(សៀមរាប)៖ លោកបណ្ឌិត សឹង សំណាង អនុប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះជួយខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះ​ជួយ​ស្រុក​សូទ្រនិគម បានក្រើនរំលឹកដល់ក្រុមការងារឱ្យយកចិត្តទុកដាក់​លើបញ្ហាប្រឈមទាំងឡាយក្នុងជីវភាពរបស់ប្រជាពលរដ្ឋ ហើយប្រឹង​ប្រែងដោះស្រាយជូនពួកគាត់ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព ក៏ដូចជាជួយឱ្យការរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរ។

លោកបណ្ឌិត សឹង សំណាង បានលើកឡើងបែបនេះ ក្នុងពិធីប្រកាស​ក្រុម​ការងាររាជ​រដ្ឋា​ភិបាលចុះជួយស្រុកសូទ្រនិគម និងក្រុមការងារ​រាជ​រដ្ឋាភិបាល​ចុះឃុំទាំង១០ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៥។

ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការរងារ​រាជ​រដ្ឋា​ភិបាល​ចុះមូលដ្ឋានស្រុក និងឃុំទាំង១០ នៃស្រុកសូទ្រនិគម រួម​ទាំង​ក្រុមការ​ងារលេខាធិការដ្ឋានសរុបចំនួនប្រមាណ៣១០នាក់។

លោកបណ្ឌិត សឹង សំណាង បានលើកឡើងថា ក្រុមការងារ​រាជ​រដ្ឋា​ភិ​បាលចុះមូលដ្ឋាន ជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយ​តម្រ​ង់​ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅតាម​មូល​ដ្ឋាន​ទាំងបច្ចេកទេស និងធនធានដល់រដ្ឋបាលលើការអនុវត្តគោល​នយោបាយជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និង​ការ​ពង្រឹងអភិបាលកិច្ចជាស្នូល។

បន្ថែមពីលើនេះ ក្រុមការងាររាជរដ្ឋាភិបាល ក៏មានតួនាទីសហការរៀប​ចំវេទិកាសាធារណៈនិងជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋក្នុងន័យធ្វើឱ្យកង្វល់ បញ្ហា​ប្រឈម សំណើ និងសំណូមពរនានារបស់ប្រជា​ពលរដ្ឋ​បានដឹងឮ​ទៅ​ដល់ថ្នាក់ដឹកនាំជាតិ។ ក្រុមការងារ ក៏ត្រូវចុះជួយអន្តរា​គមន៍​ឱ្យបានទាន់ពេលវេលាក្នុងពេលប្រជាពលរដ្ឋជួប​គ្រោះធម្មជាតិ ជំងឺរាតត្បាលផ្សេងៗ ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជា​ពល​រដ្ឋ​ប្រកប​ដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោកបណ្ឌិត សឹង សំណាង បានគូសបញ្ជាក់ថា លោកនឹងរៀបចំ​វេទិកា​សាធារណៈនាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពី​ប្រធាន​មន្ទីរនានា ដើម្បីដោះស្រាយ​បញ្ហា​ជាមួយ​ប្រជាពលរដ្ឋ​ដែល​លើក​ឡើងក្នុងវេទិកា។

ក្នុងឱកាសនោះ លោកបណ្ឌិត សឹង សំណាង បានណែនាំក្រុមការងារ រាជរដ្ឋាភិបាលចុះជួយស្រុកសូទ្រនិគមត្រូវបំផុសពីគុណតម្លៃនៃសន្តិភាព ហើយរួមគ្នាលើកកម្ពស់វប្បធម៌សន្តិភាពនៅកម្ពុជា ជាពិសេស​ការ​ចូលរួមការពារសន្តិភាពដែលជាអាយុជីវិតរបស់ប្រទេសជាតិតាមរយៈការលើកកម្ពស់សន្តិសុខជាតិធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅសុខដុម និងកាត់បន្ថយនៅភាពអសកម្ម និងបទល្មើសព្រហ្មទណ្ឌគ្រប់​ប្រ​ភេទ​។

ក្នុងឱកាសនោះលោកបណ្ឌិត ក៏បានក្រើនរំលឹកក្រុមការងារឱ្យតាម​ដានស្វែងយល់ក្ដាប់ឱ្យជាប់ការវិវត្តនៃជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍ក្រីក្រ និងនៅតាមជនបទដើម្បីឆ្លើយតបឱ្យ​បានទាន់ពេលវេលា​នៅ​ពេលប្រជាជនជួបការលំបាក។ ជាមួយគ្នានេះត្រូវយកចិត្តទុកដាក់​បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលកំពុងប្រកបរបរអាជីវកម្ម ឬផលិតកម្មតូចតាចសេដ្ឋកិច្ចក្រៅប្រព័ន្ធតាម​រយៈការជំរុញ​អនុវត្ត​យុទ្ធ​សាស្ត្រជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានលំនឹង និងភាពកក់​ក្ដៅក្នុង​ការរស់នៅ និងប្រកបអាជីវកម្ម។ តួនាទីសំខាន់មួយទៀត​គឺការ​ជំរុញ​ការផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធានាសុវត្ថិភាពក្នុង​ការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ៕