(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ បានថ្លែងថា ការផ្សាយព័ត៌មានរបស់អ្នកសារព័ត៌មាន ដោយគោរពលើសិទ្ធិអ្នកដទៃ ប្រៀបដូចជាការផ្តល់តម្លៃចំពោះការផ្សព្វផ្សាយរបស់ខ្លួន។
ក្នុងឱកាសអញ្ជើញផ្តល់កិត្តិយសសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានទូទាំងប្រទេស លើកទី៧ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវអនុវត្តនូវក្រមសីលធម៌ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីរក្សាតម្លៃនៃប្រព័ន្ធសារព័ត៌មានទាំងមូលរបស់កម្ពុជា។
សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍យ៉ាងដូច្នេះថា «ពេលខ្លះយើងត្រូវគិត ទោះបីព័ត៌មានពិតក៏ដោយត្រូវគិតផងថា ឥទ្ធិពលព័ត៌មានដែលយើងផ្សាយនេះ តើវាប៉ះពាល់ដល់សង្គមជាតិ ឬមួយប៉ះពាល់ដល់អ្នកដទៃនោះទេ […] បើយើងថតឃើញឈាមឃើញអីប្រហែលជាមនុស្សមើលច្រើន បើទៅស្រាវជ្រាវឃើញមុខកូនរបស់ជនរងគ្រោះអីអាចគេចាប់អារម្មណ៍ តែវាប៉ះពាល់ តែយើងគោរពសិទ្ធអ្នកដទៃបែបនេះ នេះហើយគឺការទទួលខុសត្រូវនៃការផ្សព្វផ្សាយព័ត៌មាន» ។
ថ្លែងទៅកាន់អង្គវេទិការនៅចំពោះអ្នកសារព័ត៌មានជាង៥ពាន់នាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមើលឃើញថា បច្ចុប្បន្នការផ្សព្វផ្សាយរូបភាពគ្រោះថ្នាក់ចរាចរណ៍ និងរូបភាពជនរងគ្រោះជាដើម ត្រូវបានកាត់បន្ថយដែលជាការបង្ហាញអំពី ភាពចាស់ទុំផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងសង្គម។
ក្នុងន័យនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើដល់អ្នកសារព័ត៌មានទាំងអស់រួមគ្នា ការពារសុចរឹតភាព ការពារសុក្រឹតភាព ការពារក្រមសីលធម៌ ដោយអនុវត្តសិទ្ធ និងសីលធម៌ឲ្យបានត្រឹមត្រូវ។ សម្ដេចបន្តថា ការការពារ និងអនុវត្តនូវក្រមសីលធម៌នេះគឺជាការរក្សាតម្លៃនៃសារព័ត៌មាន និងប្រព័ន្ធសារព័ត៌មានទាំងមូលរបស់កម្ពុជា។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តដល់ជនរួមជាតិទាំងអស់ចូលរួមផ្សព្វផ្សាយល្អៗពីប្រទេសជាតិខ្លួន ជាពិសេសចូលរួមប្រើប្រាស់របស់ខ្មែរ ពោលគឺ គ្មាននរណាស្រឡាញ់ខ្មែរជាងខ្មែរខ្លួនឯងនោះទេ៕