(ពោធិ៍សាត់)៖ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានកោតសរសើរសហគមន៍នេសាទស្រីចឹក ដែលចូលរួមយ៉ាងសកម្មបង្ក្រាបបទល្មើសនេសាទ ធ្វើឱ្យទិន្នផលជលផលក្នុងមូលដ្ឋានកើនឡើងជាលំដាប់។

ការបញ្ជាក់បែបនេះរបស់កញ្ញា បានធ្វើឡើងក្នុងដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន ដែលសហការរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលជលផល, សហភាពអឺរ៉ុប និងអង្គការស្បៀងនិងកសិកម្ម នៃអង្គការសហប្រជាជាតិ FAO នៅក្នុងភូមិកញ្ជរ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ក្រោមការផ្ដល់នូវជំនួយបច្ចេកទេសពី FAO និងកញ្ចប់ថវិកាពីសហភាពអឺរ៉ុប, សហគមន៍នេសាទ ស្រីចឹក បានអភិវឌ្ឍខ្លួនលើសមត្ថភាព ពង្រីកសក្ដានុពលរបស់សហគមន៍ ជាពិសេសការចូលរួមបង្ក្រាបបទល្មើសនេសាទ ដែលនាំឱ្យកំណើនជលផលទឹកសាបហាក់កើនឡើងជាងកាលកន្លងមក។

បើតាមកញ្ញា អ៊ឹម រចនា, សហគមន៍នេសាទនេះ មានលទ្ធភាពសន្សំប្រាក់រក្សាទុកក្នុងធនាគារ ដើម្បីយកការប្រាក់មកបង្វែរធ្វើកិច្ចទ្រទ្រង់សហគមន៍ ដូចជាការល្បាត ការបង្ក្រាបបទល្មើសនេសាទនានា ការដាំដើមឈើឡើងវិញជាដើម។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តថា ទាំងអស់នេះដែលសមិទ្ធផលដែលអាចកើតឡើងបាន គឺតាមរយៈការគាំទ្របច្ចេកទេស ការណែនាំ ការបណ្ដុះបណ្ដាលពីសំណាក់អង្គការដៃគូ ដែលអនុវត្តផ្ទាល់ដោយ FAO រួមសហការជាមួយរដ្ឋបាលជលផល។

ជាមួយគ្នានេះ កញ្ញា បានលើកទឹកចិត្តដល់សហគមន៍បន្តបំពេញកិច្ចការងារអភិរក្សសហគមន៍នេសាទនេះ ឱ្យកាន់តែល្អបន្ថែមទៀត បើទោះបីជាគម្រោង CAPFISH-Capture នេះនឹងបញ្ចប់ចុងឆ្នាំ២០២៥ក៏ដោយ។

ក្នុងនាមក្រសួងកសិកម្ម, កញ្ញា អ៊ឹម រចនា បានថ្លែងអំណរគុណចំពោះការសហការជាមួយអង្គការ FAO កន្លងមក និងការគាំទ្រថវិការពីសហភាពអឺរ៉ុប ហើយក្រសួងសង្ឃឹមថាក្រោយគម្រោងនេះបញ្ចប់នឹងអាចមានគម្រោងថ្មីៗបន្តទៀត ដែលសហភាពអឺរ៉ុបអាចនឹងពិចារណាផ្ដល់ជាជំនួយជូនដល់សហគមន៍។

សូមជម្រាបថា តាមរយៈកម្មវិធី CAPFISH-Capture អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) បានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសបន្ថែមដល់រដ្ឋបាលជលផល ក្នុងការអនុវត្តសកម្មភាព ដែលបានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០១៩ រហូតដល់ខែធ្នូ ឆ្នាំ២០២៥ ដើម្បីគាំទ្រដល់ការគ្រប់គ្រងអភិរក្ស និងការអភិវឌ្ឍធនធានជលផល។

ការគាំទ្ររបស់ FAO, CAPFISH-Capture បានបង្កើតនូវគំនិតផ្តួចផ្តើម និងការកសាងសមត្ថភាពដល់មន្ត្រីរដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងគណៈកម្មការ សមាជិកសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី ដើម្បីធានានូវការប្រើប្រាស់ធនធានជលផល ប្រកបដោយការទទួលខុសត្រូវ មានសមភាព និងនិរន្តរភាព៕