(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងថា បណ្តាញសង្គមដើរតួនាទីកាន់តែសំខាន់ និងបើកឱកាសឱ្យពលរដ្ឋលើកពីភាពអវិជ្ជមាននៃការអនុវត្តច្បាប់របស់មន្ត្រីគ្រប់ស្ថាប័ន។
ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាននៅទូទាំងប្រទេស លើកទី៧ ដែលមានអ្នកចូលរួមសរុបប្រមាណជាង ៥ពាន់នាក់។
ចំពោះមុខអង្គពិធី, សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងពីករណីរបស់មហាសេដ្ឋីមួយរូបនៅអ៊ីតាលី ដែលត្រូវបានជនឆបោកប្រើប្រាស់បច្ចេកវិទ្យា AI ក្លែងជារដ្ឋមន្ត្រីការពារជាតិអ៊ីតាលី បោកប្រាស់ឱ្យប្រើលុយ១លានអឺរ៉ូបានសម្រេច ហើយនេះសបញ្ជាក់ពីបញ្ហាប្រឈមខ្លាំងរបស់បច្ចេកវិទ្យា AI ដែលពង្រឹងនូវក្រមសីលធម៌របស់អ្នកបញ្ជាលើបច្ចេកវិទ្យានេះឱ្យកាន់តែម៉ឺងម៉ាត់។
បន្ថែមពីនេះ សម្ដេចបវរធិបតី បានបន្តថា មធ្យោបាយបច្ចេកវិទ្យា មធ្យោបាយ AI គ្រាន់តែបង្កើតនូវអំណាចនេះ (សារព័ត៌មាន) ឱ្យកាន់តែខ្លាំង កាន់តែមានឥទ្ធិពល កាន់តែលឿន និងទូលំទូលាយ។ ដូច្នេះ ការប្រើប្រាស់អំណាចនេះ ដែលធានាដោយរដ្ឋធម្មនុញ្ញនៅក្នុងការចូលរួមកសាងប្រទេស ការចូលរួមត្រួតពិនិត្យទៅលើការអនុវត្តរបស់មន្ត្រីគ្រប់ស្ថាប័នទាំង៣ ធ្វើអ្វីក៏ត្រូវឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ បើធ្វើមិនស្រួលប្រជាពលរដ្ឋអាចឆ្លុះបញ្ចាំងតាមរយៈព័ត៌មាន។
ដោយត្រង់នេះ សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ឥឡូវការប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គម កាន់តែបង្កើនសិទ្ធិ និងឥទ្ធិពលរបស់ប្រជាពលរដ្ឋនៅក្នុងការឆ្លុះបញ្ចាំង និងបង្ហាញនូវចំណុចអវិជ្ជមាន ឬចំណុចឈកល្វែង កាន់តែលឿន ហើយអាចជួយយើងក្នុងការដោះស្រាយបញ្ហាកាន់តែលឿន នេះគឺជាការពិត»៕