(ឥណ្ឌូនេស៊ី)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ បានថ្លែងជំរុញឱ្យមេដឹកនាំអាស៊ានជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបង្កើតភាពសុខដុមក្នុងតំបន់។
នៅអគ្គលេខាធិការដ្ឋានអាស៊ាន, សម្ដេចប្រធានព្រឹទ្ធសភា បានថ្លែងពីការពង្រឹងទំនាក់ទំនងជាមួយ បណ្ដាមេដឹកនាំនានាក្នុងតំបន់អាស៊ាន ដើម្បីអាចគ្រប់គ្រងស្ថានការណ៍ ការជម្នះរាល់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអាស៊ាន និងអាចបង្ការកុំឱ្យមានសង្គ្រាមដោយតួអង្គតំណាងរបស់ប្រទេសមហាអំណាចនៅក្នុងតំបន់អាស៊ានបាន។
ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ការពង្រឹងសមត្ថភាពរបស់អាស៊ាន ក៏ពឹងផ្អែកលើការសម្របសម្រួល និងពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងបណ្ដាមេដឹកនាំសមាជិកអាស៊ានដែរ។ អាស៊ានមិនអាចក្លាយជាប៉ូលមួយនៃពិភពលោកបានទេ បើសិនមេដឹកនាំអាស៊ានមិនមានភាពជិតស្និទ្ធ និងយល់ពីគ្នាទៅវិញទៅមក មិនមានស្មារតីជាសហគមន៍ ជាគ្រួសារអាស៊ាន និងមិនមានទំនាក់ទំនងមិនលើសពីកម្រិតការងារផ្លូវការ..»។
បន្ថែមពីនេះ សម្ដេចតេជោ បានថ្លែងបន្តថា «ពេលខ្លះយើងមានការងារច្រើនពេក យើងយកចិត្តទុកដាក់បារម្ភទៅលើរបៀបវារៈប្រទេសមហាអំណាចខ្លាំងពេក យើងភ្លេចគិតពីប្រទេសជិតខាង ភ្លេចគិតបារម្ភពីសមាជិកគ្រួសារនៅក្នុងតំបន់អាស៊ានរបស់យើង។ ខ្ញុំពិតជាចង់លើកទឹកចិត្តឱ្យថ្នាក់ដឹកនាំអាស៊ានជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបង្កើតភាពសុខដុមក្នុងតំបន់»។
សម្ដេចប្រធានព្រឹទ្ធសភា បានលើកឡើងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសម្ដេចជាមួយមេដឹកនាំក្នុងតំបន់អាស៊ាន ដែលសម្ដេចបានលើកទឹកចិត្តដល់យុវជនជាមេដឹកនាំជំនាន់ថ្មី ចាប់ផ្ដើមផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នាចាប់ពីពេលនេះតទៅ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិក្នុងតំបន់អាស៊ានកាន់តែប្រសើរឡើងទ្វេដង៕