច​សន្យាសរុបជាង ៩០លានដុល្លារអាម៉េរិក ក្រោមឥណទាន​សម្ប​ទាន​​​ពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធ​អា​ករ​ផ្សេងៗ និងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ ដោយ​គ្រោង​បញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧។

ក្រោយពីបញ្ចប់ការសាងសង់សមិទ្ធផលទាំងនេះ នឹងចូលរួម​ចំណែក​ក្នុង​ការលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់​ប្រជា​ពលរដ្ឋរស់នៅក្នុង៦សង្កាត់នៃក្រុងតាខ្មៅ និងការជួយកាត់បន្ថយនូ​វ​ជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។ ជាងនេះទៀត គម្រោងនេះក៏នឹងជួយ​ជំរុញការវិនិយោគ សកម្មភាពពាណិជ្ជកម្ម និងការអភិវឌ្ឍលំនៅឋាន នៅក្នុងតំបន់ជុំវិញនេះផងដែរ៕