(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងឲ្យដឹងថា សេដ្ឋកិច្ចអាស៊ាន នឹងឡើងដល់លេខ៤ នៅឆ្នាំ២០៣០ ហើយសេដ្ឋកិច្ចអាស៊ានមិនបានដើរថយក្រោយ ដោយសារតែមានសមាជិកថ្មីនោះទេ។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ថ្លែងបាឋកថាស្តីពីបញ្ហាអាស៊ាន នៅអគ្គលេខាធិការដ្ឋាន អាស៊ាន ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា «ខ្ញុំចង់គូសបញ្ជាក់ពីការយល់ខុសមួយចំនួនថា កម្ពុជា ឬប្រទេសចូលថ្មី ដែលមានសេដ្ឋកិច្ចតូច និងអូសជើងអាស៊ានឲ្យដើរយឺត តាមពិតប្រទេសចូលថ្មីមិនបានអូសដំណើរពឹងពាក់ ឬដណ្ដើមផលប្រយោជន៍ពីប្រទេសចូលមុននោះទេ។ ខ្ញុំសូមបង្ហាញតួលេខជាក់ស្ដែង នៅពេលដែលអាស៊ានបង្កើតឡើងនៅឆ្នាំ១៩៦៧ អាស៊ានមានទំហំសេដ្ឋកិច្ចត្រឹមតែ២៤ប៊ីលានដុល្លារប៉ុណ្ណោះ ប៉ុន្ដែនៅក្នុងឆ្នាំ២០២៤ ផលិតផលសរុបរបស់អាស៊ានចំនួន១០ប្រទេស មានរហូតទៅដល់៣.៨ទ្រីលានដុល្លារ ដែលមានសេដ្ឋកិច្ចធំបំផុតទី៥លើពិភពលោក ហើយអាចនឹងហក់ឡើងទៅលេខ៤ក្នុងឆ្នាំ២០៣០»។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ចំពោះទំហំពាណិជ្ជកម្ម ទំនិញបានកើនដល់៣.៥ទ្រីលានដុល្លារ ជិតស្មើនឹងទំហំផលិតផលសរុប ក្នុងនោះ២១.៥ភាគរយជាពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន ទំហំវិនិយោគសរុបមានទៅដល់២២៩,៨ប៊ីលានដុល្លារ ក្នុងនោះ៩.៥ភាគរយ គឺជាទុនវិនិយោគផ្ទៃក្នុងអាស៊ាន។
សម្ដេចតេជោបានថ្លែងបន្ថែមថា តួលេខនេះបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ានពុំបានដើរថយក្រោយ ដោយសារមានសមាជិកថ្មីនោះទេ ផ្ទុយទៅវិញទាំងពាណិជ្ជកម្ម និងវិនិយោគគឺមានការកើនឡើងជាលំដាប់ ហើយអាស៊ានក៏បង្កើនពាណិជ្ជកម្ម និងវិនិយោគផ្ទៃក្នុងកាន់តែច្រើនឡើង។
សម្ដេចតេជោបានថ្លែងបន្ដថា ប្រទេសនីមួយៗសុទ្ធតែមានភាពម្ចាស់ការលើសេដ្ឋកិច្ចរៀងៗខ្លួន មានន័យថា នំសេដ្ឋកិច្ចអាស៊ានមិនបានបាត់បង់ ដោយសារការដណ្ដើមពីសមាជិកថ្មីណាមួយនោះទេ គឺទំហំនៃនំសេដ្ឋកិច្ចអាស៊ាន គឺកាន់តែធំឡើងហើយគ្រប់សមាជិកទាំងអស់សុទ្ធតែអាចទាក់ទាញ ពីកំណើនទំហំសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៕