(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានចេញមកច្រានចោលព័ត៌មានប្រឌិតថា កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ។

ការចេញមកច្រានចោលរបស់ស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បន្ទាប់ពីមានគណនីហ្វេសបុកមួយ បានបង្ហោះសារនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះថា លោក រ៉ុង ឈុន ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន។

តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនបានធ្វើការឃាត់ ឬចាប់ខ្លួនលោក រ៉ុង ឈុន នោះទេ។

សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសសាលក្រមផ្ដន្ទាទោសឲ្យ លោក រ៉ុង ឈុន ជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពិន័យជាប្រាក់ ៤លានរៀល និងដកហូតសិទ្ធិ ធ្វើនយោបាយមួយជីវិត ក្នុងសំណុំរឿងបទមិនរាងចាល ពាក់ព័ន្ធបទញុះញង់រឿងព្រំដែន កម្ពុជា និងវៀតណាម។

លោក រ៉ុង ឈុន ក៏ត្រូវបានសាលាឧទ្ធរណ៍ចេញដីកាកោះហៅឲ្យចូលសវនាការ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ស្តីពីសំណុំរឿង «ផ្តល់នីតិសម្បទារឡើងវិញ» ក្រោយពីលោកបានអនុវត្តទោសក្នុងពន្ធនាគារបានមួយភាគធំផងដែរ៕