(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាននៅទូទាំងប្រទេស លើកទី៧។
ក្នុងពិធីនេះមានអ្នកចូលរួមសរុបប្រមាណជាង ៥ពាន់នាក់។
ក្រៅពីអ្នកសារព័ត៌មាន ក្នុងពិធីដ៏មហោឡារិកនេះ ក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល អ្នកនាំពាក្យក្រសួង-ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មាន រាជធានី-ខេត្ត និងក្រុមការងារព័ត៌មាន និងសាធារណមតិ អ្នកសារព័ត៌មាន តំណាង អង្គការយូណេស្កូប្រចាំកម្ពុជា អ្នកផលិតមាតិកា និងអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គម (Social Media Influencers)។
ជំនួបសំណេះសំណាលនៅរសៀលថ្ងៃនេះ ជាការបន្តនូវគំរូសម្តេចតេជោ ហ៊ុន សែន ពេលសម្តេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យសារព័ត៌ មាន ហើយបានបង្កើតឱ្យមានជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជារៀងរាល់ឆ្នាំ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយ បានចូលរួមក្នុងពិធីជួបជុំមហាគ្រួសារអ្នកសារព័ត៌មានកម្ពុជា លើកទី៧ ឆ្នាំ២០២៥។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកសារព័ត៌មានជាចំណែកសំខាន់ក្នុងការឆ្លើយតបបានលឿនរហ័សទៅលើគោលនយោបាយនានាដែលរាជរដ្ឋាភិបាលដាក់ចេញក្នុងកិច្ចការដឹកនាំរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អរគុណអ្នកសារព័ត៌មាន ដែលបានធ្វើដំណើរពីគ្រប់រាជធានី ខេត្ត មកចូលរួមក្នុងពិធីនារសៀលនេះ ដែលជាការញ៉ាំងឱ្យពិធីកាន់តែមានភាពអធិកអធម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះអ្នកសារព័ត៌មាន, ទាំងក្នុងក្របខ័ណ្ឌរដ្ឋ និង ឯកជន ដែលបានប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារ- ព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងកម្មវិធីនយោបាយ, គោលនយោបាយ ក៏ដូចជា លិខិតបទដ្ឋានគតិយុត្ត និង សមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ ឱ្យ ទទួលបាននូវព័ត៌មានពិត និង គ្រប់ជ្រុងជ្រោយ, ហើយនាំយកសំណូមពរ ក្តីកង្វល់ បញ្ហា នានាក្នុងសង្គម ក៏ដូចជាការយល់ឃើញ និង ទស្សនៈរបស់ប្រជាពលរដ្ឋ មកជូនរាជរដ្ឋាភិបាល បានទាន់ពេលវេលា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកសារព័ត៌មានអាជីព គឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងមាន ប្រសិទ្ធភាពក្នុងសង្គម ដែលជាមូលដ្ឋាននៃការកសាង «សច្ចភាពប្រវត្តិសាស្ត្រ» និងជួយឱ្យប្រជាជនចៀសផុតពីការបំភ័ន្ត, ការបំភ្លៃ និងការបំផ្លើស ដោយជនអគតិ និងឈ្មួញនយោបាយ ព្រមទាំងជួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាបានទាន់សភាពការណ៍និងចំគោលដៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងសង្គមប្រជាធិបតេយ្យ, សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាអំណាចទី៤ បន្ទាប់ពីអំណាចនីតិប្បញ្ញត្តិ, អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាមែកធាងនៃប្រព័ន្ធគ្រប់គ្រងរដ្ឋ និងមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយនូវសកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលជូនសាធារណជន ហើយនាំយកបញ្ហាសង្គមនិងទុក្ខធុរៈរបស់ប្រជាជនមកប្រាប់រាជរដ្ឋាភិបាលវិញ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទិវាសេរីភាពសារព័ត៌មានពិភពលោក ផ្ដោតសំខាន់លើផលប៉ះពាល់ដ៏ធំ សម្បើមនៃបញ្ញាសិប្បនិម្មិតលើវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសលើការផលិត និងការចែកចាយព័ត៌មាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចេកវិទ្យា AI ដ៏ឆ្លាតវៃ ឬទំនើបយ៉ាងណា ក៏នៅតែអាស្រ័យលើមនុស្ស។ សម្តេចមហាបវរធិបតី បានថ្លែងថា អ្នកសារព័ត៌មាននៅតែមានតួនាទីសំខាន់ក្នុងការប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយទាំងឡាយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បណ្តាញសង្គមដើរតួនាទីកាន់តែសំខាន់ ក្នុងការបើកឱកាសឱ្យពលរដ្ឋលើកបង្ហាញភាពអសកម្មនៃការដឹកនាំរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមើលឃើញថា ការផ្សព្វផ្សាយរូបភាពគ្រោះថ្នាក់ចរាចរត្រូវបានកាត់បន្ថយ ជាការបង្ហាញភាពចាស់ទុំផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គមស៊ីវិល័យ ជាការយល់ដឹងខ្ពស់ ការគោរពគ្នាខ្ពស់ សីលធម៌ខ្ពស់ មិនមែនជាសង្គមដែលមានលុយច្រើននោះទេ។ មានលុយទិញឡានថ្លៃជិះ តែខ្វះសីលធម៌លើការបើកបរជាមនុស្សព្រៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មាននរណាស្រឡាញ់ និងថែរក្សាអាជីពសារព័ត៌មានខ្លាំងជាងអ្នកសារព័ត៌មាននោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុក្រឹតភាព សុចរិតភាព និងការទទួលខុសត្រូវ ជាធាតុដែលធ្វើឱ្យស្ថាប័នព័ត៌មានរក្សាបានប្រជាប្រិយភាពរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ផ្ទៃដី ១៨១,៤៣៦គីឡូម៉ែត្រ ជាទិន្នន័យថ្មីដែលវាស់វែង ដោយប្រព័ន្ធបច្ចេកទេសច្បាស់លាស់កាលពីឆ្នាំ២០១២ ហើយមិនទាន់រាប់បញ្ចូលផ្ទៃកោះនៅឡើយនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ទៃដីដែលកើននេះ មានទឡ្ហីករណ៍វាស់វែងច្បាស់លាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំអ្នកសារព័ត៌មានអត្ថាធិប្បាយលើសារព័ត៌មាន ដែលមិនយល់ ឬយល់មិនច្បាស់លាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំស្តាយចំនួនអ្នកមើលលើព័ត៌មានដែលផ្សាយខុស ត្រូវលុបចេញសម្រាប់ព័ត៌មានដែលផ្សាយខុស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំអាងជ្រកក្រោមផ្លាកសារព័ត៌មានឯករាជ្យ ហើយផ្សាយព័ត៌មានដោយគ្មានសុចរិតភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចគាំទ្រការផ្សាយនូវកង្វះខាតនៃការអនុវត្តន៍របស់រាជរដ្ឋាភិបាល តែត្រូវមានសុចរិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្សាយដោយគោរពលើសិទ្ធិអ្នកដទៃ គឺជាការផ្តល់តម្លៃចំពោះការផ្សព្វផ្សាយរបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជម្លោះបុគ្គលខ្លះ ត្រូវបានរីកធំ ព្រោះការព្យាយាមផ្សាយបន្តពីអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំខ្លាចគេអត់មើល ព្រោះផ្សាយល្អៗពីសង្គមជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមលើកទឹកចិត្តប្រើប្រាស់របស់ខ្មែរ គ្មាននរណាស្រឡាញ់ខ្មែរ និងផ្សាយល្អពីខ្មែរ ជាងខ្មែរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួង- ព័ត៌មានត្រូវពិនិត្យឡើងវិញនូវច្បាប់ស្តីពី របបសារព័ត៌មាន ព្រមទាំងសិក្សារៀបចំ ច្បាប់ស្តីពីសោតទស្សន៍, គោលនយោបាយអភិវឌ្ឍទូរទស្សន៍ឌីជីថលកម្ពុជា និងគោលនយោបាយ អភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ។ ទន្ទឹមនេះ សូមបន្តតាមដាន និងវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មាន ដោយត្រូវរៀបចំរបាយការណ៍ស្តីពីស្ថានភាព សេរីភាពសារព័ត៌មានកម្ពុជា ប្រចាំឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបន្តពង្រឹងការអនុវត្តច្បាប់ និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីរក្សាសណ្តាប់ ធ្នាប់ស្ថាប័នសារព័ត៌មាន និង ធានាបាននូវសន្តិសុខព័ត៌មាន។ ក្នុងន័យនេះ ក្រសួងព័ត៌មាន ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សារៀបចំច្បាប់ស្តីពី ការប្រឆាំងព័ត៌មាន ក្លែងក្លាយ ព្រមទាំងបន្តតាមដាន, វាយតម្លៃ និងឆ្លើយតបឱ្យទាន់ពេល ចំពោះព័ត៌មាន បំភ្លៃការពិត និងព័ត៌មានក្លែងក្លាយ។ ទន្ទឹមនេះ សូមបន្តតាមដាន ត្រួតពិនិត្យ និងមានវិធានការផ្លូវច្បាប់ចំពោះជនខិលខូចមួយចំនួន ជ្រកក្រោមស្លាកសារព័ត៌មាន ប្រព្រឹត្តបទកំហែងយកដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបន្តពង្រីកធនធានមនុស្ស និងពង្រឹងមូលធនមនុស្ស ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដោយក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ខ្ពស់លើការបណ្ដុះបណ្ដាល, ការកសាងកម្លាំងបន្តវេន និងការបង្កើនសមត្ថភាពស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន, ទាំងលើការងារគ្រប់គ្រង និងការងារបច្ចេកទេស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំជំរុញការអនុវត្តច្បាប់ស្ដីពី កម្មសិទ្ធិបញ្ញា ដើម្បីការពារមាតិការបស់ទូរទស្សន៍ និងអនុញ្ញាតជាគោលការណ៍ដល់ក្រសួងព័ត៌មានឲ្យសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធសិក្សាពី លទ្ធភាពរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីគ្រប់គ្រងខ្លឹមសារ និងការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងផ្ដល់លទ្ធភាពដល់ប្រព័ន្ធផ្សព្វផ្សាយ និង អ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងស្រុកអាចទាញផលប្រយោជន៍ ពីការផ្សាយពាណិជ្ជកម្ម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំជំរុញអង្គភាពសារព័ត៌មានអនឡាញទាំងអស់ប្រើប្រាស់ Domain Name «.kh» ដើម្បីបង្កើនប្រសិទ្ធភាពលើ ការគ្រប់គ្រងខ្លឹមសារ និង មាតិកា, ការរក្សាទុកទិន្នន័យ វិវាទ, ការគ្រប់គ្រងព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខជាតិ, ការរៀបចំសណ្តាប់ធ្នាប់ស្ថាប័នសារព័ត៌មាន, និងការលើកកម្ពស់អត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសលើកលែងការបង់ថ្លៃសេវាលើបណ្តាញផ្សព្វផ្សាយប្រើវេបសាយ Domain Name «.kh» រយៈពេល២ឆ្នាំ។ មួយឆ្នាំតម្លៃប្រមាណ ៣០ដុល្លារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង៧៖១៥នាទី នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕