(កោះកុង)៖ កាលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥កន្លងទៅ មានអ្នកស្ម័គ្រចិត្តជាច្រើនបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការសម្អាតបរិស្ថាន ក្នុងយុទ្ធនាការ «ជីផាតគ្មានប្លាស្ទិក»។ យុទ្ធនាការនេះមិនត្រឹមទទួលបានជោគជ័យក្នុងការប្រមូលសំរាមប្លាស្ទិកប៉ុណ្ណោះទេសំខាន់ជាងនេះទៀត យុទ្ធនាការនេះបានជំរុញឱ្យមានការយល់ដឹងកាន់តែច្រើននៅក្នុងសហគមន៍អំពីសារៈសំខាន់នៃការចោលសំរាម និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
សហគមន៍អេកូទេសចរណ៍ជីផាត និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានប្តេជ្ញាបន្តគំនិតផ្តួចផ្តើមទាំងនេះ ហើយជឿជាក់ថាយុទ្ធនាការនេះនឹងជម្រុញនូវកិច្ចខិតខំប្រឹងប្រែងក្នុងការសម្អាតបរិស្ថានជាបន្តបន្ទាប់នៅទូទាំងសហគមន៍ទាំងអស់ក្នុងប្រទេសកម្ពុជា។ រួមគ្នា យើងអាចបង្កើតអនាគតកាន់តែស្អាត និងមាននិរន្តរភាពសម្រាប់ប្រទេសដ៏ស្រស់ស្អាតរបស់យើង។
លោកស្រី ហ៊ាង សំណាង រស់នៅភូមិជីផាត បានលើកឡើងថា៖ «ក្នុងនាមជាមេចុងភៅ និងជាសមាជិកនៃសហគមន៍អេកូទេសចរណ៍ជីផាត ថ្មីៗនេះ ខ្ញុំបានចូលរួមក្នុងព្រឹត្តិការណ៍សម្អាតប្លាស្ទិក។ ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមជាមួយ តំណាងបរិស្ថាន មន្ត្រីនគរបាល សិស្សានុសិស្ស សមាជិកសហគមន៍រក្សាបរិស្ថានទាំងអស់។ ការខិតខំប្រឹងប្រែងរបស់យើងនឹងជួយទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងផ្តល់ប្រាក់ចំណូលបន្ថែមសម្រាប់សហគមន៍របស់យើង ខ្ញុំរំភើបជាខ្លាំងដែលបានចូលរួមក្នុងយុទ្ធនាការដ៏សំខាន់នេះ ហើយបានរួមចំណែកក្នុងការអភិរក្សបរិស្ថានដ៏ស្រស់ស្អាតរបស់យើង»។
កញ្ញា ស៊ាន សៀកលីន សិស្សថ្នាក់ទី 11A នៃវិទ្យាល័យជីផាត បានចូលរួមក្នុងការយុទ្ធនាការសម្អាតនេះ បានលើកឡើងថា៖ «ខ្ញុំមានមោទនភាពដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្អាតបរិស្ថានក្នុងភូមិឃុំរបស់ខ្ញុំ។ យុទ្ធនាការនេះបានធ្វើឱ្យខ្ញុំយល់ដឹងកាន់តែស៊ីជម្រៅអំពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកមកលើបរិស្ថានធម្មជាតិរបស់យើង។ ក្នុងនាមនាងខ្ញុំជាទំពាំងស្នងឬស្សី ខ្ញុំមានទំនួលខុសត្រូវក្នុងការលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ប្លាស្ទិក ការកាត់បន្ថយការប្រើប្លាស្ទិក និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ»។
បើតាមបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត ស្ថាបនិក និងជានាយិកាប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងថា៖ «ជីផាត គឺជាអ្វីដែលខ្ញុំស្រលាញ់បំផុត ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះជីផាត និងសហគមន៍។ យើងបានធ្វើការជាមួយគ្នាអស់រយៈពេល ១៧ឆ្នាំ យើងប្រៀបដូចជាគ្រួសារតែមួយ។ យុទ្ធនាការ «ជីផាតគ្មានប្លាស្ទិក» ជាថ្ងៃនៃការរួបរួមដ៏អស្ចារ្យ និងទំនួលខុសត្រូវទៅលើបរិស្ថាន។ មនុស្សប្រមាណមួយរយនាក់ដែលមានគោលបំណងដូចគ្នា បានរួមគ្នាប្រមូលសំរាមបាន ៤២០គីឡូក្រាម ដែលគេបោះចោលរាយប៉ាយក្នុងចំការអាកាស្យា មានផ្ទៃដី ៣៦៥ហិកតា ដែលមានកម្មករទទួលបន្ទុកប្រមូលផលអាកាស្យាឱ្យក្រុមហ៊ុនឯកជន»។
យុទ្ធនាការនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម «កម្ពុជាស្អាត! ខ្មែរអាចធ្វើបាន!» ដែលបានដាក់ចេញដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត។ យុទ្ធនាការនេះជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលមានការចូលរួមពីនគរបាលមូលដ្ឋានសាលារៀនក្នុងមូលដ្ឋាន អនុរក្សមកពីមន្ទីរបរិស្ថានខេត្ត ក្នុងនោះដែរ សមាជិកនៃសហគមន៍អេកូទេសចរណ៍ជីផាតបានផ្តល់ជាសារដ៏សំខាន់ដល់អ្នកប្រកបរបរក្នុងសហគមន៍ ដោយធានាយ៉ាងណាត្រូវគ្រប់គ្រង និងទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ។ នៅពេលដែលយើងរួបរួមគ្នា យើងអាចសម្រេចបាននូវអ្វីដែលអស្ចារ្យ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ បង្កើតឡើងដោយបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត ក្នុងគោលបំណងការពារព្រៃឈើ និងសត្វព្រៃដោយផ្ទាល់ តាមរយៈកម្មវិធីអភិរក្សជឿនលឿន។ អង្គការផ្តល់ជំនួយផ្នែកបច្ចេកទេស និងគំនិតស៊ីជម្រៅដល់បណ្តាស្ថាប័នរដ្ឋាភិបាល និងខិតខំបង្កើតឱ្យមានការឯកភាពរួមពីភាគីពាក់ព័ន្ធក្នុងការស្វែងរកដំណោះស្រាយចំពោះការគំរាមកំហែងដល់បរិស្ថានជាច្រើនករណី រួមមានការជួញដូរសត្វព្រៃ ការធ្វើសម្បទានដីសេដ្ឋកិច្ចសម្រាប់ចម្ការកសិឧស្សាហកម្ម ការជីកយករ៉ែ និងការទន្ទ្រានចាប់យកដីព្រៃពីសំណាក់សហគមន៍មូលដ្ឋាន។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាអង្គការឈានមុខគេក្នុងការដឹកនាំសកម្មភាពផ្ទាល់នៅក្នុងតំបន់ខ្សែក្រវាត់ត្រូពិចអាស៊ីអាគ្នេយ៍៕