(កំពង់ឆ្នាំង)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបង្ហាញអំពីលទ្ធផល និងសកម្មភាពការងារដែលបានអនុវត្តកន្លងមក រួមទាំងទិន្នផលស្រូវប្រាំងដែលប្រជាកសិករ ក្នុងខេត្តទទួលបាន និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្តចាប់ពីពេលនេះ ដើម្បីជំរុញការខិតខំប្រឹងប្រែង ដោយធ្វើយ៉ាងណាឲ្យការងារមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ពិសេសយកចិត្តទុកដាក់ទៅលើការចុះជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករឲ្យអស់លទ្ធភាព និងទាន់ពេលវេលា។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានផ្ដល់បទសម្ភាសដល់បណ្ដាញព័ត៌មាន Fresh News កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ ឲ្យដឹងថា ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់អំពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការយកចិត្តទុកដាក់ ទៅលើវិស័យកសិកម្មរបស់លោក ស៊ុន សុវ ណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលលោកតែងជំរុញជាញឹកញាប់ឲ្យយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យកសិកម្មនេះ គិតគូរដល់ប្រជាកសិករនៅគ្រប់មូលដ្ឋាននៅទូទាំងខេត្ត។
ក្នុងនាមថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង កន្លងមកលោកតែងដឹកនាំក្រុមការងារ និងមន្ត្រីក្រោមឱវាទចុះជួបជាមួយប្រជាកសិករនៅតាមមូលដ្ឋានដោយផ្ទាល់ ដើម្បីផ្ដល់នូវការប្រឹក្សាផ្នែកបច្ចេកទេស ក្នុងការបង្កបង្កើនផល ឲ្យទទួលបានទិន្នផលល្អ ពិសេសគឺបានផ្ដល់និងប្រឹ ក្សាពាក់ព័ន្ធទៅនឹងការប្រើប្រាស់ ជី, ថ្នាំកំចាត់សត្វ ល្អិត,និងថ្នាំបាញ់សម្លាប់ស្មៅជាដើម។ សកម្មភាពនេះ ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់ឲ្យចំគោលដៅ និងមានប្រសិទ្ធភាព ចៀសវាងការខាតបង់ថវិកា។
ដោយឡែក ផ្នែកចិញ្ចឹមសត្វពាហនៈ និងសត្វស្លាប់ផ្សេងៗ លោកក៏តែងតែជំរុញឲ្យមន្ត្រីបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត ចុះផ្ដល់ការប្រឹក្សាផ្នែកបច្ចេកទេស នៃការចិញ្ចឹម និងចាក់វ៉ាក់សាំង ការពារជំងឺផ្សេងៗ ដល់សត្វពាហនៈ និងសត្វស្លាបជូនដល់ប្រជាកសិករនៅគ្រប់មូលដ្ឋានឲ្យបានញឹកញាប់ផងដែរ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ចំណែកការបង្កបង្កើនផលស្រូវ និងផលដំណាំផ្សេងៗ នៅក្នុងខេត្តកំពង់ឆ្នាំង មានផ្ទៃដីការធ្វើស្រូវវស្សាចំនួន១៣១,០០០ហិកតា ផ្ទៃដីធ្វើស្រូវប្រាំងមានចំនួន៣៧,០០០ហិកតា និងផ្ទៃដីដាំដំណាំរួមផ្សំមានចំនួនជាង១០,០០០ហិកតា។ ដោយឡែកការប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករក្នុងឆ្នាំនេះ គឺទទួលបានទិន្នផលជាមធ្យម៥តោន ក្នុង១ហិកតា។ លោកបញ្ជាក់ថា ឆ្នាំនេះពុំមានស្រូវខូចខាតធ្ងន់ធ្ងរ ដោយសារតែការខ្វះទឹកស្រោចស្រព្យ ឬក៏សត្វល្អិតបំផ្លាញនោះឡើយ។ ចំណែកតម្លៃស្រូវឆ្នាំនេះ គឺមានការធ្លាក់ចុះបន្តិចចំពោះតែស្រូវប្រភេទ (អ៉ីអ៊ែរ)និងស្រូវ (អូអឹម) តែប៉ុណ្ណោះ ចំណែកស្រូវសែនក្រអូប និងស្រូវផ្ការំដួល គឺតម្លៃនៅតែល្អដដែល។
ពាក់ព័ន្ធទៅនឹងបទល្មើសនេសាទ ក្នុងបឹងទន្លេសាប លោកបានអះអាងថា ឆ្នាំនេះការទប់ស្កាត់ និងការបង្ក្រាបបទល្មើសនេសាទ គឺអនុវត្តបានទំហំធំធេងណាស់ដោយសារតែមានការចូលរួមពីកងកម្លាំង កងទ័ពជើងគោក សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញរដ្ឋបាលជលផល ដែលបច្ចុប្បន្នសកម្មភាពនេះបាននិងកំពុងតែបន្តបង្ក្រាបយ៉ាងសស្រាក់សស្រាំ ដោយមិនមានការបន្ធូរបន្ថយឡើយ។
ដោយឡែកដីតំបន់៣ គឺបច្ចុប្បន្នពុំមានជនខខូចឆ្លៀតឱកាស ចូលឈូសឆាយទន្ទ្រានទៀតនោះឡើយ ពោលដោយមានការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងការពារយ៉ាងតឹងរឹងជាទីបំផុត ជាពិសេសគឺមានការទទួលខុសត្រូវនៅតាមបណ្ដាមូលដ្ឋានរៀងៗខ្លួន។ បើនៅតែមានការបណ្ដែតបណ្ដោយឲ្យមានការចូលឈូសឆាយទន្ទ្រានដីតំបន់៣ជាបន្តទៀត គឺអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាននោះ ជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់។ បច្ចុប្បន្នដីតំបន់៣ ជាង៧ម៉ឺនហិកតា ត្រូវបានចេញប័ណ្ណជាទ្រព្យរបស់រដ្ឋប្រគល់ឲ្យក្រសួងធនធានទឹកគ្រប់គ្រងផងដែរ។
លោកប្រធានមន្ទីរ បានថ្លែងអំណរគុណដល់អង្គភាពកងទ័ពជើងគោក កងទ័ពភូមិភាគ៥ និងកងទ័ពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលបានសហការយ៉ាងល្អក្នុងការខិតខំប្រឹងប្រែង ចុះបង្ក្រាបរាល់សកម្មភាពបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ទាំងយប់ទាំងថ្ងៃ ដោយទទួលបានលទ្ធផលយ៉ាងធំធេង និងឈានទៅលុបបំបាត់ឲ្យអស់ចំពោះការប្រើឧបករណ៍នេសាទល្មើសច្បាប់ នាពេលដ៏ខ្លីខាងមុខនេះ៕