(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់ ទីស្នាក់ការ (ស.អ.ក) សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ នៅក្នុងបរិវេណសាលាខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិសំពៅមាស ក្រុងពោធិ៍សាត់ (ចន្លោះមន្ទីរទេសចរណ៍ និងមន្ទីរមុខងារសាធារណៈ) ដោយបានការចូលរួមពី លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាង លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្តិយស ព្រមទាំងអស់លោក លោកស្រី ប្រធាន អនុប្រធាន សមាគមអតីតយុទ្ធជន ខេត្ត ស្រុក ក្រុងជាច្រើនរូបទៀត។
បន្ទាប់ពីប្រារព្ធពិធីក្រុងពាលីសុំម្ចាស់ទឹក ម្ចាស់ដី ព្រៃព្រឹក្សា សាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ តាមបែបសាសនានោះរួចមក, លោក អៀង ហុង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងជាអនុប្រធាន សាខាសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានជម្រាបជូនថា អតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ មានចំនួន៥,៥០៩នាក់ ជាសមាជិកសមាគម ចំនួន៤,៦៥៤នាក់ ក្នុងនោះជនមានពិការភាព ចំនួន១,៦៥៤នាក់ និវត្តន៍ជន ចំនួន១,៤៧៨នាក់ ជនបាត់បង់សមត្ថភាព ចំនួន៥៥នាក់ គ្រួសារពលី ១,៣១៣នាក់ និងគ្រួសារជនមរណភាព ចំនួន៥៤នាក់។ លោកបានឱ្យដឹងទៀតថា ការបញ្ចុះបឋមសិលា កសាងទីស្នាក់ការអតីតយុទ្ធជនខេត្តនេះ មានទំហំជាង៣១៨ម៉ែត្រការេ ធ្វើអំពីបេតុង ប្រក់ក្បឿង និងមាន៧បន្ទប់។
ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្រ្ដី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងកោតសរសើរ និងបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់បានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ នាំមកនូវសុខសន្តិភាព ជូនប្រទេសជាតិ និងប្រជាជនកម្ពុជាកាលពីអតីតកាល។ ក្នុងនោះសមាគមអតីតយុទ្ធជនខេត្តពោធិ៍សាត់ ក៏បានបំពេញតួនាទីភារកិច្ច របស់ខ្លួនយ៉ាងល្អប្រសើរ ហើយទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលនឹងត្រូវធ្វើការសាងសង់នាពេលនេះ នឹងក្លាយជាទីតាំងដ៏មានសារៈសំខាន់បំផុត សម្រាប់ការបំពេញការងារប្រចាំថ្ងៃរបស់សមាគម។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងបញ្ជាក់ថា ការផ្តល់អត្ថប្រយោជន៍ទៅដល់បងប្អូនដែលជាអតីតយុទ្ធជន ពិតជាមានសារៈសំខាន់ណាស់ ព្រោះថា បងប្អូនអតីតយុទ្ធជន មានគុណូបការៈដ៏ឧត្តុង្គឧត្តម និងពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ នាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។
ទេសរដ្ឋមន្ត្រី គន់ គីម បានបន្តថា ដើម្បីឆ្លើយតបទៅនឹងគុណចំណាច់របស់អតីតយុទ្ធជន ដែលមានចំពោះជាតិ និងប្រជាជន រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ក្នុងការគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនជាអតីតយុទ្ធជន ដូចជាការផ្តល់បណ្ណ ប.ស.ស. ដែលពួកគាត់អាចទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួន។ ផ្តល់ឱកាសឱ្យបងប្អូនអតីតយុទ្ធជន អាចចូលរួមក្នុងសង្គម តាមរយៈតួនាទីមួយចំនួនក្នុងមូលដ្ឋាន ហើយលើសពីនេះ ក៏បានផ្តល់ជាអាហារូបករណ៍ និងជាពិសេសផ្តល់ឱកាសជាអាទិភាព ដល់កូនចៅអតីតយុទ្ធជន បានចូលបំរើការងារកងទ័ព បន្តវេនពីឪពុកម្តាយផងដែរ។
ជាមួយគ្នានោះនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ដែលលោកតែងតែមិនភ្លេចឡើយ ចំពោះបងប្អូនដែលជាអតីតយុទ្ធជនរបស់យើង។
លោកសូមគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបង្កលក្ខណៈងាយស្រួល គ្រប់បែបយ៉ាង ក្នុងការបម្រើបងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ដោយបានដោះស្រាយដីសម្បទានសង្គមកិច្ច សាងសង់ផ្ទះសម្បែង រៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជូនបងប្អូនអតីតយុទ្ធជន នៅទូទាំងប្រទេស ក៏ដូចជាអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់។
ស្របពេលជាមួយគ្នានោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ក៏បានចែកអំណោយ ជូនគ្រួសារអតីតយុទ្ធជន ចំនួន៥០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ មី និងថវិកាមួយចំនួនផងដែរ៕