(កំពត)៖ ក្រោយពីចុះទទួលសកម្មជនគណបក្សប្រឆាំងនានានៅមូលដ្ឋានឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពតរួច នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លោកបណ្ឌិត ហ៊ុន សុខា, លោកស្រី ភុំ ផាន់ណាវី និងលោក ឱម ម៉ាក់ធារី ព្រមទាំងលោក ហុង ភាព បាននាំយកនូវអំណោយជារទេះរុញ ជូនដល់ចាស់ជរា និងមានពិការភាពតាមខ្នងផ្ទះ នៅស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស ខេត្តកំពត។

សកម្មភាពរបស់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត នៅពេលដែលចុះទៅជួបពួកគាត់ និងជូនរទេះរុញតាមខ្នងផ្ទះ ធ្វើឲ្យពួកគាត់មានសេចក្តីរំភើបក្តុកក្តួលឥតឧបមា ដែលមានថ្នាក់ដឹកនាំបានយល់អំពីសុខទុក្ខរបស់ពួកគាត់ និងជូនរទេះរុញដែលជាតម្រូវការចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគាត់។

ក្នុងឱកាសនោះ ក្រុមគ្រួសាររបស់ពួកគាត់មានសេចក្តីរំភើបផងដែរ និងសូមថ្លែងអំណរគុណចំពោះលោកបណ្ឌិត លោកស្រី និងសប្បុរសជនទាំងអស់ ជាពិសេសសូមថ្លែងអំណរគុណដល់គណបក្សប្រជាជនកម្ពុជា និងសម្តេចទាំងទ្វេរ ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច។

សូមបញ្ជាក់ថា អំណោយរទេះរុញទាំង៥គ្រឿងនោះត្រូវបានផ្តល់ជូន លោកស្រី រុង ស្រីមុំ រស់នៅភូមិកាន់ទ្រង់ ឃុំតានី ស្រុកអង្គរជ័យ (ពិការភាព), លោក ម៉ាក់ នី រស់នៅភូមិតាកុក ឃុំតានី ស្រុកអង្គរជ័យ (ពិការភាពពីកំណើត), លោក មិន សុវណ្ណា រស់នៅភូមិតាកុក ឃុំតានី ស្រុកអង្គរជ័យ (ស្លាប់មួយចំហៀងខ្លួន), លោក ទឹម វុឌ្ឍី រស់នៅភូមិត្រែង ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស (ចាស់ជរា និងកំពុងមានជំងឺ) និងលោកស្រី សេន សុខា រស់នៅភូមិពញាអង្គរ ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស (ពិការ និងជរា)៕