(ភ្នំពេញ)៖ លោក Zhu Yujiang ប្រធានក្រុមប្រឹក្សាភិបាលក្រុម​ហ៊ុន Beijing Scitech Holdings Co., Ltd. ដែលជាក្រុមហ៊ុនធំ​មួយ​របស់ចិន បានបង្ហាញបំណងវិនិយោគលើការចម្រាញ់ប្រេងឆៅ​នៅ​កម្ពុជា។

បំណងនេះត្រូវលើកឡើងក្នុងពេលលោកប្រធានក្រុមប្រឹក្សាភិបាល អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានសម្ដែង​ការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ដែល​បាន​អនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម និង​ពិភាក្សាការងារនាឱកាសនេះ។

លោកប្រធាន បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស​លើ​គ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់​សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ​និងជាអតីត​នាយក​រដ្ឋមន្ត្រី​ ​និងសម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តី។​

លោកប្រធានក្រុមប្រឹក្សាភិបាល បានលើកឡើងថា កម្ពុជាតែងមានការ​ផ្លាស់ប្តូរជាវិជ្ជមានជានិច្ច​ រាល់ពេលរូបលោកមកកម្ពុជា​ម្តងៗ។ លោក​ប្រធានក្រុមប្រឹក្សាភិបាល ក៏បានបង្ហាញក្ដីសោមនស្សរីករាយ ដែល​បាន​​ឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា​ កាន់តែ​រឹង​មាំ និងរីកលូតលាស់​ខ្លាំងក្លា។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ក៏បាន​ជម្រាបជូនសម្ដេចមហាបវរធិបតី អំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុន​ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការចម្រាញ់ប្រេងឆៅ និង​ការផលិតនូវផលិតផលផ្សេងៗ ដែលជាការកែច្នៃចេញពីសំណល់​នៃការចម្រាញ់ប្រេងឆៅ។

លោកប្រធានបន្ថែមថា ការវិនិយោគនេះនឹងរួមចំណែកក្នុងការអភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច ក៏ដូចជាការជំរុញដល់ការបង្កើនផលិតភាព​នៃផលិត​កម្ម​របស់កម្ពុជាផងដែរ។

សម្តេចមហាបវរធិបតី បានស្វាគមន៍ចំពោះលោកប្រធាន​ក្រុមប្រឹក្សា​ភិបា​លក្រុមហ៊ុន និងសហការី ដែលបានអញ្ជើញមកបំពេញទស្ស​ន​កិច្ច​​នៅកម្ពុជា និងបានសម្ដែងក្ដីរីករាយចំពោះក្រុមហ៊ុន ដែលចាប់​អា​រម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ផងដែរថា កម្ពុជាតែងតែ​ស្វា​គមន៍​ចំពោះបណ្ដាក្រុមហ៊ុនវិនិយោគនានា​ ដែលចាប់អារម្មណ៍ក្នុង​ការ​ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ បន្ថែមពីលើនេះ សម្តេចមហា​បវរ​ធិបតី ក៏បានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និង​វិធាន​ការនានារបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់​បណ្ដា​ក្រុម​ហ៊ុន ដែលវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់។ ការវិនិយោគលេី​ខ្សែ​ច្រវាក់ផ្គត់ផ្គង់​ គឺជាទិសដៅដ៏សំខាន់របស់កម្ពុជា​ក្នុងការជំរុញ​ការ​ផលិត​នូវផលិតផលពាក់កណ្ដាលសម្រេច ក៏ដូចជាផលិត​ផល​សម្រេច ដើម្បីបម្រើទៅដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់​ការ​នាំចេញទៅតំបន់​ និងសកលលោក។

សម្ដេចមហាបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យ និងពិចារ​ណា​ក្នុងការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ព្រមទាំងបន្តផ្សារ​ភ្ជាប់ទំនាក់ទំនង និងសិក្សាលម្អិតជាមួយក្រសួងស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពក្នុងការវិនិយោគនៅកម្ពុជា៕