(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បានទទួលពាក្យបណ្ដឹងពីស្រ្តីម្នាក់ឈ្មោះ ស.វ រ.ត.ន អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយបានប្ដឹងចោទប្រកាន់លើឈ្មោះ ជ័យ ចាន់តារា អាយុ៣៥ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ពីបទលួងលោមរួមភេទ ផលិតរូបអាសអាភាស និងគំរាមបង្ហោះរូបអាក្រាតក្នុងបណ្ដាញសង្គម។

ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅចំណុចមុខផ្ទះសំណាក់ ពៅ ពិសី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល រួមនឹងវត្ថុតាងទូរស័ព្ទដៃ ចំនួន០១គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំទៅតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជនរងគ្រោះបានបញ្ជាក់ថា រូបខ្លួនបានស្គាល់ជនសង្ស័យរយៈពេលមួយខែមកហើយ ហើយថ្ងៃកើតហេតុលើកទីមួយ ខ្លួនបានទៅលេងផ្ទះឈ្មោះ ជ័យ ចាន់តារា (ជនសង្ស័យ) ខណៈពេលខ្លួនចូលបន្ទប់ទឹក ត្រូវជនសង្ស័យចាប់បង្ខំរួមរ័កក្នុងបន្ទប់ទឹក ដោយសារតែខ្លួនភ័យខ្លាច ក៏មិនហ៊ានរករឿងជនសង្ស័យ។

លើកទី២ ពេលខ្លួនទៅកម្មវិធីមិត្តភក្តិ ហើយជនសង្ស័យបានទៅយក ដើម្បីសម្រុះសម្រួលគ្នាបញ្ចប់រឿង តែត្រូវជនសង្ស័យយកលេសថាម៉ូតូខូច ហើយស្នាក់នៅផ្ទះសំណាក់មួយយប់ ហើយជនសង្ស័យល្បួងរួមរ័កម្តងទៀត ហើយជនសង្ស័យបានលួចថតរូបទុក។

ក្រោយមករូបខ្លួន បានប្លុកហេ្វសបុក និងឆាតរបស់ជនសង្ស័យចោល ដើម្បីបញ្ចប់ទំនាក់ទំនងគ្នា ស្រាប់តែជនសង្ស័យខឹង ហើយគំរាមរូបខ្លួនថា នឹងបង្ហោះវីឌីអូរ និងរូបថតពេលរួមរ័កតាមបណ្ដាញសង្គម ព្រមទាំងគំរាមធ្វើបាប កូនរបស់ខ្លួនទៀតផង ទើបខ្លួនសម្រេចចិត្តប្តឹងសមត្ថកិច្ចតែម្តង។

ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានបង្ខំជនរងគ្រោះដើម្បីរួមរ័ក្ស ហើយគំរាមថា នឹងបង្ហោះវីដេអូ និងរូបថតអាក្រាតពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

ការចាប់ខ្លួនជនសង្ស័យ ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការផងដែរ៕