(ខេត្តក្រចេះ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តក្រចេះ ជាខេត្តទី២០ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមឱ្យបន្តចូលរួមយ៉ាងសកម្ម និងសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយបន្តយកចិត្តទុកដាក់គាំទ្រដល់ប្រជាពលរដ្ឋ នៅតាមភូមិដាច់ស្រយាល និងជនងាយរងគ្រោះនានា ដើម្បីឱ្យពួកគាត់មានលទ្ធភាពពេញលេញ ក្នុងការទទួលបានសេវាទឹកស្អាត ការសំអាត និងអនាម័យជនបទគ្រប់ៗគ្នា។

នៅក្នុងពិធីនេះនេះ មានការអញ្ជើញចូលរួមពី លោករដ្ឋលេខាធិការប្រចាំការ លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ, លោកហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត, លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត, លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត, អភិបាលរង នៃគណៈអភិបាលខេត្ត, ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ស្អាត និងអនាម័យជនបទទាំង ២៥រាជធានី-ខេត្ត , តំណាងដៃគូអភិវឌ្ឍន៍, អង្គការជាតិ អន្ដរជាតិ, អាជ្ញាធរមូលដ្ឋាន, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, មន្ដ្រីរាជការ, លោក អ្នកគ្រូ, សិស្សានុសិស្ស, ប្រជាពលរដ្ឋ, ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ១,៥០០នាក់។

នាឱកាសនេះដែរ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើសុន្ទរកថាស្វាគមន៍ និងធ្វើរបាយការបញ្ជាក់ជូនថា ក្នុងភូមិសាស្ដ្រខេត្តក្រចេះ ចែកចេញជា ៧ក្រុង ស្រុក, មាន៤៨ឃុំ សង្កាត់ ស្មើនឹង ៣២៧ភូមិ, មានប្រជាជនសរុប ១០៧,៩០៧គ្រួសារ ក្នុងនោះ៖ អត្រាគ្របដណ្តប់ទឹកស្អាតមានចំនួន ៨៧%, ស្ថានភាពអនាម័យសម្រេចបានខ្នងផ្ទះដែលមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនមានចំនួន ៩០%ខ្នងផ្ទះ ប្រើបង្គន់រួមមានចំនួន១០% មានដាក់សាប៊ូលាងដៃ ១០០% ដែលធ្វើឱ្យស្ថានភាពប្រតិបត្តិអនាម័យរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តក្រចេះ សម្រេចបាន១០០%។

រីឯលោក Janes Imanuel Ginting នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្ដរជាតិ និងជាតំណាងអង្គការដៃគូអភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការទស្សនៈពិភពលោក និងអង្គការដៃគូនានាក្នុងការចូលរួមជួយអភិវឌ្ឍខេត្តក្រចេះ រហូតធ្វើឱ្យខេត្តទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនាថ្ងៃនេះ ជាពិសេស អង្គការទស្សនៈពិភពលោកអន្ដរជាតិប្រចាំនៅកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រខេត្តក្រចេះ ជាខេត្តគោលដៅអភិវឌ្ឍន៍អស់រយៈពេល ៤ឆ្នាំ សម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដោយសម្រេចបានសមិទ្ធផលជាច្រើនរួមមាន៖ សាងសង់ស្ថានីយ៍ទឹកទុយោ ១កន្លែង, សាងសង់អណ្តូងស្នប់ Afridev នៅសហគមន៏ និងសាលាបឋមសិក្សាចំនួន ៤០, ផ្តល់ធុងចម្រោះទឹកសម្រាប់ហូប ៨២២គ្រួសារងាយរងគ្រោះ និងជុំរំអំណានចំនួន២០, ផ្តល់ពាងទឹកនិងធុងជ័រចំនួន ៥,០២៥, ផ្តល់ប៊ីដុងចំណុះ ២០លីត្រ ចំនួន ៧,៤៣២ ជូនដល់គ្រួសារងាយរងគ្រោះ ព្រមទាំងគាំទ្រសម្ភារ និងថវិកាជាច្រើនទៀត ដែលពិតជាបានរួមចំណែកធ្វើឱ្យសម្រេចបានជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅថ្ងៃនេះ។

ជាមួយគ្នានេះ លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តក្រចេះសម្រេចបានលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ការផ្លាស់ប្ដូរទម្លាប់ និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ពី ការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកស្អាតជួយទ្រទ្រង់សុខភាព, ផ្លាស់ប្ដូរពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅប្រកបដោយបរិស្ថានល្អ មានភាពស៊ីវិល័យ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តរក្សាលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus នាពេលដ៏ខ្លីខាងមុខ។

លោករដ្ឋមន្ត្រី បានលើកឡើងថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ «សុខសន្តិភាព» ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងសន្ដិភាព ដែលនាំមកនូវឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ លោករដ្ឋមន្រ្ដី ក៏បានជម្រាបជូនអង្គពិធីពី កម្មវិធីអាទិភាពទាំង៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងចក្ខុវិស័យច្បាស់លាស់របស់ក្រសួង ក្នុងការកសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ ពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងអនាម័យជនបទ លោករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលបច្ចុប្បន្នសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៩,៩០% ក្នុងនោះអត្រាគ្របដណ្តប់ទឹកស្អាតកម្រិតមូលដ្ឋាន ៨៧,៤០% និងអនាម័យជនបទកម្រិតមូលដ្ឋាន ៩២,៤០% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព៕