(សៀមរាប)៖ មន្ទីរបរិស្ថានខេត្តសៀមរាប បានចេញមកបំភ្លឺ និងច្រានចោលថា ដីរបស់រដ្ឋក្នុងដែនឧទ្យានុរក្ស និងបរិស្ថាន ដែលជាជម្រកសត្វព្រៃបឹងពែរ ប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានជនខិលខូច សម្រុករុករានទន្ទ្រានយកធ្វើ ជាកម្មសិទ្ធិផ្ទាល់ខ្លួន ក៏ព្រោះតែក្រោយពីឈូសឆាយហើយអាចធ្វើរបងហ៊ុំមព័ទ្ធ និងអាស្រ័យផលបានដូចជាដីកម្មសិទ្ធិស្របច្បាប់ ជាព័ត៌មានមិនពិត។

ករណីនេះ មន្ទីរបរិស្ថានខេត្តសៀមរាប សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយខាងលើនេះ និងសូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា ការិយាល័យដែនជម្រកសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន និងសហគមន៍តំបន់ការពារធម្មជាតិ បានធ្វើការអប់រំផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិនៅក្នុងតំបន់ ការពារធម្មជាតិ ភូមិសាស្ត្រខេត្តសៀមរាប ជារៀងរាល់ថ្ងៃ ក្នុងករណី ដែលជួបបទល្មើសកាប់រុករានដីព្រៃ ឈូសឆាយដីព្រៃ បោះបង្គោលហ៊ុំមព័ទ្ធដី ដើម្បីយកធ្វើជាកម្មសិទ្ធិ មន្ទីរបរិស្ថានខេត្តសៀមរាប បានកសាងសំណុំររឿងបញ្ជូនទៅតុលាការ និងរៀបចំដាំស្តារព្រៃឡើងវិញ។

ចំពោះដីដែលបានអាស្រ័យផល មន្ទីរបរិស្ថានពុំដែលបានផ្តល់ជាកម្មសិទ្ធិស្របច្បាប់ណាមួយឡើយ។ ផ្ទុយទៅវិញក្រុមការងារចម្រុះ បានប្រមូលចងក្រងជាទិន្នន័យ និងបានធ្វើរបាយការណ៍ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីពិនិត្យ និងសម្រេចចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕