(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកសាមគ្គីមានជ័យ ដោយមានការចូលរួមពី លោក លោកស្រី ជាអនុប្រធានក្រុមការងារចុះជួយស្រុក ប្រធាន អនុប្រធានចុះជួយឃុំ ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍លទ្ធផលការងារ និងស្ថានភាពទូទៅក្នុងស្រុក របស់លោកប្រធានប្រធានគណបក្សស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស រួច លោក ឆាយ ឫទ្ធិសែន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិការបក្ស ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ស្របតាមតួនាទី ភារកិច្ច ក្នុងក្របខ័ណ្ឌបទបញ្ជាផ្ទៃក្នុង និងលក្ខន្ដិកៈរបស់គណបក្ស និងថ្លែងអំណរគុណចំពោះការជឿជាក់ ស្រឡាញ់ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបានទទួលនូវជ័យជម្នះគ្រប់អាណត្តិជាបន្តបន្ទាប់ ។
ជាមួយគ្នានេះលោកប្រធាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុការពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជាជូនចំពោះអង្គពិធីទាំងពីរ និងបានជម្រាបជូនសមាជិក សមាជិកានៃអង្គពិធីអំពីតម្លៃនៃសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្ដីកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានោះលោក ឆាយ ឫទ្ធិសែន បានផ្ដល់អនុសាសន៍មួយចំនួនជូនចំពោះសមាជិក សមាជិកា គណបក្សនៃស្រុកសាមគ្គីមានជ័យដូចខាងក្រោម៖
១៖ ត្រូវបន្តគាំទ្រ និងលើកកម្ពស់គុណតម្លៃសន្តិភាព អរគុណនយោបាយឈ្នះ-ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិពេញលេញ។
២៖ ត្រូវចូលរួមការពារជាដាច់ខាតនូវសុខសន្តិភាព និងសុខសុវត្ថិភាព ព្រមទាំងកិត្តិនាមរបស់សម្តេចតេជោប្រធានគណបក្ស និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលជាស្នូលដឹកនាំ និងជាសសរទ្រូងដ៏រឹងមាំរបស់គណបក្ស និងប្រទេសជាតិ ដោយកម្ចាត់ចោលនូវនយោបាយជ្រុលនិយម ដែលបង្កឡើងដោយក្រុមប្រឆាំង និងពួកអគិត។
៣៖ ត្រូវបន្តធ្វើបច្ចុប្បន្នភាពសមាជិកបក្ស គ្រួសារបក្ស និងក្រុមបក្សជាប្រចំា តាមគោលការណ៍ « រក្សាចាស់ បង្កើនថ្មី »ដោយគៀគរសមាជិកបន្ថែប និងទទួលយកអ្នកដែលមានបំណងចង់ចូលរួមជីវភាពជាមួយគណបក្សប្រជាជន។
៤៖ ត្រូវបន្តយកចិត្តទុកដាក់ ជំរុញសមាជិកបក្ស និងសមាជិកបក្សថ្មីជាយុវជន ដែលគ្រប់អាយុបោះឆ្នោតត្រូវទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ចីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាចាប់ពីថ្ងៃទី១ រហូតដល់ចុងខែឧសភា ឆ្នាំ២០២៥ ។
៥៖ ត្រូវត្រៀមខ្លួនពីចម្ងាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៨ នាពេលខាងមុន ដោយបុរេសកម្មត្រួតពិនិត្យទីតាំងការិយាល័យបោះឆ្នោត ឧបករណ៍សម្ភារៈបម្រើការឃោសនាបោះឆ្នោត ។
៦៖ ត្រូវបន្តអនុវត្តភារកិច្ចដែលគណបក្សប្រគល់ជូនឱ្យសកម្មដោយបន្តចុះតាមខ្នងផ្ទះឱ្យបាន គ្រប់ភូមិ ដើម្បីផ្សព្វផ្យាយនយោបាយគណបក្ស ក្តាប់ឱ្យបានសតិអារម្មណ៍ នយោបាយ និងចុះសួរសុខទុក្ខស្វែងយល់ពីការលំបាករបស់ប្រជាពលរដ្ឋ និងងាយស្រួលវាយបកវិញភ្លាមៗ លើពួកប្រឆាំងអគតិ។
៧៖ ត្រូវបន្តបុរេសកម្មនូវកិច្ចការមួយចំនួន ដោយត្រូវរៀបចំឱ្យមានក្រុមជំនួយការការងារពិនិត្យ និងចុះឈ្មោះបោះឆ្នោត តាមការិយាល័យ ដើម្បីសម្របសម្រួល និងដឹកនាំសមាជិកគណបក្សទៅចុះឈ្មោះបោះឆ្នោត ផ្ទៀងផ្ទាត់ព័ត៌មាន និងសម្របសម្រួលការរៀបចំឯកសារពាក់ព័ន្ធបម្រើដល់ការបោះឆ្នោត។
៨៖ ត្រូវបន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្សឱ្យបានរឹងមាំ។
ត្រូវរៀបចំកិច្ចប្រជុំប្រចាំខែ ត្រីមាស ឆមាស ឱ្យបានទៀងទាត់។
ជាមួយគ្នានោះ លោក ឆាយ ឫទ្ធិសែន បានប្រគល់ជូនកុំព្យូទ័រយួរដៃ ១០គ្រឿង និងម៉ាស៊ីនព្រីន ១០គ្រឿង ជូនដល់គណបក្សស្រុក និងគណបក្សឃុំទាំង៩ផងដែរសម្រាប់យកទៅប្រើប្រាស់ ដើម្បីបម្រើជាប្រយោជន៍គណបក្ស៕