(ត្បូងឃ្មុំ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងសាច់ញាតិ និងកូនចៅ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥ឆ្នាំ ឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យមហាឧបាសកលីន គ្រី នៅថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥។

ពិធីបុណ្យនេះត្រូវបានធ្វើប្រារព្ធធ្វើឡើងនៅក្នុងបរិវេនប្រាង្គដែលជាទីដ្ឋានបញ្ចុះសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា និងព្រឹទ្ធាចារ្យមហាឧបាសកលីនគ្រី ជាមាតាបិតា បង្កើតរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន និងជាមាតាបិតាក្មេករបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ស្ថិតនៅក្នុងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ដោយពិធីបុណ្យបានប្រព្រឹត្ដទៅតាមប្រពៃណីព្រះពុទ្ធសាសនា នៅរាត្រីថ្ងៃសៅរ៍ ៧កើត ខែពិសាខឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោហ៊ុនសែន បានអារធនាយាងនិមន្ត សម្តេច ព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹម ហេង សម្តេច ព្រះសង្ឃនាយក នៃព្រះរាជាណាក្រកម្ពុជា និងសម្តេច ព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រោះព្រហ្មពុទ្ធជ័យមង្គលដល់ប្រទីបជ្វាលា មុននឹងដង្ហែយកទៅបណ្តែត នៅក្នុងគង្គាស្រះខាងមុខប្រាង្គ ដែលជាទីដ្ឋានបញ្ចុះសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា និងព្រឹទ្ធាចារ្យមហាឧបាសកលីនគ្រី ជាមាតាបិតា បង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាមាតាបិតាក្មេករបស់ សម្តេចតេជោហ៊ុនសែន។

ការណ្តែតប្រទីបជ្វាលាក្នុងគង្គាស្រះនេះ គឺជាការគោពដឹងគុណដ៍ធំធេងចំពោះមាតាបិតា ដែលលោកបានផ្តល់កំណើត និងចិញ្ចឹមបីបាច់ថែទាំកូនៗប្រកបដោយគុណធម៌ព្រហ្មវិហារធម៌ តាំងពីតូចរហូតធំពេញវ័យ ដោយទទួលបានឱកាសក្លាយជាអ្នកដឹកនាំឆ្នើម ដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស គោរពស្រឡាញ់ និងផ្តល់តម្លៃខ្ពស់បំផុត។ ការបណ្តែតប្រទីជ្វាលា នៅក្នុងពេលនេះ ក៏ជាកាបង្ហាញអំពី ការបន្តថែរក្សា វប្បធម៌ អរិយធម៌របស់ប្រជាជាតិខ្មែរយើង តាំងពីបុណរាណកាលមក ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បើទោះបីជាការប្រារព្ធពិធីបុណ្យនាពេលនេះ មានលក្ខណឯកជនក្នុងរង្វង់គ្រួសារក៏ពិតមែន តែវាបានបង្កប់នូវអត្តន័យ ដ៍ធំធេងផ្សារភ្ជាប់ រវាងការគោរពដឹងគុណចំពោះមាតាបិតា ជាមួយនឹងទំនៀមទំលាប់ ប្រពៃណីព្រះពុទ្ធសាសនា និងប្រពៃណីជាតិ ដែលប្រជាជាតិកម្ពុជាយើងតែងតែនាំគ្នាគោរពប្រតបត្តិតាំងពីដើមរៀងមកផងដែរ។

កម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៥ឆ្នាំ ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និង ឧទ្ទិសមហាកុសល ជូនវិញ្ញាណក្ខន្ធ មហាឧបាសក លីនគ្រី បានឈានចូលដល់ព្រឹកថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០២៥ ដែលក្នុងព្រឹកនេះ បានអារធនា យាងនិមន្ត សម្ដេច ព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹម ហេង សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចព្រះពុទ្ធជ័យមុន្នីបណ្ឌិត ឃឹមសន សម្ដេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមន្ត្រីសង្ឃ ៧អង្គទៀត សរុប៩ព្រះអង្គ សូត្រមន្តចម្រើនព្រះបរិត្តសមាទានសីលតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដើម្បីរំឭកនឹកគុណ ព្រះរតនត្រៃ និងព្រះសម្មាសម្ពុទ្ធ ព្រះមរមគ្រូនៃយើង ដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាលបន្សល់ទុកឱ្យពុទ្ធបរិស័ទ គ្រប់ជំនាន់គោរពប្រតិបត្តិ រហូតដល់ពេលបច្ចុប្បន្ន។

ពុទ្ធឱវាទនិងព្រះធម៌វិន័យរបស់ព្រះអង្គគឺជាប្រទីបបំភ្លឺផ្លូវដល់មនុស្សលោកគ្រប់រូប ឱ្យប្រកាន់ខ្ជាប់នូវអំពើល្អអំពើជាកុសល លះបង់អំពើបាប អំពើជាអកុសល សាងនូវកុសលទាន តម្កល់ទុកសម្រាប់ អនាគតជាតិ។ ពិសេសនោះ ពុទ្ធបរិស័ទគ្រប់រូប ត្រូវគោរពប្រតិបត្តិ និងដឹងគុណចំពោះបុព្វការីជន មានមាតាបិតាទាំងរូបលោក នៅមានអាយុសង្ខាក្ដី ឬមរណៈកាលទៅហើយក្ដី ដូចដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អ្នកឧកញ៉ាមង្គល សោភ័ណ្ឌ ជាបុត្រាបុត្រី និងចៅៗ ព្រមទាំងក្រុមគ្រួសារ បាននឹងកំពុងប្រណិបត្តិក្នុងពេលនេះ គឺបានបង្ហាញនូវក្តីស្រឡាញ់កត្តញូកត្តវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ជាការតបស្នងសងគុណចំពោះបុព្វការីជន គឺអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុនស៊ាងលី និងព្រឹទ្ធាចារ្យមហាឧបាសក លីន គ្រី ដែលបានធ្វើមរណកាលទៅកាន់បរលោកខាងមុខយ៉ាងពិតប្រាកដ។

ក្នុងពិធីនោះក៏អញ្ជើញពី សម្តេចវិបុលសេនាភក្តី សាយឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច មហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ និងពុទ្ធបរិស័ទជាច្រើនរូបទៀត។

ជាបន្ទាប់ក៏មានការធ្វើបទនមស្ការ សមាទានសីលចប់សព្វគ្រប់ សម្តេចតេជោ ហ៊ុន សែន សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាបុត្រាបុត្រី បង្កើត និងប្រសារ ចៅ ចៅទួត របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីនគ្រី រួមទាំងពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញរាប់បាត ថ្វាយនិងប្រគេន ដើម្បីសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះសង្ឃ នាយករងទី៣ និងព្រះថេរានុថេរៈទាំង៩ព្រះអង្គ ស្វាធ្យាយនូវព្រះសត្តប្បករណាភធម្ម និងភត្តានុមោទនា ពហូទេវាឆ្លងបញ្ចាប់ កម្មវិធីបុណ្យ។

មហាកុសលផលបុណ្យដែលកើតមានក្នុងថ្ងៃនេះ សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះសង្ឃ នាយករងទី៣ និងព្រះថេរានុថេរៈទាំង៩ព្រះអង្គ បានសូត្រធម៌ឧទ្ទិសកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធ ឧបាសក ជាង ប៊ុន និងឧបាសិកា ណាយ ហួយ (ត្រូវជាមាតាបិតា បង្កើតមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី), មហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវជាមាតាបិតាបង្កើត សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន, លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ប្អូនស្រីបង្កើតសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ហ៊ុន កំសត់ កូនប្រុសច្បង សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងឧទិ្ទសមហាកុសល ជូនដួងវិញ្ញាណក្ខ័ន្ធ ជីដូន ជីតា ញាតិការសាច់សារលោហិតក្នុងសង្សារវដ្តទាំងអស់ អញ្ជើញមកទទួលយកមនុញ្ញផល ដែលបានឧទ្ទិសជូនក្នុងពេលនេះ និងបានសោយសុខក្នុងឋានដ៏ខ្ពង់ខ្ពស់ និងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

តាមរយៈ អំណាចនៃផល្លានិសង្ឃ កើតចេញពីពិធីបុណ្យពិធីបុណ្យទក្ខិណានុប្បទាននេះ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករងទី៣ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ សូមលើកថ្វាយចំពោះគុណបុណ្យព្រះរតនត្រៃ និងវត្ថុសក្តិសិទ្ធក្នុងលោក និងទេវតា ថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយបីបាច់រក្សា និងប្រោសព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គលគ្រប់ប្រការ ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីស្ថិតនៅជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅ នាពេលបច្ចុប្បន្ន និងជំនាន់ក្រោយៗទៀត ជាពិសេស ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងស្ថិតនៅជាគ្រឹះដ៏រឹងមាំក្នុងការថែរក្សា ការពារសុខសន្តិភាពជាយូរអង្វែងតរៀងទៅ។

សូមជម្រាបថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២៖១២នាទីទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ។

មរណភាពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាការបាត់បង់ដ៏ធំធេងនូវពុទ្ធសាសនិកមួយរូប ពោរពេញដោយសេចក្ដីបរិសុទ្ធក្នុងព្រះធម្ម ដែលបានបរិច្ចាគនូវទ្រព្យ និងកម្លាំងកាយចិត្ត ប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត ក្នុងការងារមនុស្សធម៌ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា។

មរណភាពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ក៏ជាការបាត់បង់នូវមាតា មាតាក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រឡាញ់ស្មើជីវិត ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់ គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូនចៅ បានក្លាយជាពលរដ្ឋល្អ បញ្ញវន្ត និងជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលជាមនុញ្ញផល មិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានប្រសូតនៅថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ព.ស ២៤៦៨ ត្រូវនឹងថ្ងៃទី0៤ ខែឧសភា ឆ្នាំ១៩២៥ នៅក្នុងគ្រួសារ កសិករ នៅភូមិកោះបីពៃ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)៕