(ឧត្តរមានជ័យ)៖ លោក ឈួន បូរី ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ សំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នាយនគរបាល និងពលនគរបាល ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ សមរភូមិមុខទិសប្រាសាទតាមាន់និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។

កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក នង ដារុន សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក សាក់ ស៊ុនណាក់ ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ ស្រុកភ្នំស្រុក តំណាងលោក ចៅ ជាអាន ប្រធានចលនាយុវជនសាខាខេត្តបន្ទាយមានជ័យ ព្រមទាំងប្រជាពលរដ្ឋជាច្រើនកុះករ។

នាឱកាសនេះដែរ លោក ឈួន បូរី បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធរបស់យើង ជាពិសេសកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ជាមួយគ្នានេះ លោក ឈួន បូរី បានសម្តែងនូវការកោតសរសើរ និងដឹងគុណដល់កងទ័ពនាយទាហាន ពលទាហានទាំងអស់ ដែលបានលះបង់កម្លាំងកាយ-ចិត្តហ៊ានពលីអាយុជីវិត ចូលរួមក្នុងសមរភូមិ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងនាំមកនូវសុខសន្តិភាព ស្ថិរភាព ដែលជាការចាំបាច់ដល់ការសម្រេចបាននូវសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ។ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងារគ្រប់គ្រងព្រំដែន និងបានយកចិត្តទុកដាក់ចំពោះកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងខ្លាំង។

បន្ទាប់ពីបានសំណេះសំណាលជាមួយឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការទទួលទិសសមរភូមិប្រាសាទតាមាន់រួចមក លោកក៏បានអញ្ជើញចុះមើលនូវសមិទ្ធផលនានា ជាពិសេសអាងស្តុបទឹកមួយកន្លែងដែលបានសាងសង់រួចរាល់ សម្រាប់ឲ្យកងកម្លាំង និងប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់។

នៅក្នុងកម្មវិធីនោះលោក ឈួន បូរី ព្រមទាំងក្រុមការងារ និងប្រជាពលរដ្ឋអមដំណើរអមដំណើរ បានរៀបចំពិធីបួងសួង សូមជួយបីបាច់ថែរក្សាដល់កងទ័ព កងនគរបាលជាតិ ឱ្យជួបតែសេចក្តីសុខសេចក្តីចម្រើន និងទទួលបានជ័យជំនះគ្រប់ភារកិច្ចនឹងបាននាំយកអំណោយគ្រឿងឧបភោភបរិភោគជូនដល់កងកម្លាំងដែលកំពុងឈរជើងនៅសមរភូមិទិសប្រាសាទតាមមាន់ និងប្រាសាទតាក្របី រួមមាន៖ មី ១០កេស, អង្ករ១០បេ, ទឹកសុទ្ធ ៣៥០យួរ, ម្ហូបអាហារសម្រាប់មនុស្ស ៣៥០នាក់, នំបុ័ង២០០ដើម និងផ្លែស្វាយ ១០០គីឡូ ព្រមទាំងថវិកាមួយចំនួនផងដែរ៕