(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននាំយកថវិការបស់រដ្ឋមន្ត្រី ជា វ៉ាន់ដេត ចំនួន ១០០,០០០ (ដប់ម៉ឺនដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដោយមានការអញ្ជើញចូលរួមប្រគល់ និងទទួលពីសំណាក់លោក សារុន រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។
ការឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជានេះ គឺដើម្បីចូលរួមចំណែកជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងចូលរួមចំណែកសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ការលំបាករបស់ប្រជាពលរដ្ឋ ជនក្រីក្រ ចាស់ជរា ជនគ្មានទីពឹង និងជនងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា៕