(កំពង់ធំ)៖ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗ ចំនួន៣ចំណុច និងបាននាំយកអំណោយស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនទីបញ្ជាការស្រាលចំនួន៤កន្លែង ដែលកំពុងបំពេញបេសកកម្មការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់។ ពិធីនេះប្រព្រឹត្តទៅនៅតំបន់ព្រៃសហគមន៍អូរបុស្សលាវ ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
លោកបានថ្លែងនូវការកោតសរសើរ និងថ្លែអំណរគុណ ចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ មិនបានឈប់សម្រាកជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ ដើម្បីការពារធនធានធម្មជាតិរបស់យេីងទុកជាសម្បត្តិរបស់សង្គមជាតិទាំងមូល និងសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត។
លោកបានប្រគល់ភារកិច្ចសំខាន់ៗ ចំនួនបីចំណុចជូនដល់កងកម្លំាងចម្រុះ រួមមាន៖
*ទី១៖ ដាច់ខាតការពារឲ្យបាន មិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិបានទៀតឡើយ
*ទី២៖ ត្រូវគ្រប់គ្រងការពារឲ្យបានផ្ទៃដី ដែលដកហូតយកបានពីជនខិលខូចដែលលួចកាប់ទន្ទ្រាន នាពេលកន្លងទៅ ដើម្បីដាំស្ដារព្រៃឈើឡើងវិញ នៅក្នុងរដូវវស្សាខាងមុខនេះ
*ទី៣៖ ត្រូវចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសព្រៃឈើ ឲ្យបាន រួមជាមួយវត្ថុតាងជាក់ស្តែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។
នៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលចំនួន៤កន្លែង ដែលកំពុងបំពេញភារកិច្ច ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ដើម្បីបន្តសកម្មភាព ឲ្យដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ៕