(ភ្នំពេញ)៖ ក្រុមជ្រុលនិយម បានបង្កើតរូបភាពអវិជ្ជមានជាអន្ទាក់ដ៏ពិសពុលមួយ ដើម្បីប៉ុនប៉ងចង់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា នៅចំពេលដែលពិភពលោកប្រារព្ធទិវាសិទ្ធិសេរីភាពសារព័ត៌មាន។ Fresh Exclusive មានអត្ថបទវិភាគមួយជុំវិញបញ្ហានេះ៖
នៅពេលដែលប្រទេសកម្ពុជា កំពុងបង្ហាញពិភពលោកនូវរូបភាពវិជ្ជមានគួរឱ្យកោតសរសើរ នៃលំហសិទ្ធិសេរីភាពសារព័ត៌មានរបស់ខ្លួននោះ, ក្រុមជ្រុលនិយម បានបង្កើតរូបភាពអវិជ្ជមានមួយដើម្បីប៉ុនប៉ងចង់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា។ ស្របពេលដែលទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៥ ឈានមកដល់ថ្ងៃទី៣ ឧសភា ក្រសួងព័ត៌មាន ក៏មានដំណឹងល្អរបស់ខ្លួនប្រកាសប្រាប់ទៅសាធារណជន និងពិភពលោកវិញផងដែរ ជុំវិញស្ថានភាពល្អប្រសើរនៃលំហសិទ្ធិសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា។
វិស័យសារព័ត៌មានរបស់កម្ពុជាក្នុងអាណ្ណត្តិដឹកនាំរាជរដ្ឋាភិបាលទី៧ ត្រូវបានគេកត់សម្គាល់ថា ត្រូវបានកែទម្រង់និងការជួយតម្រង់ទិស, បង្កើតវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងលំហសេរីភាព និងការទទួលខុសត្រូវក្នុងការសរសេរអត្ថបទ ជាពិសេសការបំពេញវិជ្ជាជីវៈ និងក្រមសីលធម៌ដ៏ត្រឹមត្រូវ ប្រកបដោយភាពថ្លៃថ្នូរ។
ក្រសួងព័ត៌មាន ក្នុងសេចក្តីប្រកាសថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានសរសេរថា យោងតាមការស្ទង់មតិពីរង្វង់ក្រុមអ្នកសារព័ត៌មាន៤៦៧នាក់, មានមនុស្ស ៨១,៤% បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះ៧២,២% និយាយថា សេរីភាពសារព័ត៌នៅកម្ពុជាមានស្ថានភាពល្អ, ខណៈ៩,២% បាននិយាយថា «ល្អបំផុត»។ តាមការស្ទង់មតិដដែលនោះទៀត មានអ្នកសារព័ត៌មានច្រើនជាង ៨៦% បានថ្លែងថា ពួកគេមានសេរីភាពពេញលេញក្នុងការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន ការប្រមូលព័ត៌មាន និងការផ្សាយផ្សព្វផ្សាយដោយសេរី នៅក្នុងបរិបទគោរពច្បាប់ និងសីលធម៌វិជ្ជាជីវៈ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ «តាមរយៈការសិក្សានេះ យើងបានបង្ហាញដល់ពិភពលោក ឱ្យបានឃើញភាពជាម្ចាស់របស់កម្ពុជាលើការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ ហើយអ្នកសារព័ត៌មាននិងអ្នកពាក់ព័ន្ធ បានសម្តែងឆន្ទៈការបញ្ចេញមតិ និងបំពេញតួនាទីក្នុងការរួមចំណែកលើកកម្ពស់សេរីភាពសារព័ត៌មានកម្ពុជា យ៉ាងពិតប្រាកដ»។
ក្នុងការស្ទង់មតិដដែលនេះ, មនុស្ស ៧១,៨% បានវាយតម្លៃថា សណ្តាប់ធ្នាប់សារព័ត៌មាន មានភាពល្អប្រសើរ។ មនុស្សជាង៦៨% និយាយថាស្ថានភាព ឬទង្វើប្រាសចាកក្រមសីលធម៌បានថយចុះ។ អ្នកសារព័ត៌មាន៩៩% បានឆ្លើយឯកភាពថា អ្នកសារព័ត៌មានមានសិទ្ធិនិងករណីកិច្ច ត្រូវអនុវត្តសកម្មភាពអាជីពវិជ្ជាជីវៈរបស់ខ្លួនដោយឯករាជ្យ ក្នុងក្របខណ្ឌច្បាប់ស្តីពីរបបសារព័ត៌មាន ប្រតិបត្តិតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ, និងអ្នកសារព័ត៌មាន៧៧,៥% បាននិយាយថា គេបានអនុវត្តវិជ្ជាជីវៈស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈផ្សេងទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ខណៈដែលកម្ពុជាកំពុងបង្ហាញរូបភាពដ៏គួរឱ្យកោតសរសើរនេះទៅកាន់ពិភពលោក សកម្មភាពអវិជ្ជមានមួយដោយពួកក្រុមជ្រុលនិយមស្រាប់តែបានលេចឡើង ក្នុងបំណងចង់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ដោយពួកគេបានសរសេរអក្សរលើក្រដាសលុយ១,០០០រៀល ជាមួយការប្រើសម្តីញុះញង់មួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះក្រុមគ្រួសារត្រកូល «ហ៊ុន» ដែលពលរដ្ឋខ្មែរក្នុងប្រទេសកម្ពុជា ចាត់ទុកថាជាក្រុមគ្រួសារមានគុណធំធេងចំពោះជាតិ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាស្ថាបនិកនៃនយោបាយឈ្នះឈ្នះ ដែលបានពន្លត់ភ្លើងសង្គ្រាមស៊ីវិលឆាបឆេះជិត៣០ឆ្នាំនៅក្នុងប្រទេសកម្ពុជា និងសុខសន្តិភាពក្រោមនយោបាយឈ្នះឈ្នះ រយៈពេល២៦ឆ្នាំកន្លងមកនេះ ថែមទាំងបានធ្វើឱ្យប្រទេសមានការអភិវឌ្ឍដ៏ខ្លាំងក្លាទៀតផង។
ប៉ុន្តែមេខ្លោងក្រុមជ្រុលនិយមឈ្មោះ សម រង្ស៊ី ដែលច្រណែននិន្ទាចំពោះស្នាដៃមហិមារបស់សម្តេច បានព្យាយាមបង្កើតរឿងអាក្រក់ ឬប្រឌិតរឿង ផ្សេងៗដើម្បីលាបពណ៌ដាក់មកលើរូបសម្តេច នឹងក្រុមគ្រួសារត្រកួល «ហ៊ុន» និងក្រោយមកដោយមិនអាចប្រកួតប្រជែងយកឈ្នះ លើសម្តេចតេជោ ហ៊ុន សែន តាមរយៈការបោះឆ្នោតសកលប្រជាធិបតេយ្យបាន សម រង្ស៊ី មេខ្លោងក្រុមជ្រុលនិយម បានប្រកាសបង្កើតជាចលនាតស៊ូហិង្សា និងនិយាយញុះញង់បង្កហេតុមកពីខាងក្រៅមិនចេះចប់ មិនចេះហើយ។ ក្រុមជ្រុលនិយមវេលាចុងក្រោយនេះ បានបង្កើតឧបាយកលដ៏គ្រោះថ្នាក់មួយទៀត ដោយសរសេរសារញុះញង់លើក្រដាសប្រាក់១,000រៀល អំពាវនាវឱ្យពលរដ្ឋប្រឆាំងគ្រួសារ «ហ៊ុន»។ ក្រដាសលុយទាំងនោះ ត្រូវគេរាយការណ៍ត្រូវបានចែកចាយដល់មនុស្សនានាស្លូតត្រង់ ក្នុងឧបាយកលចង់ប្រើប្រាស់ពលរដ្ឋស្លូតត្រង់ដើម្បីធ្វើជាខែល។ នេះ គឺជាអន្ទាក់ល្បិចប្រកបដោយពិសពុលជាទីបំផុត។
ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក នៅពេលដែលយើងកំពុងអបអរសាទរនូវវឌ្ឍនភាព នៃលំហសេរីភាពសារព័ត៌មាន ប៉ុន្តែយើងក៏ត្រូវតែមានការប្រុងប្រយ័ត្នចំពោះពួកជ្រុលនិយម ឆ្លៀតឱកាសនេះផងដែរ ដោយសារតែពួកគេលែងស្គាល់ខុស ស្គាល់ត្រូវ និងគ្មានសីលធម៌ ដូចមនុស្សធម្មតាទៀតហើយ។ ប្រជាពលរដ្ឋខ្មែរ ត្រូវប្រុងប្រយ័ត្នចំពោះល្បិចនៃអន្ទាក់ដ៏ពិសពុលនេះ និងមិនត្រូវ ឱ្យក្រុមជ្រុលនិយមប្រើប្រាស់បងប្អូនធ្វើជាខែលសោះឡើយ៕