(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងពី ការរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំលើកទី១២ ស្តីពី «ការជំរុញការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា»។
យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា យោងតាមសារៈសំខាន់ ក្នុងការជំរុញការអភិវឌ្ឍ SMEs និងដើម្បីគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២៥ ក្រោមប្រធានបទគោលស្តីពី ការជំរុញការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា» ធនាគារជាតិនៃកម្ពុជានឹង
រៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១២ ក្រោមគោលបំណងដូចជា៖
* ប្រមូលធាតុចូលបន្ថែម សម្រាប់ការរៀបចំគោលនយោបាយលើកទឹកចិត្តឲ្យ SMEs ចុះបញ្ជីជាផ្លូវ។
* ស្វែងយល់ពីកត្តាប្រឈមរបស់ SMEs ក្នុងការចូលរួមក្នុងខ្សែច្រវាក់ផលិតកម្មសកល។
* សិក្សាពីកាលានុវត្តភាពសម្រាប់ SMEs ដើម្បីទទួលបានហិរញ្ញប្បទានក៏ដូចជាទុនអាជីវកម្ម បន្ថែម។
* ជំរុញការចូលរួមរបស់ក្រុមហ៊ុន-សហគ្រាសក្នុងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។
ក្នុងនោះធនាគារជាតិនៃកម្ពុជា នឹងចាប់ផ្តើមទទួលយកអត្ថបទស្រាវជ្រាវដែលពាក់ព័ន្ធនឹងប្រធានបទគោល នៃសន្និសីទនេះ ហើយអត្ថបទស្រាវជ្រាវដែលមានគុណវុឌ្ឍនឹងត្រូវជ្រើសរើសឱ្យចូលរួមធ្វើបទបង្ហាញ នៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២។
អ្នកស្រាវជ្រាវដែលបានធ្វើបទបង្ហាញនឹងទទួលបាន នូវរង្វាន់លើកទឹកចិត្ត ហើយអត្ថបទស្រាវជ្រាវនឹងត្រូវបានបោះផ្សាយ ជាកាលិកបត្រស្រាវជ្រាវរបស់ ធនាគារជាតិនៃកម្ពុជា៕