(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការសិក្សាពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ដែលធ្វើឡើងដោយមន្ត្រីកម្ពុជា គឺបានបង្ហាញដល់ពិភពលោក ឱ្យបានឃើញពីភាពជាម្ចាស់របស់កម្ពុជាលើការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ ហើយអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធបានសម្តែងឆន្ទៈការបញ្ចេញមតិ និងបំពេញតួនាទីក្នុងការរួមចំណែកលើកកម្ពស់សេរីភាពសារព័ត៌មានកម្ពុជា យ៉ាងពិតប្រាកដ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា សេរីភាពសារព័ត៌មាន ជាកាតាលីករមួយដ៏ចាំបាច់ សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។ ការវាស់វែងស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លុះបញ្ចាំងអំពីលំហសេរីភាពសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិទទួលបានព័ត៌មាន។

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ស្តីពីការផ្សព្វផ្សាយរបាយការណ៍ «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥»​ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញ, លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្នុងឆ្នាំ២០២៥ ស្ថានភាពសេរីភាពសារព័ត៌មាន និងសណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជា ត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរ។ នេះជាលទ្ធផលចេញពីការសិក្សាវាស់វែងតាមបែបវិទ្យាសាស្ត្រ និងដោយការស្ទង់មតិក្នុងចំណោមអ្នកសារព័ត៌មាននៅទូទាំងប្រទេសកម្ពុជា ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ ដែលក្រសួងព័ត៌មាន បានដឹកនាំ រៀបចំ និងចងក្រងក្នុងក្របខណ្ឌនៃការធ្វើបច្ចុប្បន្នភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា អ្នកសារព័ត៌មានចំនួន ៨១,៤% ក្នុងចំណោមអ្នកស្ទង់មតិសរុបចំនួន ៤៦៧នាក់ តំណាងអ្នកសារព័ត៌មានទូទាំង ប្រទេសដែលបានចូលរួម បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះ ៧២,២% បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ ខណៈ ៩,២% បានឆ្លើយថា សេរីភាពសារព័ត៌មានមាន ស្ថានភាពល្អបំផុត។ ការស្ទង់មតិនេះ ត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌនៃការសិក្សាលើកទី២ ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន ដោយបានអនុវត្តវិធីសាស្ត្រសិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ និងដោយឈរលើទិន្នន័យគោល (baseline data) ឆ្នាំ២០២៤ របស់កម្ពុជាជាមូលដ្ឋានក្នុងការវាស់វែង។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា៖ «សេរីភាពសារព័ត៌មានជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបាន ធានាដោយ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។ ក្នុងបរិបទនេះ ការវាស់វែងស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លុះបញ្ចាំងអំពីលំហសេរីភាពសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិទទួលបានព័ត៌មាន។ តាមរយៈការសិក្សានេះ យើងបានបង្ហាញដល់ពិភពលោកឱ្យបានឃើញពីភាពជាម្ចាស់របស់កម្ពុជាលើការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ ហើយអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធបានសម្តែងឆន្ទៈការបញ្ចេញមតិ និងបំពេញតួនាទីក្នុងការរួមចំណែកលើកកម្ពស់សេរីភាព សារព័ត៌មានកម្ពុជាយ៉ាងពិតប្រាកដ»។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការសិក្សានេះក៏ជាកត្តាវាស់វែងតួនាទី និងការអនុវត្តការងាររបស់សារព័ត៌មានវិជ្ជាជីវៈក្នុងការផ្តល់ចំណេះដឹង និងព័ត៌មានពិត និងជឿទុកចិត្តបានសម្រាប់ជាប្រយោជន៍ដល់ប្រជាជន អ្នកដឹកនាំ និងសង្គមជាតិទាំងមូលក្នុងការធ្វើសម្រេចចិត្ត និងរួមកម្លាំងគ្នាដើម្បីធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ផ្អែកតាមលទ្ធផលនៃការស្ទង់មតិនេះ មនុស្សចំនួន ៧១,៨% ក្នុងចំណោមអ្នកស្ទង់មតិទាំងអស់ បានវាយតម្លៃថាសណ្តាប់ធ្នាប់សារព័ត៌មាន មានភាពល្អប្រសើរ។ អ្នកស្ទង់មតិជាង ៦៨% បានឆ្លើយថាស្ថានភាព ឬទង្វើប្រាសចាកក្រមសីលធម៌បានថយចុះ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ពាក់ព័ន្ធសុវត្ថិភាពការងារអ្នកស្ទង់មតិចំនួនជាង ៨៦% បានអះអាងថាខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានសុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗ សម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ តាមលទ្ធផលនេះ កម្រិតសុវត្ថិភាពការងារមានការកើនឡើងចំនួន ៦,២% បើធៀបនឹងលទ្ធផលនៃរបាយការណ៍ឆ្នាំ២០២៤ ដែលមានចំនួន ៧៩,៨%។

ក្នុងការអនុវត្តការងារ អ្នកសារព័ត៌មានចំនួន ៩៩% នៃអ្នកស្ទង់មតិសរុបបានឆ្លើយឯកភាពថា អ្នកសារព័ត៌មាន មានសិទ្ធិ និងករណីយកិច្ចត្រូវអនុវត្តសកម្មភាពអាជីពវិជ្ជាជីវៈរបស់ខ្លួន ដោយឯករាជ្យភាព ក្នុងក្របខណ្ឌច្បាប់ស្តីពីរបបសារព័ត៌មាន ប្រតិបត្តិតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងដោយមានការទទួលខុសត្រូវសង្គម និងចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ តាមលទ្ធផលនៃការស្ទង់មតិនេះ អ្នកសារព័ត៌មាន ៧៧,៥% បានឆ្លើយថាខ្លួនបានអនុវត្តវិជ្ជាជីវៈ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈផ្សេងទៀត។

លោករដ្ឋមន្ត្រីបានលើកឡើងថា របាយការណ៍នេះបានបង្កើតជាមូលដ្ឋានស្នូលសម្រាប់ការដឹកនាំ ការគ្រប់គ្រង និងរៀបចំផែនការយុទ្ធសាស្ត្រ និងតម្រង់ទិសលើការអនុវត្តសកម្មភាពការងារក្នុងវិស័យសារព័ត៌មាន ក៏ដូចជាសម្រាប់ឆ្លើយតបទៅនឹងតម្រូវការក្នុងសមរភូមិសតិអារម្មណ៍ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ធានាសន្តិសុខព័ត៌មាន និងសុខដុមនីយកម្មសង្គម។ លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះមានតម្លៃខ្ពស់ផ្តល់ជាគ្រឹះសម្រាប់ប្រតិបត្តិករ និងអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មាននិង សោតទស្សន៍នៅកម្ពុជាយកទៅប្រើប្រាស់ផ្អែកតាមតម្រូវការជាក់ស្តែងក្នុងបេសកកម្មការងាររបស់ខ្លួន ហើយប្រែក្លាយ លទ្ធផលនៃការសិក្សានេះឱ្យទៅជាការអនុវត្តជាក់ស្តែងដើម្បីបន្តចូលរួមអភិវឌ្ឍវិស័យព័ត៌មានកម្ពុជាឱ្យកាន់តែមាន ភាពរីកចម្រើនលេចត្រដែតទាំងលើឆាកជាតិ និងអន្តរជាតិ។

ក្នុងបរិបទបច្ចេកវិទ្យាថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងព័ត៌មានក្នុងសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រង វិស័យព័ត៌មាននិងសោតទស្សន៍ មានជំហ និងឆន្ទៈមុះមុត ក្នុងការបន្តលើកកម្ពស់សេរីភាពសារព័ត៌មាន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការធានាលំហព័ត៌មានឌីជីថល ដែលមានសុវត្ថិភាពសម្រាប់ការពារប្រយោជន៍ ភាពសុខសាន្ត និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា៖ «ចំពោះមុខនឹងការវិវត្ត និងការប្រែប្រួលក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នេះវាទាមទារឱ្យតួអង្គពាក់ព័ន្ធទាំងអស់ចាំបាច់ត្រូវអភិវឌ្ឍខ្លួនឱ្យស្របនឹង និន្នាការវិវត្តបច្ចុប្បន្ន និងឱ្យស៊ីសង្វាក់គ្នាជាមួយដំណើរការនៃការអភិវឌ្ឍវិស័យព័ត៌មានកម្ពុជា។ កិច្ចការទាំងនេះមាន សារៈសំខាន់ណាស់ក្នុងការធានាគុណភាពព័ត៌មានប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយ ប្រកបដោយភាពប្រកួតប្រជែង គោរពក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ»

ទន្ទឹមនឹងដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្រសួងព័ត៌មាននឹងបន្តលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការអនុវត្តការងារ និងកិច្ចសហការជាមួយប្រតិបត្តិករ ដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់គុណភាពវិជ្ជាជីវៈសារព័ត៌មាន ប្រសិទ្ធភាព និងនិរន្តរភាពនៃប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការបន្តពង្រឹងការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈ ការគាំពារសង្គមនិងក្នុងផ្លូវច្បាប់ រៀបចំលិខិតបទដ្ឋានដើម្បីគាំទ្រការគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យកាន់តែប្រសើរ៕