(ភ្នំពេញ)៖ ក្រុមហ៊ុន Guanzun Energy Investment Co., Ltd. បានចេញមុខបកស្រាយថា កាលពីពេលថ្មីៗនេះមានការផ្សព្វផ្សាយថា ក្រុមហ៊ុនជាក់លាក់មួយនឹងសាងសង់រោងចក្រចម្រាញ់ប្រេងនៅកម្ពុជា ដែលមានទិន្នផលប្រចាំឆ្នាំ ១០លានតោន ប៉ុន្តែតាមពិតទៅសំណើរបស់ក្រុមហ៊ុនក្នុងការសាងសង់រោងចក្រចម្រាញ់ប្រេងនេះ កំពុងត្រូវបានអនុវត្តស្របតាមច្បាប់ និងគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។
សេចក្តីបំភ្លឺរបស់ក្រុមហ៊ុន បានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន មិនបានសម្ភាសន៍មកភាគីខាងក្រុមហ៊ុន ដើម្បីសាកសួរព័ត៌មានពិតប្រាកដ មុនពេលពួកគេបោះពុម្ពផ្សាយឱ្យបានត្រឹមត្រូវទេ។ បុគ្គលិកទំនាក់ទំនង សាធារណៈរបស់ក្រុមហ៊ុន មិនបានធ្វើការកត់សម្គាល់រាល់ការចុះផ្សាយនោះ ហើយមិនអាចកែតម្រូវព័ត៌មានបានទាន់ពេលវេលាទេ ដូច្នេះក្រុមហ៊ុន Guan Zun Energy Investment Co., Ltd. សុំទោសចំពោះភាពច្របូកច្របល់ ដែលកើតមានឡើងដល់សាធារណជន និងរដ្ឋាភិបាល។
តាមរយៈសេចក្តីបំភ្លឺព័ត៌មាន ក្រុមហ៊ុនគូសបញ្ជាក់ថា៖ «ក្រុមហ៊ុន Guan Zun Energy Investment Co., Ltd. ត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មលេខ ១០០០៤១៦២៧៥ អំឡុងឆ្នាំ២០២៤ ក្នុងគោលបំណងចម្បង របស់យើង គឺដើម្បីបង្កើតរោងចក្រចម្រាញ់ប្រេងកាតទំនើបនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនរបស់យើង បានទទួលការអនុញ្ញាតពីក្រសួងរ៉ែ និងថាមពល (MME) ដើម្បីធ្វើការសិក្សាសមិទ្ធលទ្ធភាព ហើយយើងបានបញ្ចប់ការសិក្សា និងបានដាក់ជូនក្រសួងពិនិត្យ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បច្ចុប្បន្ន ក្រុមហ៊ុនយើងខ្ញុំកំពុងធ្វើការកែប្រែរបាយការណ៍លើចំណុចខ្វះខាតមួយចំនួន»។
ក្រុមហ៊ុន Guan Zun Energy Investment Co., Ltd. ពោរពេញដោយទំនុកចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ហើយសូមបញ្ជាក់ជាថ្មីនូវចេតនារបស់ក្រុមហ៊ុនក្នុងការវិនិយោគលើឧស្សាហកម្មចម្រាញ់ប្រេងរបស់កម្ពុជា គឺជាការពិត និងសូមកោតសរសើរយ៉ាងខ្លាំងចំពោះប្រព័ន្ធផ្សព្វផ្សាយកម្ពុជា បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគម្រោងរបស់ក្រុមហ៊ុននឹងធ្វើបច្ចុប្បន្នភាពព័ត៌មានដល់សាធារណជននៅពេលសមស្រប។ យើងក៏សូមអំពាវនាវឱ្យប្រព័ន្ធ ផ្សព្វផ្សាយទាក់ទងមកយើង ដើម្បីពិនិត្យការពិតឡើងវិញមុនពេលពួកគេបង្ហោះព័ត៌មានអំពីគម្រោងរបស់ក្រុមហ៊ុន៕