(ភ្នំពេញ)៖ នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហា​បវរ​​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ​លោក​ស្រី វៀងថុន ស៊ីផាន់ដន (Viengthong Siphandone) ប្រធាន​តុលា​​ការ​ប្រជាជនកំពូលរបស់ឡាវ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ លោកស្រី វៀងថុន ស៊ីផាន់ដន បានថ្លែងអំណរ​គុណ​យ៉ាង​ជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបាន​អនុ​ញ្ញាត​ឱ្យលោកស្រី និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម​​ និង​ពិភាក្សាការងារ។

លោកស្រីបានជម្រាបសម្តេចមហាបវរធិបតីថា គោលបំណងសំខាន់​នៃដំណើរទស្សនកិច្ចរបស់លោកស្រី និងគណៈប្រតិភូមកកម្ពុជា​នាពេល​នេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង​តុលា​ការ​​កំពូលឡាវ-កម្ពុជា ដែលនឹងចូលរួមចំណែកដល់ការលើកកម្ពស់​ទំនាក់​ទំនង និងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែ​រឹងមាំ​ថែមទៀត។

លោកស្រីក៏បានជម្រាបសម្ដេចមហាបវរធិបតីបន្ថែមថា តាមរយៈការ​ចុះ​ហត្ថលេខាលើអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការក្នុង​វិស័យ​តុលាការនាថ្ងៃស្អែក, ស្ថាប័នតុលាការកំពូលទាំងពីរនឹងចែករំលែក​បទ​ពិសោធន៍ និងព័ត៌មានរវាងគ្នា និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទ​ល្មើស​​ឆ្លងដែន រួមទាំងការជួញដូរមនុស្ស,​ ការជួញដូរគ្រឿងញៀន​ខុស​ច្បាប់​,​​ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (online scams) ក៏ដូច​ជាការបន្តសហការគ្នានៅក្នុងវេទិកាអន្តរជាតិ។

សម្ដេចមហាបវរធិបតី បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អ​នៃប្រទេសទាំងពីរ​ និងដែលបានឈានដល់កម្រិត «ភាពជាដៃគូយុទ្ធ​សាស្ត្រ​គ្រប់ជ្រុងជ្រោយ និងយូរអង្វែង» កាលពីឆ្នាំ២០១៩។

សម្ដេចមហាបវរធិបតីបានគូសបញ្ជាក់ថា ចំណងមិត្តភាពល្អប្រសើរ​រវាង​ប្រទេសទាំងពីរ គឺជាមរតកដែលបានបន្សល់ទុកពីថ្នាក់ដឹក​នាំ​ជំនាន់​មុនៗ ហើយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តពូនជ្រុំទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។

សម្ដេចមហាបវរធិបតីក៏បានគូសរំលេចពីវឌ្ឍនភាពដ៏ល្អនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ លើវិស័យជាច្រើន ជាពិសេស វិស័យការពារ​ជាតិ, សន្តិសុខ, ថាមពល និងពាណិជ្ជកម្ម ជាដេីម។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងតុលាការកំពូលនៃប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការល្អរវាងតុលាការកំពូលទាំងពីរ នឹងចូលរួមចំណែកដល់ការអនុវត្តច្បាប់ ដេីម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការជួញដូរមនុស្ស និងគ្រឿងញៀន​ខុសច្បាប់។

សម្ដេចមហាបវរធិបតី ក៏បានគាំទ្រ និងលើកទឹកចិត្តដល់ស្ថាប័ន​តុលា​ការ​នៃប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតនៅគ្រប់កម្រិត៕