(ភ្នំពេញ)៖ នាឱកាស នៃកិច្ចសន្ទនារវាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងគណៈប្រតិភូយុវជន YLC នៃសមាគមប្រជាជនសិង្ហបុរី (People's Association Singapore) លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ បានផ្ដល់ឱកាសឲ្យប្រតិភូយុវជនទាំងអស់ បានសិក្សាស្វែងយល់កាន់តែស៊ីជម្រៅពីបរិបទសង្គមរបស់ប្រទេសកម្ពុជា តាមរយៈការផ្ដល់ជាវេទិកា សំណួរ និងចម្លើយ ដោយបើកឲ្យប្រតិភូទាំងអស់ បានជជែកពិក្សាជាមួយលោកផ្ទាល់ព្រមទាំងថ្នាក់ដឹកនាំដទៃទៀតផងដែរ។
ឆ្លើយតបទៅកាន់យុវជនដែលមកពីសមាគមន៍ប្រជាជនសិង្ហបុរីពាក់ព័ន្ធនឹងប្រធានបទ ពលរដ្ឋសកម្ម (active citizens) លោក ហ៊ុន ម៉ានី បានថ្លែងថា ពលរដ្ឋសកម្មគឺទាមទារឲ្យមានទំនួលខុសត្រូវ ការប្តេជ្ញាចិត្ត និងភាពរឹងមាំក្នុងការធ្វើការសម្រេចចិត្ត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម ជាក់ស្ដែង ស.ស.យ.ក.បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ភាពជាពលរដ្ឋសកម្ម តាមរយៈការផ្ដល់ឱកាសឲ្យយុវជនបានចូលរួមការងារស្ម័គ្រក្នុងព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់ ស.ស.យ.ក.។
លោកបានបន្តថា មិនថានៅប្រទេសកម្ពុជា សិង្ហបុរី ឬប្រទេសដទៃនៅលើពិភពទេ ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបគឺមានគុណតម្លៃសម្រាប់សង្គមជាតិនីមួយៗ ហើយការចូលរួមទាំងនោះគឺគប្បីកើតចេញពីការយល់ដឹង ការទទួលខុសត្រូវ និងការចូលរួមចេញពីចិត្ត។ លោកបន្ថែមថា ការកសាងសង្គមមួយឲ្យល្អប្រសើរមិនមែនជារឿងងាយទេ ប៉ុន្តែវាអាចផ្តើមពីជម្រើសផ្ទាល់ខ្លួនរបស់ពលរដ្ឋគ្រប់រូប តាមរយៈការចង់ធ្វើអ្វីមួយដោយចេញពីចិត្តដើម្បីផលប្រយោជន៍រួមរបស់សង្គមជាតិខ្លួន។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា សង្គមមានសន្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់លក្ខណៈអំណោយផលសម្រាប់ ពលរដ្ឋសកម្ម ជាពិសេសយុវជនចូលរួមកសាងសហគមន៍មួយដ៏រឹងមាំ និងជំរុញការអភិវឌ្ឍ។
លោកបានបន្តទៀតថា ជាក់ស្តែងប្រទេសកម្ពុជាផ្ទាល់ យើងធ្លាប់បានឆ្លងកាត់នូវសង្គ្រាមរាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំ និងបានទទួលសុខសន្តិភាពពេញលេញ កាលពីចុងឆ្នាំ១៩៩៨។ ដូច្នេះក្នុងនាមជាយុវជនជំនាន់ក្រោយ យើងត្រូវតែចងចាំថាបើទោះបីស្ថានភាពប្រទេសជាតិមានស្ថិរភាព និងបរិយាកាសល្អ តែយើងត្រូវតែត្រៀមលក្ខណៈចំពោះមុខគ្រាលំបាកណាមួយដែលមិនអាចប៉ាន់ស្មាន់បាន ដែលទាមទារឲ្យយើងមានចិត្តគំនិត និងស្មារតីរួមគ្នាជានិច្ច៕