(ភ្នំពេញ)៖ មុខសញ្ញាចោរឆក់ជនបរទេស៧នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌបឹងកេងកងឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពួកគេធ្វើសកម្មភាព នៅក្នុងរាជធានីភ្នំពេញ។
ករណីទី១ គឺនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៥ ម៉ោងប្រហែល ១៨:២៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍បឹងកេងកងទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៤ នាក់ ដែលបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) និងទទួលផលចោរកម្ម នៅចំណុចមុខសណ្ឋាគារមេហ្សុងអានីកា ផ្លូវ៥៧ កែងផ្លូវ២៧៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ កាលពីថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២៥ ម៉ោងប្រហែល ០៣:៥០ ទៀបភ្លឺ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជនសង្ស័យដែលបានឃាត់ខ្លួន ០៤ នាក់នោះរួមមាន៖
១៖ ឈ្មោះ ស៊ឹម ភក្រ្តា ភេទប្រុស អាយុ ២១ ឆ្នាំ ខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ១ ផ្លូវ២៩៨ ស/កទួលស្វាយព្រៃទី១ មុខរបរ ដឹកជញ្ជូន (មានសារធាតុញៀន) ។
២៖ ឈ្មោះ កែ ឆៃយ៉ា ហៅអាញ៉ា ភេទប្រុស អាយុ ២៧ ឆ្នាំ ខ្មែរ ស្នាក់នៅផ្ទះលេខផ្លូវ២១១ ស/កវាលវង់ ខណ្ឌ៧មករា មុខរបរ លក់ដូរ (មានសារធាតុញៀន) ។
៣៖ ឈ្មោះ វ៉ាន់ ប៉េស ភេទប្រុស អាយុ ១៨ ឆ្នាំ ខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ
មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ។
៤៖ ឈ្មោះ សែ រស្មីចាន់ពិសិដ្ឋ ហៅអាសិដ្ឋ ភេទប្រុស អាយុ ១៨ ឆ្នាំ ខ្មែរ ស្នាក់នៅផ្ទះសំណាក់ហេង លាប ផ្លូវ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ។
វត្ថុតាងចាប់យកមានដូចជា៖ ម៉ូតូ ០១ គ្រឿង (របស់ជនសង្ស័យជិៈធ្វើសកម្មភាព) ទូរស័ព្ទដៃ ០១ គ្រឿង (របស់ជនសង្ស័យ) និងទូរស័ព្ទដៃ ០១ គ្រឿង (របស់ជនរងគ្រោះបានប្រគល់ឲ្យជនរងគ្រោះវិញ) ។
ករណីនេះ គឺជនរងគ្រោះមានឈ្មោះ LARL YKOV kONSTANTIN ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិរុស្សី ស្នាក់នៅអាផាតមិន The Moonvine360 ផ្លូវ៣៦០ ស/កបឹងកេងកងទី៣ ខណ្ឌបឹងកេងកង មុខរបរ ទេសចរណ៍ ។
បើតាមសមត្ថកិច្ច នៅថ្ងៃកើតហេតុម៉ោង ១២:០០ ជនរងគ្រោះបានឃើញទូរស័ព្ទដៃរបស់ខ្លួន ដែលចោរឆក់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅចំណុចមុខសណ្ឋាគារមេហ្សុងអានីកា ផ្លូវ៥៧ កែងផ្លូវ២៧៨ ភូមិ៥ ស/កបឹងកេងកងទី១ នៅក្នុងផេកខ្មែរ២៤ ហើយជនរងគ្រោះបាន រាយការណ៍មកប្រាប់សមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនឈ្មោះ សុឹម ភក្រ្តា យកមកសាកសួរ ក្រោយពីសាកសួរឈ្មោះ សុឹម ភក្ត្រា បានសារភាពថាខ្លួន បានទិញទូរស័ព្ទដៃ ០១ គ្រឿង ពិតប្រាកដមែនពីឈ្មោះ កែ ឆៃយ៉ា ក្នុងតម្លៃ ៣០០ ដុល្លារ ។ បន្ទាប់មកសមត្ថកិច្ចយើងក៏បានស្រាវជ្រាវឃាត់ខ្លួនឈ្មោះ កែ ឆៃយ៉ា នៅចំណុចដីឡូទុកចោល ស/កទន្លេបាសាក់ ខណ្ឌចំការមន យកមកសាកសួរតែម្ដង ។ ហើយបន្តទៅឃាត់ខ្លួនឈ្មោះ វ៉ាន់ ប៉េស និងឈ្មោះ សែ រស្មីចាន់ពិសិដ្ឋ នៅចំនុចផ្ទះសំណាក់ ហេងលាប ផ្លូវ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា យកមកសាសួរតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យ ០៤ នាក់ខាងលើ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួន នៅអធិការដ្ឋានខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
ចំណែកករណីទី២ គឺការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបជនបរទេស) ប្រព្រឹត្ដនៅចំណុចមុខអាផាតមិនផាមហោស៍ ផ្លូវ៦៣ ភូមិ៨ សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ២០:៤០ នាទី។
នៅថ្ងៃកើតហេតុម៉ោង ២១:៤០ កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌបឹងកេងកង សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ និងកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣ នាក់ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវឌឿងហែម ភូមិតាង៉ូវ សង្កាត់ព្រែកប្រារ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ០៣ នាក់ នោះរួមមាន៖
ទី១៖ ឈ្មោះ ផុន សិលា ភេទប្រុស អាយុ ២៧ ឆ្នាំ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ
ទី២៖ ឈ្មោះ វ័ន្ត ឌីណា ភេទប្រុស អាយុ ១៧ ឆ្នាំ ខ្មែរ ទីកន្លែងស្នាក់នៅ និងមុខរបរ មិនពិតប្រាកដ ។
ទី៣៖ ឈ្មោះ ពង្ស ផែន ភេទប្រុស អាយុ ២០ ឆ្នាំ ខ្មែរ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវឌឿងហែម ភូមិតាង៉ូវ សង្កាត់ព្រែកប្រារ ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ។
វត្ថុតាងដកហូតមានដូចជា៖ ម៉ូតូ ០១ គ្រឿង ,ទូរស័ព្ទដៃ ០៣ គ្រឿង ។
ជនរងគ្រោះឈ្មោះ EMMA BOOCK JENSEN ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិដាណាម៉ាក ស្នាក់នៅស្កាយវីឡា ផ្លូវ៤០០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង មុខរបរ ទេសចរណ៍។ សម្ភារបាត់បង់មានដូចជា៖ លិខិតឆ្លងដែន ០១ ក្បាល ,ទូរស័ព្ទ ០១ គ្រឿង ,លុយខ្មែរប្រហែល ៣០ ម៉ឺនរៀល ,លុយដុល្លារប្រហែល ៨០ ដុល្លារ ,កាតធនាគារDarsk Bank មួយចំនួន០១សន្លឹក ។
បើតាមសមត្ថកិច្ច នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ០៨:៤០ ជនសង្ស័យ ០៣ នាក់ខាងលើ បានជិះម៉ូតូ០១គ្រឿង ឌុបគ្នាធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះ នៅចំណុចទីតាំងកើតហេតុបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ ។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលបឹងកេងកង១ ដើម្បីឲ្យសមត្ថកិច្ចយើងធ្វើការស្រាវជ្រាវចាប់ជនល្មើសមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ២១:៤០ កម្លាំងសមត្ថកិច្ចយើងធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ នៅចំណុចបន្ទប់ជួលគ្មានលេខ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នាំយកមកធ្វើការសាកសួរ ។ ក្រោយសាកសួរក្រុមជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានឆក់កាបូបជនរងគ្រោះប្រាកដមែន រួចយកទូរស័ព្ទលក់នៅម្ដុំផ្សារកណ្ដាលតែគេមិនទិញ (ជាប់IClutd) ក៏បានយកទៅបោះចោលចូលទឹកទន្លេ ចំណែកកាបូប រួមនិងសម្ភារបោះកន្លែងចោលសម្រាមកោះពេជ្រ ។
បច្ចុប្បន្ន ជនសង្ស័យ ០៣ នាក់ខាងលើ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួន នៅអធិការដ្ឋានខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕