(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥ កម្ពុជាមានគម្រោងធំៗចំនួន៧ ទទួលបានជំនួយហិរញ្ញប្បទានពីប្រទេសបារាំង ទៅលើវិស័យកសិកម្ម, ថាមពល, ទឹក និងបម្រែបម្រួលអាកាសធាតុ។ នេះបើតាម លោក Pellet Jacques ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា។
ការបញ្ជាក់បែបនេះរបស់លោក បានធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូលជាមួយក្លឹបអ្នកសារព័ត៌មានកម្ពុជា ដែលមាន លោក ពុយ គា ជាប្រធានក្លឹប និងជាអ្នកសម្របសម្រួលតុមូល។ កិច្ចពិភាក្សានេះធ្វើឡើងនៅស្ថានទូតបារាំង នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ ដោយមានអ្នកសារព័ត៌មានប្រមាណ ២៧នាក់ មកពី១៨អង្គភាពចូលរួម។
ជាកិច្ចចាប់ផ្ដើម លោក Pellet Jacques បានធ្វើបទបង្ហាញត្រួសៗអំពើទំនាក់ទំនងរវាងបារាំង-កម្ពុជា ក្នុងវិស័យនានាដូចជាអភិបាលកិច្ច សិទ្ធិមនុស្ស ថាមពល ហ្វ្រង់កូហ្វូនី និងបេតិកភណ្ឌជាដើម។ លោកបានលើកឡើងថា ប្រទេសទាំងពីរតែងធ្វើការប្រឹក្សានយោបាយជារៀងរាល់ឆ្នាំ ដែលជាឱកាសពិនិត្យជារួមអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជារំលឹកការប្រកាន់ខ្ជាប់រួមគ្នានូវការគាំពារចំពោះពហុភាគីនិយម ច្បាប់អន្តរជាតិ និងបញ្ហាសាកល។
មានវត្តមានជាង៣០ឆ្នាំនៅប្រទេសកម្ពុជា, ទីភ្នាក់ងារ AFD គឺជាតួអង្គសំខាន់នៃការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់របស់កម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានសរុបជាង១,៥ពាន់លានអឺរ៉ូ ជាមួយនឹង ការផ្តល់ហិរញ្ញប្បទានខ្ពស់បំផុត មិនធ្លាប់មានកាលពីឆ្នាំ២០២៤ ដោយមានចំនួនទឹកប្រាក់ ២១៥លានអឺរ៉ូ។
ការណ៍នេះ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា «គម្រោងនានាដែលកំពុងដំណើរការក្នុងឆ្នាំ២០២៥ ផ្តោតជាពិសេសលើវិស័យគ្រប់គ្រងទឹក កសិកម្ម និងថាមពល ក្នុងភាពជាដៃគូជាមួយស្ថាប័នកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ស្ថាប័នកម្ពុជា រួមមាន៖
*ទី១៖ គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ (កម្ចីចំនួន២០០លានអឺរ៉ូ) ដែលមានគោលដៅ ធានាការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋ១០០% នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០៣០។
*ទី២៖ គម្រោងស្តារអាងស្ទឹងស្វាយចេក ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ដែលមានគោលដៅពង្រឹងភាពធន់ផ្នែកអាកាសធាតុ កែលម្អលទ្ធភាពទទួលបានទឹកសម្រាប់ កសិកម្ម ក៏ដូចជាស្ដារប្រព័ន្ធអេកូឡូបហ្ស៊ី ជាមួយកម្ចីដែលមានទឹកប្រាក់៩១លានអឺរ៉ូ។
*ទី៣៖ គម្រោងនេសាទសមុទ្រ និងតំបន់ឆ្នេរប្រកបដោយនិរន្តរភាព ក្នុងភាពជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានគោលដៅពង្រឹងភាពធន់ទៅនឹងបម្រែបម្រួល អាកាសធាតុ និងផលិតភាពនៃឆ្នេរ និងសមុទ្រនៅកម្ពុជា ដោយមានកាគាំទ្រផ្នែកហិរញ្ញវត្ថុ ២០លានដុល្លារផ្តល់ ដោយទីភ្នាក់ងារ AFD។
*ទី៤៖ គម្រោង Wat4Cam ជាមួយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីលើកកម្ពស់ការគ្រប់គ្រងធនធានទឹកដោយផ្តោតលើផលប៉ះពាល់ផ្នែកអាកាសធាតុ ការជួយជ្រោមជ្រែង អន្តរកាលអេកូឡូហ្ស៊ី និងការកែលម្អប្រព័ន្ធស្រោចស្រព។ គម្រោងនេះទទួលបានហិរញ្ញប្បទានសម្បទានចំនួន ៧៥លានអឺរូពីទីភ្នាក់ងារ AFD និងហិរញ្ញប្បទានឥតសំណងចំនួន១១,៨លានអឺរ៉ូ ពីសហភាពអឺរ៉ុប។
*ទី៥៖ គម្រោង Rid4Cam ជាមួយក្រសួងអភិវឌ្ឍន៍ជនបទដែលអនុញ្ញាតឲ្យមានការស្តារ និងជួសជុលផ្លូវជនបទ ប្រវែង៥៥០គីឡូម៉ែត្រ ក៏ដូចជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងបម្រែបម្រួលអាកាសធាតុក្នុងវិស័យទឹក ស្អាត និងអនាម័យ កសិកម្ម សុខាភិបាល និងអប់រំ តាមរយៈហិរញ្ញប្បទានសម្បទានចំនួន៧៥លានអឺរ៉ូផ្តល់ ដោយទីភ្នាក់ងារ AFD ដែលបំពេញបន្ថែមដោយហិរញ្ញប្បទានអាល្លឺម៉ង់ (ចំនួន៣០លានអឺរ៉ូពីធនាគរ KFW ១០០ ០០០ អឺរ៉ូពីBMZ) និងហិរញ្ញប្បទានអឺរ៉ុប (៨.៧លានអឺរ៉ូ)។
*ទី៦៖ គម្រោងធ្វើទំនើបកម្មបណ្តាញបញ្ជូន និងចែកចាយអគ្គិសនីនៅកម្ពុជា ដែលជួយជ្រោមជ្រែងបរិវត្តកម្មឌីជីថល របស់អគ្គិសនីកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងបណ្តាញបញ្ជូន និងចែកចាយរបស់អគ្គិសនីកម្ពុជា តាម រយៈហិរញ្ញប្បទានសម្បទានចំនួន២៥លានអឺរ៉ូ ដែលបំពេញបន្ថែមដោយហិរញ្ញប្បទានចំនួន៤,១លានអឺរ៉ូពី សហភាពអឺរ៉ុប។
*ទី៧៖ គម្រោង ACSEP ក្នុងភាពជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជួយជ្រោមជ្រែងការ ពង្រឹងកសិកម្មកម្ពុជានៅលើទីផ្សារជាតិ និងអន្តរជាតិ ដោយពង្រឹងភាពប្រកួតប្រជែងនៃផ្នែកយុទ្ធសាស្ត្រទាំង ប្រាំ ក៏ដូចជាកែលម្អសុវត្ថិភាពសុខភាពក្នុងខ្សែច្រវាក់តម្លៃ (ដោយមានកម្ចី២៥លានអឺរ៉ូ)។
ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង៨.៣% កាលពីឆ្នាំ២០២៤ ស្មើនឹងចំនួន១,៤៨ពាន់លានអឺរ៉ូ កាលពីឆ្នាំ២០២៤។ ក្នុងចំនួនទឹកប្រាក់នេះ ប្រទេសបារាំងមានឱនភាពពាណិជ្ជកម្មចំនួន១,២៣ពាន់លានអឺរ៉ូ។ លំហូរ វិនិយោគផ្ទាល់មកពីប្រទេសបារាំងមានការកើនឡើងខ្លះៗ (១២លានអឺរ៉ូនៅចុងឆ្នាំ២០២៣)។
សូមជម្រាបថា ក្រុមហ៊ុនបារាំងមានវត្តមានជាច្រើននៅកម្ពុជា មានចំនួន៤០០ក្រុមហ៊ុន ដែលកាន់កាប់ឬគ្រប់គ្រងដោយសហគ្រិនបារាំង និងសហគ្រិនបារាំង-កម្ពុជា រួមទាំងក្រុមហ៊ុនធំៗជាច្រើន ដូចជា Total, Vinci និង Accor។
ក្រុមហ៊ុនបារាំងនៅកម្ពុជា ដើរតួនាទីក្នុងការអភិវឌ្ឍផ្នែកជាច្រើននៃវិស័យសេដ្ឋកិច្ច (រួមមានសំណង់ ថាមពល ហិរញ្ញវត្ថុ សុខាភិបាល ជាពិសេស ទេសចរណ៍) ហើយជាក្រុមហ៊ុនតម្រូផ្នែកទំនួលខុសត្រូវសង្គម និងបរិស្ថាន។ វេទិការធុរកិច្ចបារាំង-កម្ពុជា ដែលធ្វើ ឡើងរៀងរាល់ពីរឆ្នាំម្តងដើម្បីពង្រឹងបម្លាស់ប្តូររវាងប្រទេសទាំងពីរ ត្រូវបានរៀបចំកាលពីខែកក្កដា ឆ្នាំ២០២៤៕