(ភ្នំពេញ)៖ ស្របពេលដែលបងប្អូនប្រជាពលរដ្ឋ មានការកើនឡើងជាប្រចាំ ទៅលេងកំសាន្តនៅផ្លូវថ្មើរជើង «Walk Street» ដោយបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ និងអនាម័យ បរិស្ថាន ត្រូវបានយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញ, អាជ្ញាធរដែនដី ពីកងកំលាំងគ្រប់ជំនាញ ដែលធានាបានថា បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ត្រូវបានពង្រឹង និងផ្តល់ទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ទៅលេងកំសាន្តនៅផ្លូវថ្មើរជើង រៀងរាល់ថ្ងៃចុងសប្តាហ៍។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្តេជ្ញា និងខិតខំប្រឹងប្រែង ដណ្តើមយកលេខ១ «ជាទីក្រុងប្រជុំដោយភាពរីករាយ នៅពេលរាត្រី»។ ខាងក្រោមនេះជាទិដ្ឋភាព នៅផ្លូវថ្មើរជើង Walk Street នារាត្រីថ្ងៃអាទិត្យទី០៤ ខែឧសភា ឆ្នាំ២០២៥ ដែលបងប្អូនប្រជាពលរដ្ឋមកគាំទ្រច្រើន ដើរលេងសប្បាយក្រោមម្លប់ នៃសន្តិភាព។

គួររំលឹកថា កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលរាជធានី បានបើកកិច្ចប្រជុំដកពិសោធន៍ការអនុវត្តវឌ្ឍនភាព នៅផ្លូវថ្មើរជើង ដោយបានគូសបញ្ជាក់ថា មកដល់ពេលនេះ ផ្លូវថ្មើរជើងមានអាយុ ១២សប្តាហ៍ ស្មើនឹងរយៈពេល៣ខែមកហើយ ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ រហូតទទួលបានការកោតសរសើរពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាញឹកញ៉ាប់ដែលបង្ហាញ ពីការខិតខំប្រឹងប្រែងអនុវត្តផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ជាពិសេសរាជធានីភ្នំពេញ បានជាប់ចំណាក់ថ្នាក់លេខ២ លើពិភពលោកឈ្មោះថា «ជាទីក្រុងប្រជុំដោយភាពរីករាយ នៅពេលរាត្រី» ដែលបានផ្សាយ ដោយ Visa 2FLY ដកស្រង់ពី SEAInfographics ក្នុងចំណោមរាជធានី និងទីក្រុងនៃបណ្តាប្រទេសជុំវិញពិភពលោក ចំនួន១៤។

កិច្ចប្រជុំ តំណាងលោកអភិបាលរាជធានី បានលើកឡើងថា ផ្លូវថ្មើរជើងនៅសល់ចំណុចខ្វះខាតខ្លះ ត្រូវកែលំអរបន្ថែម មានដូចជា ហាមលេងលោតអន្ទាក់ នៅកណ្តាលផ្លូវថ្មើរជើង ដើម្បីទុកលទ្ធភាពឲ្យប្រជាពលរដ្ឋ ដើរដោយថ្មើរជើង ឲ្យទូលាយ។

ពាក់ព័ន្ធនឹងបន្ទប់ទឹក នៅផ្លូវថ្មើរជើង រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទប់ទឹកត្រូវតែស្អាតជានិច្ច កុំចាំតែអង្គុយយកតែលុយ នៅពេលដែលចំនួនប្រជាពលរដ្ឋ ចេះតែកើនឡើង ពេលត្រូវការបន្ទប់ទឹក សុទ្ធតែតម្រង់ជួរ និងមានក្លិនអាក្រក់។ ចំពោះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ នៅផ្នែកខាងក្រៅផ្លូវថ្មើរជើង គឺប្រគល់អោយកងកំលាំងជំនាញអ្នកទទួលខុសត្រូវ៕