(ភ្នំពេញ)៖ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company ដែលជាកូនប្រុសអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បាននាំយកនូវថវិកា ចំនួន ១,០៩៩,៩៩៩ ដុល្លារអាមេរិក ទៅប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ពិធីប្រគល់ និងទទួលនេះ មានការអញ្ជើញជាអធិបតីភាពរបស់លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា, អ្នកឧកញ៉ា គិត ម៉េង, លោកជំទាវឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងថ្នាក់ដឹកនាំធនាគារវីង និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបជាច្រើនរូបទៀតផងដែរ។
សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង ជាមហាសេដ្ឋីល្បាញល្បីមួយរូបនៅកម្ពុជា ដោយកន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា, ហើយសម្រាប់ថ្ងៃនេះ កូនប្រុសរបស់លោក គឺឧកញ៉ា គិត ស៊ូឡា ក៏បានដើរតាមគន្លងឪពុកម្ដាយដ៏គំរូ បន្ដចូលរួមជួយសង្គមជាតិ និងប្រជាជនកម្ពុជា។ លោកឧកញ៉ា គិត ស៊ូឡា គឺជាអ្នកជំនួញវ័យក្មេង ដ៏មានទេពកោសល្យ ដែលពេលនេះឧកញ៉ាមានវ័យទើបតែ២០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបានយល់ដឹងពីមុខជំនួញរបស់ក្រុមហ៊ុន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ។
សូមជម្រាបថា កន្លងមក អ្នកឧកញ៉ា គិត ម៉េង និងគ្រួសារក៏បានចូលរួមឧបត្ថម្ភថវិកាជួយ ដល់រាជរដ្ឋាភិបាលយ៉ាងច្រើន ដូចជាចូលរួមបរិច្ចាគថវិកា ដល់ការទិញវ៉ាក់សាំងការពារកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ, ជួយចូលរួមឧបត្ថម្ភថវិកា ដល់យុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩, ចូលរួមឧបត្ថម្ភថវិកាទិញមន្ទីរពេទ្យនគរទេព, ជួយបរិច្ចាគដី១កន្លែង តម្លៃជាង៨លានដុល្លារ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា, ជួយបរិច្ចាគថវិកាដល់ការសាងសង់មន្ទីរពេទ្យកាល់ម៉ែត, បរិច្ចាគថវិកាដល់ក្រុមគ្រូពេទ្យធីតា (TYDA) ជួយដល់ជនរងគ្រោះក្នុងករណី រលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប, ជួយដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារនៅខេត្តព្រះសីហនុ, បរិច្ចាគថវិកាដល់មូលនិធិត្រីចក្រយានកម្ពុជា, ជួយថវិកាដល់សមាគមន៍ស៊ីក្លូ, ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងចូលរួមជួយជាថវិកាដល់កម្មវិធីផ្សេងៗជាច្រើនទៀត៕