(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមគំរូដឹកនាំដ៏បុិនប្រសពឈ្លាសវៃរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពី បងប្អូនសប្បុរសជននានាដែលតែងឧបត្ថម្ភគាំទ្រដល់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបរិច្ចាគឈាមដោយស្ម័គចិត្ត ផ្តល់ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម ក្រោមប្រធានបទ «ធ្វើអំណោយទានជីវិត» នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលបានធ្វើការបរិច្ចាគឈាមដោយស្ម័គចិត្ត ផ្តល់ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម ក្រោមប្រធានបទ ” ធ្វើអំណោយទានជីវិត ” សម្រាប់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគុណធម៌ របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ដែលតែងតែផ្តួចផ្តើមធ្វើនៅកម្មវិធីសប្បុរសធម៌គ្រប់រូបភាព ជាបន្តបន្ទាប់ពិសេសក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ស្ថិតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានលើកឡើងថា ការបរិច្ចាគឈាមនេះគឺជាការចូលរួមគ្នាក្នុងសង្គមជាតិយើង ព្រមទាំងជាកាតព្វកិច្ចរបស់ពលរដ្ឋល្អ ដោយក្នុងនាមជាកងកម្លាំងដែលចង់ឃើញសង្គមជាតិមួយមានសុជីវធម៌ល្អ គុណធម៌ល្អ ហើយនឹងវប្បធម៌ល្អ ហើយនេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹង ទិសស្លោក យុវជន យុវនារី ដើម្បីបុព្វហេតុជាតិមាតុភូមិ ខ្មែរជួយខ្មែរ ខ្មែរធ្វើបាន ដែលជាភាសានេះដួងមួយសម្រាប់យុវជនកម្ពុជាយើងផងដែរ៕