(ក្រចេះ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែ ដែលប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានស្នើសុំតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)
ក្នុងដំណើរនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង, លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអាជ្ញាធរស្រុក ឃុំ ភូមិផងដែរ។
ផ្លូវចំនួន២ខ្សែនោះ រួមមាន៖
*ខ្សែផ្លូវទី១ ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ៣ ២៤៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រែស្តៅ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលបម្រើដល់ការធ្វើដំណើររបស់សិស្សានុសិស្ស ការដឹកជញ្ជូនកសិផលដឹកជញ្ជូនកសិផល សិប្បកម្ម និងទេសចរណ៍ចេញចូលជាប្រចាំ
*ខ្សែផ្លូវទី២ ជាផ្លូវដី និងល្បាយក្រួស មានប្រវែងជាង ៥ ៣០០ម៉ែត្រ តភា្ជប់ពីភូមិស្រែស្ដៅ១ សង្កាត់អូរឫស្សី ទៅដល់ភូមិរការកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។
បន្ទាប់ពីបានពិនិត្យស្ថានភាពផ្លូវរួចមក លោករដ្ឋមន្ដ្រី បានណែនាំដល់នាយកដ្ឋានផ្លូវលំជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញជំវិញខេត្ត ធ្វើការសិក្សាបន្ថែមនិងពិនិត្យលទ្ធភាពដាក់ចូលក្នុងគម្រោងផែនការ ដើម្បីស្ថាបនាលើកកម្រិតគុណភាពផ្លូវទាំងពីរខ្សែនេះ៕