(ភ្នំពេញ)៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនាយនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនលោកវរសេនីយ៍ទោ ហួរ ម៉េងហួន ពីអធិការរងនគរបាលខណ្ឌទួលគោក ទៅជាអធិការនគរបាលខណ្ឌចំការមន និងកិច្ចប្រជុំបូកសរុប សភាពការណ៍ លទ្ធផលប្រតិបត្តិការបង្ក្រាប ប្រចាំខែមេសា និងលើកទិសដៅការងារ សម្រាប់ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ពិធីនេះដែរ មានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុផែន លោក-លោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ លោក-លោកស្រីអធិការរងខណ្ឌ លោក-លោកនាយរងការិយាល័យ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ និងមន្រ្តីនគរបាលមួយចំនួនទៀតផងដែរ។
ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងចូលរួមអបអរសាទរចំពោះមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទើបទទួលបានតែងតាំមុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចចូលរួមការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ។
ទន្ទឹមនឹងនេះ លោកស្នងការ ក៏បានណែនាំដល់ការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបន្តខិតខំបំពេញភារកិច្ចឱ្យបានល្អប្រសើរថែមទៀត ជាពិសេសត្រូវបង្កើនការទប់ស្កាត់បញ្ហាក្មេងទំនើង ដែលបង្កអសន្តិសុខ ការទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀន ការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបន្តផ្សព្វផ្សាយការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ។
លើសពីនេះទៅទៀត លោកស្នងការ បានលើកទឹកចិត្តដល់ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បើបង្ក្រាបបទល្មើសឆក់ បាន០១ករណី នឹងទទួលបានឧបត្ថម្ភថវិកា២លានរៀល៕