(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានអនុញ្ញាតជូនក្លឹបសិល្បៈអប្សរា២៥ដួង ចូលជួបគោរពជម្រាបជូនអំពីគម្រោងថត MV ជាស្នាដៃថ្មីរបាំកាយវិការ «អប្សរាយសោធរបុរៈចក្រភពអង្គរ» និងស្នើសុំអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់លើគម្រោង MV ដែលរៀបចំផលិត ក្នុងគោលបំណងអបអរសាទរសមរាត្រីនៅប្រាសាទអង្គរវត្ត នាខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ និងជាការបង្ហាញពីសក្តានុពលទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជាដល់ពិភពលោក។

ក្នុងឱកាសនៃជំនួបនេះ រដ្ឋមន្ត្រី ហួត ហាក់ បានលើកទឹកចិត្ត កោតសរសើរ គាំទ្រ និងផ្តល់កិច្ចសហការ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់សមាជិកក្លឹបសិល្បៈអប្សរា២៥ដួង ដែលបានចំណាយពេលវេលា កំលាំង និងធនធានលើគម្រោងដ៏មានសារៈសំខាន់នេះ ដើម្បីចូលរួមចំណែកជួយផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍កម្ពុជាឲ្យកាន់តែទូលំទូលាយ។

លោករដ្ឋមន្រ្តី បានមានមតិផ្តែផ្តាំដល់សមាជិកក្លឹប ត្រូវប្រឹងប្រែងផលិត MV នេះ ឲ្យមានគុណភាពខ្ពស់ និងត្រូវសម្រិតសម្រាំងទាំងខ្លឹមសារ រូបភាព និងសំលេង ដោយសារទេសចរណ៏កម្ពុជា ជាទេសចរណ៍បែបវប្បធម៌ និងបេតិកភណ្ឌ តាមរយៈការទស្សនាប្រាង្គប្រាសាទរាប់ពាន់នៅពាសពេញប្រទេស ក៏ដូចជាប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោកមួយផងដែរ។

តាមរយៈ MV ដែលនឹងថតនៅតំបន់បេតិកភណ្ឌរបស់កម្ពុជា នឹងជាសារដ៏សំខាន់ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ វប្បធម៌ និងប្រពៃណីដ៏សំបូរបែប បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ការស្នាក់នៅដ៏ប្រណិត ម្ហូបអាហារប្រពៃណីដ៏មានឱជារស ជាពិសេសគឺកត្តាសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពសង្គម ការរីកចំរើនដ៏ឆាប់រហ័ស ដែលកម្ពុជាមានដល់ពិភពលោកទាំងមូល៕