(ភ្នំពេញ)៖ ទិដ្ឋភាពដ៏កម្រ និងគួរឱ្យកត់សម្គាល់មួយ ដែលឆ្លុះបញ្ចាំងនូវទំនាក់ទំនងដ៏ស្អិតល្មួតរវាង ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាមួយនឹងវិស័យសារព័ត៌មាន បានឆ្លុះបញ្ចាំងតាមរយៈពិធីជួបសំណេះសំណាលជួបជុំគ្នាលើកទី៧ រវាងសម្តេចនាយករដ្ឋមន្ត្រី នឹងអ្នកសារព័ត៌មានជាង៥,០០០នាក់ ទូទាំងប្រទេសនាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរចម្ងាយប្រមាណ១០០ម៉ែត្រ ត្រូវប្រើពេលវេលា១ម៉ោងនិង៧នាទី។ Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ កម្ពុជាបានឃើញទិដ្ឋភាពដ៏គួរឲ្យកត់សម្គាល់មួយនៅក្នុងភាពរុងរឿងក្នុងដំណើរនយោបាយទំនើបរបស់ខ្លួន នោះគឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅពេលធ្វើដំណើរកាត់ហ្វូងអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធចូលរួមនានាជាច្រើនពាន់នាក់ ទទួលបានការស្នើសុំថតរូប Selfie, ការឱបយ៉ាងកក់ក្តៅ និងពាក្យថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រគួរឱ្យរំភើបជាទីបំផុត។
ព្រឹត្តិការណ៍នៃការប្រើពេលវេលាដ៏វែងក្នុងប្រវែងចម្ងាយដ៏ខ្លីនោះ បានកើតឡើងក្នុងឱកាសពិធីសំណេះសំណាលជួបជុំគ្នាលើកទី៧ រវាងសម្តេចនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មានជាង៥,០០០ នាក់ ទូទាំងប្រទេសនាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល OCIC ក្នុងរាជធានីភ្នំពេញ។ ជំនួបថ្ងៃទី៣ ខែឧសភា មិនមែនត្រឹមតែជាជំនួបប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រី ជាមួយនឹងក្រុមសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពដ៏រស់រវើកមួយដែលបង្ហាញប្រាប់សាធារណជន និងពិភពលោកឱ្យកាន់តែឃើញច្បាស់នូវទំនាក់ទំនងស្អិតល្មួតរវាងរាជរដ្ឋាភិបាល និងក្រុមសារព័ត៌មាន ដែលកំពុងបំពេញតួនាទីជាអំណាចទីបួន ក្នុងសង្គមប្រជាធិបតេយ្យ។
ខណៈការធ្វើដំណើររបស់សម្តេចបវរធិបតី ក្នុងចម្ងាយប្រមាណជាង១០០ម៉ែត្រឆ្ពោះទៅកាន់តុវេទិកាដែលគេបានរៀបចំនៅចំពោះមុខឆាកប្រកបដោយកិត្តិយសនោះ សម្តេចនាយករដ្ឋមន្ត្រី ក្នុងទឹកមុខញញឹមជាប់ជាប្រចាំបានចំណាយពេលដល់១ម៉ោងនិង០៧នាទី។
សម្តេចបវរធិបតី បានអញ្ជើញឆ្លងកាត់លើកម្រាលព្រំក្រហមវេលាម៉ោង៤និង២៥ និងធ្វើដំណើរដល់តុកិត្តិយសនៅម៉ោង៥និង៣២នាទី។ ដូចប្រសាសន៍ដែលបានបញ្ជាក់ក្នុងវេលានោះយ៉ាងនេះ៖ «មួយរយម៉ែត្រជាង ឆ្ងាយនេះឆ្ងាយ…១០០ម៉ែត្រជាង គេវាស់ម៉ោងមិញ ប្រមាណ១ម៉ោង អម្បាញ់មិញនេះ អរគុណណាស់ចំពោះការស្រឡាញ់រាប់អាន ហើយបានពីរបីខ្សឺតដែរ។ បងប្អូនអ្នកសារព័ត៌មាន គាត់ប្រហែលតាមដានក្តាបព័ត៌មាន…គាត់អត់ខ្ចីសុំមួយម៉ាត់… ថើបយកតែម្តង ព្រោះគាត់ដឹងថា បើសុំ ខ្ញុំពិបាកឆ្លើយ អញ្ចឹងគឺតាមនេះតែម្តង… គឺជាកិច្ចការអបអរសាទរ ហើយក៏យើងរួមគ្នានៅក្នុងទិវានេះ។ ការពិតណាស់ទិវា នេះគឺជាទិវានៃសិទ្ធិសេរីភាពសារព័ត៌មានពិភពលោក…កម្ពុជាក៏ជាសមាជិកមួយនៃពិភពលោក ដែលយើងប្រកាន់ភ្ជាប់នូវការគោរពប្រតិបត្តិនៅលើជាជីពមួយនេះ»។
ភាពស្និទ្ធស្នាលរវាងសម្តេចបវរធិបតីជាមួយនឹងក្រុមសារព័ត៌មាន និងអ្នកពាក់ព័ន្ធដែលទទួលរង់ចាំតាមផ្លូវធ្វើដំណើរលើកម្រាលព្រំក្រហម មិនមានរបាំងការពារសនិ្តសុខឡើយ។ នេះជាភាពស្និទ្ធស្នាលដោយស្មោះត្រង់រវាងប្រមុខដឹកនាំរាជរដ្ឋភិបាលជាមួយនឹងវិស័យសារព័ត៌មាន។ សម្តេចធិបតី បានអនុញ្ញាតឱ្យអ្នកទទួលរង់ចាំធ្វើ Selfie និងការស្វាគមន៍យ៉ាងកក់ក្តៅនាពេលនោះ។ ចម្រៀងមួយបទ «សម្តេចធិបតី យុទ្ធសាស្ត្របញ្ចកោណ» ដែលច្រៀងស្វាគមន៍ក្នុងដំណើរអញ្ជើញការមកដល់របស់សម្តេចមហាបវរធិបតី ក៏ត្រូវប្រើពេលវេលាវែងជាងមួយម៉ោងផងដែរ ដែលចម្រៀងនោះបានក្លាយជាចម្រៀងដ៏វែងបំផុតនិងប្រកបដោយភាពក្លៀវក្លាថែមទៀតក្នុងឱកាសនោះ។
ភាពទទួលស្វាគមន៍យ៉ាងកក់ក្តៅ គឺជាសារមួយបង្ហាញប្រាប់ទៅក្រុមជ្រុលនិយមដែលតែងតែរិះគន់គ្មានការពិតថា ការដឹកនាំរបស់សម្តេចមហាបវរធិបតី គ្មានប្រជាប្រិយភាពអ្វីនោះទេ។ កាយវិការដ៏រាក់ទាក់របស់សម្តេចបវរធិបតី ក្នុងឱកាសនោះ គឺជាសារមួយបញ្ជាក់នូវរូបភាព ពិតប្រាប់ទៅសាធារណជនថា សម្តេចបវរធិបតី ពិតជានាយករដ្ឋមន្ត្រីប្រកបដោយមហាប្រជាប្រិយ និងប្រកបដោយថាមពលជាមួយនឹងការគាំទ្រដោយស្មោះស្ម័គ្រពីប្រព័ន្ធសារព័ត៌មានផ្សព្វផ្សាយទាំងឡាយនៅក្នុងប្រទេសកម្ពុជា។
* ពីមេបញ្ជាការកងទ័ពជើងគោក ក្លាយជានិមិត្តរូបនៃស្ថិរភាពជាតិ
ចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ២០២៣ ក្រោយការបោះឆ្នោតសកលប្រជាធិបតេយ្យនោះមក សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺជាប្រមុខដែលបន្តវេននៃ «ភ្លើងគប់សន្តិភាព និងការអភិវឌ្ឍជាតិ» ដែលជាគ្រឹះដ៏រឹងមាំបន្សល់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខដ៏មានគុណ មិនត្រឹមតែចំពោះរួបលោកប៉ុណ្ណោះទេ ប៉ុន្តែចំពោះមាតុភូមិកម្ពុជាទាំងមូល តាមរយៈការដាក់ចេញគោលនយោបាយឈ្នះឈ្នះ ពន្លត់ភ្លើងសង្គ្រាមស៊ីវិល, ការធ្វើឱ្យឯកភាពទឹកដីទាំងស្រុង និងការអភិវឌ្ឍដ៏រុងរឿងដូចមានបច្ចុប្បន្ន។
ភាពត្រងត្រាប់តាមគម្រូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានក្លាយជាអ្នកដឹកបន្តវេនមួយរូបប្រកបដោយថាមពល ជាពិសេសការគាំទ្រពីចង្កោមយុវជនគ្រប់ស្រទាប់ជាន់ថ្នាក់ នៅទូទាំងប្រទេសដែលជាកម្លាំងគាំទ្រដ៏មហិមា។ ភាពស្និទ្ធស្នាលរបស់សម្តេចបវរធិបតីជាមួយនឹងប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ បានធ្វើឱ្យមហាប្រជាប្រីយ៍ភាពរបស់សម្តេចនាយករដ្ឋមន្ត្រី កាន់តែបានទទួលការកោតសរសេរ និងការកោតគោរពយ៉ាងខ្លាំងក្លា ជាពិសេសឧទាហរណ៍ដ៏ជាក់ស្តែងតាមរយៈពិធីសំណេះសំណាល ជួបជុំគ្នាលើកទី៧ រវាងសម្តេចនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មានជាង៥,០០០នាក់ទូទាំងប្រទេស នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។
ព្រឹត្តិការណ៍ជំនួបថ្ងៃទី៣ ខែឧសភា គឺជាសូចនាករដ៏មានឥទ្ធិពលដែលបង្ហាញប្រាប់សាធារណជន និងពិភពលោកថា រាប់ចាប់ពីកសិករតាមជនបទទូទៅ, កម្មករ, ពលករ, អ្នកសារព័ត៌មាន និងមន្ត្រីរាជការនានាទូទាំងប្រទេស សុទ្ធតែបានកោតសរសើរនិងគាំទ្រសម្តេចបវរធិបតី ក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជាដើម្បីនាំប្រទេសឈានទៅកាន់ត្រើយសុភមង្គលដ៏ពិតប្រាកដ។ ព្រឹត្តិការណ៍ថ្ងៃទី៣ ខែឧសភា គឺជាព្រឹត្តិការណ៍លើសពីភាពធម្មតានៃការចូលរួមជាផ្លូវការ វាគឺជាការបង្ហាញសមូហភាពនៃទំនុកចិត្តជាតិចំពោះមេដឹកនាំដែលគាំទ្រ និងជម្រុញការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មាន ប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងគាំទ្រវិជ្ជាជីវៈសារព័ត៌មាន ដែលជាសសរស្តម្ភនៃដំណើរការលទ្ធិប្រជាធិបតេយ្យ។
អ្នកកាសែតច្រើនពាន់នាក់ ក្នុងទិវា ៣ឧសភា កន្លងមកនេះ គឺជាសាក្សីដោយផ្ទាល់នូវភាពដ៏ស្និទ្ធស្នាលរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ជាមួយនឹងក្រុមសារព័ត៌មាន ដែលស្ទើរតែគ្មានអ្នកណាម្នាក់ បានរំលងចោលនូវការថតរូប ឬ Selfies ជាមួយនឹងសម្តេចបវរធិបតីក្នុងពេលនោះឡើយ។ អ្វីទាំងនេះ គឺជាអន្តរកម្មរបស់មនុស្ស ដែលស្រឡាញ់និងកោតគោរពសម្តេចមហាបវរធិបតី ជាពិសេសរវាងអ្នកដឹកនាំប្រទេស ជាមួយនឹងងអ្នកក្រុម Watchdog ដែលផ្សព្វផ្សាយព័ត៌មានពិត និងព័ត៌មានត្រង់ជាសាធារណៈ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាតំណាងនៃការដឹកនាំជំនាន់ថ្មីរបស់កម្ពុជា ដែលជាគ្រឹះយ៉ាងរឹងមាំនៅក្នុងតម្លៃសន្តិភាព ឯកភាពជាតិ និងការទទួលខុសត្រូវ។
ការដើរចម្ងាយប្រមាណ១០០ម៉ែត្រ ក្នុងរយៈពេល១ម៉ោង៧នាទី មិនមែនគ្រាន់តែជាពេលវេលានៃការចាប់រលាក់ដៃរវាងអ្នកសារព័ត៌មាន និងការថតរូបតាមកាមេរ៉ា ឬតាមទូរស័ព្ទប៉ុណ្ណោះទេ វាជានិមិត្តរូបដែលឆ្លុះបញ្ចាំងនូវគម្រូថ្នាក់ដឹកនាំដែលបំរើប្រជាជន និងហ៊ានធ្វើពលិកម្មអ្វីៗទាំងអស់ដើម្បីភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។ សម្តេចបវរធិបតី គឺជានាយករដ្ឋមន្ត្រី ដែលពលរដ្ឋខ្មែរគ្រប់ស្រទាប់គាំទ្រ និងប្រជាប្រិយភាពរបស់សម្តេច គឺជានិមិត្តរូបនៃភាពដឹកនាំដ៏ទំនើប ដែលឈរលើមូលដ្ឋានប្រពៃណី សន្តិភាព និងទំនុកចិត្តដ៏ខ្ពង់ខ្ពស់ ដែលគេមិនអាចកាត់ថ្លៃបានឡើយ៕