(ស្វាយរៀង)៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានចេញមកបំភ្លឺជូនសាធារណជនអំពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក Highlander និងរថយន្តម៉ាក Mazda នៅយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ១ ក្នុងភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង រហូតដល់ចាប់វាយខ្នោះអ្នកបើកបររថយន្ត Highlander។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា នៅវេលាម៉ោង ១៩៖៤០នាទីយប់ នៅលើផ្លូវជាតិលេខ១ ត្រង់ភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក Highlander និងរថយន្តម៉ាក Mazda បើកបរស្របទិសគ្នាពីលិចទៅកើត។

រថយន្តម៉ាក Highlander បើកបរនៅខាងមុខរថយន្តម៉ាក Mazda ប្រហែល ៤០-៥០ម៉ែត្រ លុះដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្ត​ Highlander បានស៊ីញ៉ូភ្លើងអែបមកចញ្ចើមផ្លូវខាងស្តាំ រួចស្រាប់តែបត់ឆ្វេងឡើង កាត់ទ្រូងផ្លូវភ្លាមៗតែម្តង ធ្វើឱ្យរថយន្ត Mazda បើកបរពីខាងក្រោយមកដល់គៀកនៅសល់ចម្ងាយប្រហែល១០ម៉ែត្រ ខណៈដែលរថយន្ត Highlander នៅទទឹងលើទ្រូងផ្លូវ។ ភ្លាមនោះធ្វើឱ្យរថយន្ត Mazda បុករថយន្ត Highlander ពីចំហៀង ខាងឆ្វេងតែម្តង បណ្តាលឱ្យខូចខាតមធ្យោយបាយទាំងសងខាង មិនបណ្តាលឱ្យមានរងរបួសភាគីណាមួយនោះទេ។

ក្រោយពីកើតហេតុភ្លាមៗ សមត្ថកិច្ចបានព្យាយាមឱ្យអ្នកបើកបររថយន្ត Highlander ចុះពីលើរថយន្តដើម្បីធ្វើការដោះស្រាយ និងត្រួតពិនិត្យជាតិអាកុល ប៉ុន្តែអ្នកបើកបរមិនព្រមចុះ រហូតបន្តិចក្រោយមក ក៏បានចុះពីលើ រថយន្តក្នុងស្ថានភាពស្រវឹង ដោយធ្វើសកម្មភាពច្រងេងច្រង៉ាង និយាយមិនស្តាប់គ្នា ហើយប្រកែកយកឈ្នះមិនព្រមចូលខ្លួនដោះស្រាយ និងព្យាយាមរត់គេចចេញពីកន្លែងកើតហេតុ មិនទទួលខុសត្រូវ​ ទើបសមត្ថកិច្ចបង្ខំចិត្ត ដាក់ខ្នោះដៃសិន។

បន្តិចក្រោយមក ក្រុមគ្រួសារភាគីរថយន្ត Highlander មកដល់ទើប សមត្ថកិច្ចក៏ដោះខ្នោះដៃចេញវិញ តែក្រុមគ្រួសាររារាំងមិនឱ្យអ្នកបើកបររថយន្ត Highlander ចូលខ្លួនដើម្បីដោះស្រាយនៅអធិការដ្ឋាននគរបាលក្រុងបាវិត និងថែមបានជម្លៀសអ្នកបើកបររថយន្តចេញទៅបាត់ ខណៈដែលសមត្ថកិច្ចកំពុងស្ទួចយករថយន្តទាំងពីរគ្រឿង ចេញពីកន្លែងកើតហេតុយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីរង់ចាំការដោះស្រាយ និង សម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះចរាចរណ៍នៅលើដងផ្លូវ។ ចំណែកឯអ្នកបើកបរថយន្ត Mazda ត្រូវបានសមត្ថកិច្ច នាំមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរ និងរង់ចាំការដោះស្រាយ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ រថយន្ត Highlander មិនទាន់បានចូលខ្លួន មកសម្របសម្រួលដោះស្រាយជាមួយភាគីរថយន្ត Mazda នៅអធិការដ្ឋាននគរបាល ក្រុងបាវិតនៅឡើយទេ៕