(មណ្ឌល)៖ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានអះអាងថា ឈើជន្លង់ម្រេចដែលត្រូវបានរឹបអូសពីម្ចាស់ចម្ការម្រេចក្នុងខេត្តមណ្ឌលគិរី ជាឈើដែលគេកាប់ពីតំបន់ការពារធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃស្រែពក-ណាមលៀ។
ការអះអាងរបស់ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានធ្វើឡើងបន្ទាប់ពីមានអ្នករកស៊ីដាំម្រេចក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ឈ្មោះ សឿន នឿន បង្ហាញការមិនសប្បាយចិត្តចំពោះសមត្ថកិច្ចចម្រុះចុះទៅដកហូតជន្លង់ម្រេចរបស់ខ្លួន ដែលរៀបចំដាំដុះម្រេច។
ឆ្លើយតបទៅនឹងការរឹបអូសជន្លង់ម្រេចនេះ, លោក ហាស់ វិបុល បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ រូបលោក និងអនុប្រធានទទួលបន្ទុកតំបន់ការពារធម្មជាតិ មន្ត្រីការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀ សហការជាមួយគណៈបញ្ជាការឯកភាពស្រុក ខ័ណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងកម្លាំងយោធានៃអនុសេនាធំលេខ១(ដេអេ) បានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសដឹកជញ្ជូន ប្រមូលធ្វើសន្និធិ ឬប្រមូលសន្និធិផល និងអនុផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត្ត ដែលប្រព្រឹត្តផ្ទុយពីក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា៨៥០ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធធានាគាពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ដល់៥០០លានរៀល។
លោកប្រធានមន្ទីរបន្តថា ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងទាំងក្នុងតំបន់ការពារធម្មជាតិ និងក្នុងដីបានចុះបញ្ជីជាដីឯកជនរួចរាល់។ ក្នុុងនោះ រឹបអូសបានឈើអារនៅក្នុងដែនជម្រកសត្វព្រៃស្រែពក-ណាមលៀចំនួនចំនួន៥កន្លែងរួមមាន៖ សហគមន៍តំបន់ការពារធម្មជាតិពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ភូមិពូទឺត ភូមិពូក្រូច ឃុំស្រែអំបួម ភូមិ ប៊ូស្រា ភូមិពូទឺត ឃុំប៊ូស្រា និងភូមិស្រែពូរ៉ាប៉ែត ក្រង់តេះ។ ជាលទ្ធផលនៃប្រតិបត្តិការនេះ បង្ក្រាបបានគោយន្តកែច្នៃចំនួន ១គ្រឿង រណាយន្តចំនួន ៣គ្រឿង ជន្លង់ម្រេចប្រមាណ ៤,០០០ជន្លង់។
ក្នុងប្រតិបត្តិការនេះ ក្រុមការងារ ក៏បានរកឃើញជន្លង់ម្រេចរាប់មុឺនដើម ទើបកាប់ និងជញ្ជូនថ្មីៗ និងទើបដាំបញ្ឈររួចផងដែរ។ លោកប្រធានមន្ទីរបរិស្ថាន បានទទួលស្គាល់ថា ក្រុមការងារពិតជាបានរឹបអូសជន្លង់ម្រេចពីឈ្មោះ សឿន នឿន ពិតប្រាកដមែន។
បើតាមលោកប្រធានមន្ទីរ ការរឹបអូសនេះ ព្រោះក្រុមការងារបានពិនិត្យឃើញថា ជន្លង់ម្រេចនេះជាឈើអារថ្មីៗខុសច្បាប់ដឹកយកពីព្រៃក្នុងតំបន់ការពារធម្មជាតិ។ ក្នុងនោះគណៈបញ្ជាការឯកភាពស្រុកបានអញ្ជើញម្ចាស់ចំការពាក់ព័ន្ធមកសួរនាំ និងផ្សព្វផ្សាយឱ្យបញ្ឈប់ការប្រមូលទិញឈើយកមកធ្វើជាជន្លង់ម្រេចដោយគ្មានលិខិតអនុញ្ញាត្តត្រឹមត្រូវតាមច្បាប់។
លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានអះអាងផងដែរថា ក្រុមការងារចម្រុះកំពុងបន្តការស្រាវជ្រាវ រុករក ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ និងអនុវត្តច្បាប់១០០ភាគរយ ដោយគ្មានការលើកលែង៕