(ភ្នំពេញ)៖ កាលពីពេលថ្មីនេះ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់បានផ្តល់បទសម្ភាសន៍ នៅក្នុងចំការធុរេន និងសាចម៉ាវដូច្នេះថា ក្នុងស្រុកព្រៃនប់មានចំការជាច្រើនកន្លែង ក៏ប៉ុន្តែសម្រាប់ចំការធុរេននិងសាវម៉ាវនៅក្នុងឃុំសំរ៉ុង ស្រុកព្រៃនប់ គឺមានផ្ទៃដីធំជាងគេរហូតទៅដល់ជាង ២០ ហិចតា ដែលបាននិងកំពុងទទួលផលជាបណ្ដាបណ្ដើរលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ន។

ក្នុងនាមអាជ្ញាធរស្រុកលោកគាំទ្រយ៉ាងពេញទំហឹង ចំពោះវិស័យកសិកម្មនៅក្នុងស្រុកព្រៃនប់ និងសូមឲ្យប្រជាពលរដ្ឋ ដែលមានដីកុំទុកដីចោលទំនេរ សូមដាំដំណាំដែលអាចដាំបាន ទាំងធុរេន សាវម៉ាវ ទាំងបន្លែជីគ្រប់ប្រភេទនៅក្នុងដីរបស់ខ្លួន ដើម្បីបង្កើនសេដ្ឋកិច្ចនៅក្នុងគ្រួសារកាន់តែប្រសើរឡើង។

លើសពីនេះទៅទៀត រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើវិស័យសិកម្មដែលបានជ្រើសរើសមន្ត្រីកសិកម្មប្រចាំឃុំ ដើម្បីឲ្យពួកគាត់ជួយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាក់ស្ដែងតែម្ដង។

ដោយឡែក លោក ថុង សេដ្ឋា ដែលជាម្ចាស់ចំការធុរេននិងចំការសាវម៉ាវ ស្ថិតនៅក្នុង ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានលើកឡើងអំពីបច្ចេកទេសការដាំនិងការថែទាំទុរេននិងសៅម៉ាវ ដើម្បីឲ្យមានការលូតលាស់ល្អនិងទទួលបានទិន្នផលខ្ពស់។

ម្ចាស់ចំការក៏បានឲ្យដឹងបន្ថែមថា ចំការរបស់គាត់មានផ្ទៃដីជាង ២០ ហិចតា ដែលមានធុរេនចំនួន១ពាន់ដើម និងសាវម៉ាវ ៦រយដើម ដែលបច្ចុប្បន្នធុរេនទទួលបានទិន្នផលជាង ២០ តោន ក្នុងឆ្នាំនេះមានការថយជាងឆ្នាំមុនបន្តិច ដោយសារអាកាសធាតុ។ សម្រាប់ធុរេនដែលទទួលបានផលមានប្រមាណជា ៤រយដើម ក្នុងឆ្នាំនេះ ដោយឡែកសម្រាប់ទីផ្សារ គឺមានភាពងាយស្រួលដោយមានអតិថិជនមកចាំទិញដល់ចំការតែម្ដង។

ដូចនេះដើម្បីបង្កើនជីវភាពក្នុងគ្រួសារដូចលោកអភិបាលស្រុកព្រៃនប់ បានលើកឡើងហើយថា សូមឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃនប់ទាំងអស់កុំទុកដីទំនេរចោល ត្រូវដាំដំណាំរួមផ្សំ ដើម្បីបង្កើនសេដ្ឋកិច្ចជីវភាពគ្រួសារ ឲ្យកាន់តែប្រសើរឡើងផងដែរ៕