(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​ជួប​សំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែល​កំពុង​​បម្រើការងារនៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ពិធី​សំណេះ​សំណាលនាព្រឹកថ្ងៃនេះធ្វើឡើងជាការអបអរសាទរខួប​អនុ​ស្សា​វរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។

ទិវាពលកម្ម​អន្តរ​ជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់​កម្មករ​​និយោ​ជិត​ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធឡើងជារៀង​រាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ ឆ្នាំនេះក៏ ដូចឆ្នាំ​មុនៗ​ដែរ គឺរាជរដ្ឋាភិបាលបានចេញសារាចរដើម្បីបំផុស​លើក​ទឹក​ចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត រោងចក្រ សហគ្រាសនានា ក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាព​ល​កម្មអន្ដរជាតិ ១ ឧសភា និងកម្មវិធីកម្សាន្តផ្សេងៗ ដើម្បីបង្កបរិយា​កាស​រីករាយ និងសាមគ្គីភាពរវាងកម្មករនិយោជិត និងនិយោជក​ក្រោម​ឈ្មោះ​សហគមន៍សុខសាន្ត។

ទិវាពលកម្មអន្តរជាតិឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ «រួមគ្នា​ដើម្បី​ការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាព​ធន់»។

ក្នុងសារលិខិតអបអរសាទរទិវាពលកម្មអន្តរជាតិ សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត បានគូសរំលេចថា ការជ្រើសរើសប្រធានបទនេះ ជា​ការ​បង្ហាញឱ្យឃើញកាន់តែច្បាស់នូវ​ការប្ដេជ្ញា​ចិត្ត និងការយកចិត្តទុក​ដាក់​ខ្ពស់​របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើក​កម្ពស់​​លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថ​ប្រយោជន៍​នៃរបបសន្តិសុខ​សង្គម អត្ថប្រយោជន៍នានារបស់​កម្មករ​និយោជិត និងពង្រឹងយន្តការ​ដោះស្រាយវិវាទការងារ ដែលធ្វើឱ្យទំនាក់​ទំនងវិជ្ជាជីវៈកាន់តែល្អ​ប្រ​សើរ​ឡើង ព្រមទាំងចូលរួមសម្រេចឱ្យបាន​នូវ​គោលដៅសូចនាករគន្លឹះ ដែលបានកំណត់ក្នុងកម្មវិធីនយោបាយ​របស់​រាជរដ្ឋាភិបាលនីតិ​កាល​ទី៧ នៃរដ្ឋសភា, យុទ្ធសាស្ត្របញ្ចកោណ ដំណាក់​កាលទី១ ដើម្បី​កំណើន​ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព និងក្របខ័ណ្ឌគោល​ដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ សំដៅ​កសាង​មូលដ្ឋានគ្រឹះប្រែក្លាយ​កម្ពុជាទៅជា​ប្រទេស​មានចំណូលខ្ពស់​នៅឆ្នាំ២០៥០ ព្រមទាំងអាចឆ្លើយតបបាន​ទៅ​នឹងភាពមិនប្រាកដ​ប្រជា​ជាសកល ដែលបណ្ដាលមកពីការប្រកួត​ប្រជែងភូមិសាស្ត្រ​នយោ​បាយ បម្រែបម្រួលអាកាសធាតុ ភាពតានតឹង​នៃស្ថានភាពនយោបាយ និងពាណិជ្ជកម្មអន្ដរជាតិផងដែរ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាច្រកនៃការធ្វើពាណិជ្ជកម្មអន្តរ​ជាតិ​ដ៏សំខាន់មួយរបស់កម្ពុជា។ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោ​ជិតដែលបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាប្រតិ​បត្តិ​ករដ៏សំខាន់លើការងារកំពង់ផែនេះ។ សម្តេចតេជោ ហ៊ុន សែន ពេល​នៅ​កាន់ការងារជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់បំផុត​លើ​សកម្ម​ភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រោះជាដង្ហើមសេដ្ឋ​កិច្ច និងការធ្វើពាណិជ្ជ​កម្មរបស់កម្ពុជា។

ផ្តើមចេញពីការយកចិត្តទុកដាក់នេះ សម្តេចតេជោ ហ៊ុន សែន បាន​សម្រេចជ្រើសរើសយកថ្ងៃទី១ ខែឧសភា ថ្ងៃទិវាពលកម្មអន្តរជាតិជាថ្ងៃ​សំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតនៅ​កំពង់​ផែ ដើម្បីជាការលើកទឹកចិត្តដល់កិច្ចប្រឹងប្រែងបំពេញការងារ​របស់​ពួកគេ។

ស្មារតីនៃការយកចិត្តទុកដាក់ដល់អ្នកបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុមិនត្រូវបានទម្លាក់ចោលនោះឡើយ បើទោះបីសម្តេច​តេ​ជោ ហ៊ុន សែន ដាក់ចុះការងារជានាយករដ្ឋមន្ត្រី ហើយក៏ត្រូវបាន​បន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ឆ្នាំ២០២៥នេះ ជាលើកទី២ហើយ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខណៈលើកទី១ធ្វើឡើងកាលពីឆ្នាំ២០២៤៕