(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ ពោលនៅឆ្នាំ២០១៦ សូមអញ្ជើញមកធ្វើទិន្នន័យជីវមាត្រលើរូបថត និងខ្ចៅដៃថ្មីឱ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ចាប់ប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ ការិយាល័យចុះបោះឆ្នោតនៅតាមឃុំ សង្កាត់ទាំងអស់ នៅទូទាំងប្រទេស បានបើកដំណើរការទាំងអស់ ដោយមិនមានការរាំងស្ទះនោះឡើយ។

ការអំពាវនាវបែបនេះរបស់ប្រធាន គ.ជ.ប បានធ្វើឡើងក្នុងឱកាសអញ្ជើញលោក និងក្រុមគ្រួសារ មកផ្ទេរការិយាល័យបោះឆ្នោត ពីខេត្តត្បូងឃ្មុំ មករាជធានីភ្នំពេញ និងចុះត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោត ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសចុះពិនិត្យការិយាល័យចុះឈ្មោះបោះឆ្នោតនេះ, ប្រធាន គ.ជ.ប ក៏បានធ្វើបច្ចុប្បន្នភាពដោយការផ្ទេរការិយាល័យបោះឆ្នោតពីឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មកកាន់ការិយាល័យបោះឆ្នោតស្ថិតនៅសង្កាត់បឹងកក់២ នៃខណ្ឌទួលគោក រាជធានីភ្នំពេញ ស្របគ្នានឹងក្រុមគ្រួសាររបស់លោក មកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រលើរូបថត និងខ្ចៅដៃថ្មី នៅក្នុងសង្កាត់បឹងកក់២នេះផងដែរ។

លោក ប្រាជ្ញ ចន្ទ បានបន្តថា ការធ្វើបច្ចុប្បន្នភាពលើលើរូបថត និងខ្ចៅដៃសម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ (ពីឆ្នាំ២០១៦ចុះក្រោម) សំដៅធ្វើឱ្យបញ្ជីបោះឆ្នោតកាន់តែមានភាពប្រសើរឡើងប្រកបដោយគុណភាព និងដើម្បីធានាដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប។

បើតាម គ.ជ.ប សម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ ដែលត្រូវធ្វើបច្ចុប្បន្នទិន្នន័យជីវមាត្រទៅលើរូបថតថ្មី និងខ្ចៅដៃថ្មី មានចំនួនជាង៦លាននាក់ ខណៈប្រជាពលរដ្ឋ ដែលបានប៉ាន់ស្មានត្រូវចុះឈ្មោះថ្មីជាមានង២២ម៉ឺននាក់។ ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតតាំងពីឆ្នាំ២០១៦ ហើយពុំធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ពីមុនមកឱ្យមកថតរូប និងផ្តិតស្នាមម្រាមដៃជាថ្មី ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់របស់ខ្លួន។ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ ហើយដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោតក្នុងរយៈពេលយ៉ាងតិច ១០ឆ្នាំ ដើម្បីទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រជាមួយក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។

នាឱកាសនោះដែរ ប្រធាន គ.ជ.ប បានអំពាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ១៨ ដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញមកចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ ឱ្យបានគ្រប់ៗគ្នា៕