(ស្វាយរៀង)៖ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង, លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុករំដួល នៅឃុំជ្រុងពពេល កំង់អំពិល ម៉ឺនជ័យ និងឃុំថ្នាធ្នង់ ៤ ខ្នង ក្នុងស្រុកស្វាយជ្រំ ក្នុងឃុំធ្លក និងឃុំអង្គតាសូ ១៥ខ្នង សរុបចំនួន ៦៤ខ្នង (ធ្ងន់ ១៤ខ្នង, មធ្យម ៥០ខ្នង)។

នាឱកាសនោះលោកស្រី ដួង វណ្ណា បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេចតែងតែ គិតគូរពីសុខទុក្ខ និងជំរុញឱ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

បន្ថែមលើសពីនេះ លោកស្រី ដួង វណ្ណា បានសម្តែងការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងបង្កដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់។ ទន្ទឹមនឹងនេះ សម្តេចបានផ្ដាំផ្ញើបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹក ដែលអាចបង្កឲ្យមានគ្រោះថ្នាក់អាចជាករណីលង់ទឹក។

លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ហើយត្រៀមឧបករណ៍ឱ្យបានគ្រប់គ្រាន់ ក្នុងការបង្ករបង្កើនផលនារដូវវស្សានាឆ្នាំនេះឲ្យបានទាន់ពេលវេលា។ លើសពីនេះ លោកស្រីក៍បានផ្តាំផ្ញើរដល់អាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាក្នុងការជួយរៀបចំផ្ទះសម្បែងប្រជាពលរដ្ឋ ដែលរងគ្រោះឱ្យបានសមរម្យឡើងវិញ ដើម្បីជាជម្រកសម្រាប់ពួកគាត់ស្នាក់នៅបន្ត។

សូមជម្រាបថា អំណោយដែលបានចែកជូនក្នុង ១គ្រួសារទទួលបាន៖ អង្ករ ៣០គក្រ, មី ១កេស, ទឹកស៊ីអ៊ីវ៦ដប, ត្រីខ១០កំប៉ុង, កន្ទេលជ័របត់១, ឃីត១កញ្ចប់មាន, មុង១, ភួយ១​, ក្រម៉ា១, សារុង១ និងថវិកា ៥ម៉ឺនរៀល ដោយឡែកគ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែម៖ កៅស៊ូតង់ ១, ធុងទឹកជ័រ ១, ឆ្នាំងបាយ-សម្ល ២ និងថវិកា ២០ម៉ឺនរៀល៕