(សៀមរាប)៖ ដើម្បីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥, នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ កម្ពុជាបានសម្ពោធ ប្រហុកសៀមរាប ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្នុងការអភិរក្សការអនុវត្តបែបប្រពៃណី និងលើកកម្ពស់សហគមន៍មូលដ្ឋាន ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។
សមិទ្ធផលនេះកើតចេញលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័នទទួលបន្ទុក តាមរយៈគម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផលជលផល (CAPFISH-Capture) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តដោយអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ (UNIDO) សហការជាមួយរដ្ឋបាលជលផល និងក្រសួងពាណិជ្ជកម្ម។
ទិវាកម្មសិទ្ធិបញ្ញា ត្រូវបានចូលរួមជាអធិបតីដោយ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងសិទ្ធិបញ្ញា (NCIP), លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល និងសិស្សនិស្សិត។ កាន់តែពិសេសថែមទៀតនោះ គឺមានការអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ ។
ថ្លែងទៅកាន់អង្គពិធី លោកស្រី ចម និម្មល បានរំលេចពីតួនាទីយ៉ាងសំខាន់របស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់ប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) នៅកម្ពុជា ដែលជាឧបករណ៍សម្រាប់ជំរុញពាណិជ្ជកម្ម ឱ្យមាននិរន្តរភាព និងការអភិវឌ្ឍជនបទ។
លោកស្រីរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការទទួលស្គាល់ជាផ្លូវការនូវប្រហុកសៀមរាបជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ បានឆ្លុះបញ្ចាំងពីការបន្តខិតខំប្រឹងប្រែងក្នុងការការពារ និងលើកកម្ពស់ទ្រព្យសម្បត្តិវប្បធម៌ដ៏ពិសេសរបស់កម្ពុជា តាមរយៈក្របខ័ណ្ឌកម្មសិទ្ធិបញ្ញាដ៏រឹងមាំ។ សមិទ្ធផលដ៏សំខាន់នេះ មិនត្រឹមតែជាការការពារចំណេះដឹងប្រពៃណីប៉ុណ្ណោះទេ ថែមទាំងអាចពង្រឹងបាននូវទីផ្សារ និងភាពប្រកួតប្រជែងនៃផលិតផលក្នុងស្រុក ទាំងក្នុង និងក្រៅប្រទេស។
បន្ថែមពីនេះ លោកស្រី បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការបន្តពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) ឱ្យក្លាយជាឧបករណ៍យុទ្ធសាស្ត្រសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន និងការបន្ថែមតម្លៃលើពាណិជ្ជកម្ម។
ជាមួយគ្នានេះ លោក Igor Driesmans បានលើកឡើងថា៖ «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) គឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ផ្តល់អំណាចដល់ផលិតកករខ្នាតតូចក្នុងការអភិរក្សប្រពៃណី និងលើកកម្ពស់ការគ្រប់គ្រងធនធានប្រកបដោយទំនួលខុសត្រូវ ដែលចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព»។
លោក បានបន្ថែមទៀតថា៖ «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) មានតួនាទីយ៉ាងសំខាន់នៅអឺរ៉ុប ដែលមានការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញជាង ៣៥00 ហើយ EU បានគាំទ្រការអភិវឌ្ឍម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) កម្ពុជា ជាងមួយទសវត្សន៍មកហើយតាមរយៈការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស។ កិច្ចខិតខំប្រឹងប្រែងរបស់ EU ផ្តោតទៅលើច្រវាក់តម្លៃជលផលប្រកបដោយនិរន្តរភាព និងស្ដង់ដារគុណភាព ដើម្បីលើកកម្ពស់នវានុវត្តន៍ក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងវប្បធម៌របស់ផលិតផលក្នុងស្រុក»។
ប្រហុកសៀមរាប គឺជាផលិតផលដែលមានលក្ខណៈពិសេសដាច់ដោយឡែករបស់កម្ពុជា ដែលមានលក្ខណៈពិសេសដូចទៅនឹង ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងទឹកឃ្មុំព្រៃមណ្ឌលគិរីផងដែរ។ ការលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាការប្តេជ្ញារបស់កម្ពុជាក្នុងការលើកកម្ពស់អត្តសញ្ញាណផលិតផលនិងគំាទ្រដល់ការប្រកបរបរចិញ្ចឹមជីវិតនៅតាមជនបទ។
នាឱកាសនោះដែរ រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា៖ «ប្រហុកសៀមរាបគឺជាតំណាងនៃការផ្សារភ្ជាប់គ្នារវាងប្រពៃណី និងការអភិវឌ្ឍប្រកបដោយចីរភាព ធានាគុណភាពសម្រាប់អ្នកបរិភោគ និងជំរុញភាពប្រកួតប្រជែងក្នុងវិស័យកសិកម្មនៅកម្ពុជា»។
បន្ទាប់ពីត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញថ្មី ប្រហុកសៀមរាប មិនត្រឹមតែអាចរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជួយការពារទំនៀមទម្លាប់ប្រពៃណី និងបរិស្ថានផងដែរ។
ផ្អែកលើតួនាទីដ៏សំខាន់នៃវិស័យកសិកម្មសម្រាប់សន្តិសុខស្បៀងកម្ពុជា, លោក ឌិត ទីណា បានសង្កត់ធ្ងន់បន្ថែមថា៖ «ក្រសួងប្តេជ្ញាពង្រឹងវិស័យនេះ តាមរយៈការកែលម្អខ្សែច្រវាក់តម្លៃ លើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងភាពធន់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០»។ ការប្តេជ្ញាចិត្តនេះ នឹងជួយបង្កើនឱកាសទីផ្សារសម្រាប់អ្នកផលិត និងផ្តល់ជូនអ្នកបរិភោគនូវផលិតផលដែលគុណភាព និងរសជាតិដើមពិតប្រាកដរបស់ខ្មែរ»។
ប្រហុកសៀមរាប គឺជាការអបអរសាទរដ៏សំខាន់នៃប្រពៃណីម្ហូបអាហារជាតិកម្ពុជា ដែលមានប្រភពដើមពីសម័យអាណាចក្រអង្គរ ដែលពោរពេញទៅដោយគ្រឿងផ្សំក្នុងស្រុកប្រកបដោយឱជារស។ ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ប្រហុកសៀមរាប នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ផលិតករក្នុងស្រុក ដែលអាចជួយលើកស្ទួយកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើទីផ្សារពិភពលោក និងជួយឱ្យពិភពលោកទទួលស្គាល់នូវមរតកម្ហូបអាហារដ៏សម្បូរបែបរបស់ខ្មែរ៕